• 2016-09-02 15:10:20
  • ប្រវត្តិ​​

កីឡា​ការិនី​រត់​ម៉ារ៉ាតុន​វ័យ​៤៤​ឆ្នាំ លី ណារី ​មាន​ប្រវត្តិ​ជូរចត់​យ៉ាងណា មុន​មាន​ថ្ងៃ​នេះ?

  • 2016-09-02 15:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​រត់​ម៉ារ៉ាតុន​កម្ពុជា​ លី ណារី​ បាន​ក្លាយ​ជា​អត្តពលិក​វ័យ​ចាស់​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​ប្រេស៊ីល​កន្លង​ទៅ ដែល​រត់​ក្នុង​វិញ្ញាសា​៤២​គីឡូម៉ែត្រ។

 

 

កីឡា​ការិនី​ដែល​កើត​នៅ​សម័យ​ខ្មែរ​ក្រហម​ខាង​លើ ​បាន​រំលឹក​ដល់​ប្រវត្តិ​របស់​ខ្លួន​ថា​ពិត​ជា​កម្សត់​ខ្លាំង​ណាស់​មុន​ពេល​មាន​ដល់​សព្វ​ថ្ងៃ​នេះ។ ឪពុក​ម្ដាយ​ស្លាប់​ចោល នា​សម័យ​ប៉ុលពត ​ត្រូវ​រស់​នៅ​ជំរំ​ភៀស​ខ្លួន​នា​ប្រទេស​វៀតណាម​តាំង​ពី​នៅ​តូច មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​បារាំង។ ទៅ​ដល់​បារាំង អ្នក​ស្រី​មាន​មាឌ​តូច​ជាង​គេ តែ​សំណាង​កាល​គ្រា​នោះ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​ចង់​បាន​ក្មេង​តួច​ជាង​គេ​បំផុត​ទៅ​ចិញ្ចឹម ទើប​អ្នក​ស្រី​ត្រូវ​បាន​គេ​ជ្រើស​យក។

 

ជីវិត​រស់​នៅ​ក្រោម​អាណាព្យាបាល​បរទេស ខណៈ​ដែល​ខ្លួន​មិន​ទាន់​ដឹង​អី​សោះ​នោះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ស្រី​ លី ណារី ​ជួប​ការ​លំបាក​ច្រើន។ យ៉ាងណាក្ដី ​ឈាម​ជ័រ​ជា​ដើម​កំណើត​អ្នក​សាង​អង្គរ ​បាន​ធ្វើ​ឱ្យ​កីឡា​ការិនី​រត់​ម៉ារ៉ាតុង​រូប​នេះ​ព្យាយាម​រៀន​សូត្រ​យក​ចំណេះ​ដើម្បី​មាន​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​បាន​មក​ប្រទេស​កម្ពុជា​វិញ​បាន។​

 

ដោយ​មាន​ការ​តាំង​ចិត្ត​ដូច្នេះ​ហើយ ទើប​បាន​ជា​អ្នក​ស្រី​ប្រឹងប្រែង​រៀន​សូត្រ​រហូត​បាន​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​​ជីវវិទ្យា ​ហើយ​បច្ចុប្បន្ន​នេះ​ធ្វើ​ការ​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល (USS) ​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ។

 

ដើម្បី​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​អំពី​ជីវិត​រ​បស់​អ្នក​ស្រី លី ណារី ​ក៏​ដូចជា​រឿង​កីឡា​របស់​អ្នក​ស្រី សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដែល​ជា​ការ​បកស្រាយ​របស់​ផ្ទាល់​តែ​ម្ដង៖

អត្ថបទ៖ មុន្នី រម្យ
មតិយោបល់
អត្ថបទថ្មី