• 2023-04-19 01:59:13
  • ប្រវត្តិ​​

ស៊ន សៀវម៉ី កីឡាការិនី​ឈ្នះ​មេដាយ​មាស​៣​​ជំនាន់​នៅ​ស៊ីហ្គេម

  • 2023-04-19 01:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី​ទើប​តែ​ប្រកាស​​នឹង​ចូលរួម​ប្រកួតប្រជែង​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​ដែល​គ្រោង​រៀបចំ​នៅ​ខែ​ឧសភា​ខាង​មុខ ហើយ​កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ។

នេះ​គឺ​ជា​ព័ត៌មាន​ដ៏​រំភើប​មួយ​សម្រាប់​​អ្នក​គាំទ្រ​កម្ពុជា ដោយ​សារ​តែ​​ស៊ន សៀវ​ម៉ី​គឺ​ជា​កីឡា​ការិនី​ដ៏​ឆ្នើម​​ជា​ក្ដី​រំពឹង​មេដាយ​មាស​សម្រាប់​កម្ពុជា។ មែនទែន​ទៅ​ក្នុង​អាជីព​ជា​កីឡា​ការិនី​តេក្វាន់ដូ សៀវ​ម៉ី​ធ្លាប់​​ឈ្នះ​មេដាយ​មាស​ដល់​ទៅ​៣​ជំនាន់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

ក្នុង​នោះ​​មេដាយ​មាស​លើក​​ដំបូង​របស់ ស៊ន សៀវម៉ី រក​បាន​​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ស៊ីហ្គេម​លើក​ទី​២៧​​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ បន្ទាប់​មក​ទៀត​​​ មេដាយ​មាស​ទី​២​រក​បាន​​នៅ​ស៊ីហ្គេម​លើក​ទី​២៩ ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ និង​ចុងក្រោយ​​​ទទួល​បាន​មេដាយ​មាស​ នៅ​ស៊ីហ្គេម​លើក​ទី​៣០ ​ក្នុង​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០១៩។

ប្អូន​ស្រី​បង្កើត​របស់​លោក​គ្រូ ស៊ន អេលីត​ក៏​ធ្លាប់​ឈ្នះ​មេដាយ​​សំរឹទ្ធ​១​គ្រឿង​ដែរ​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៦​ឆ្នាំ​២០១១​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ វីរ​កីឡា​ការិនី ស៊ន សៀវម៉ី​ក៏​បាន​តាំង​ចិត្ត​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​ទង់ជាតិ​កម្ពុជា​ឈរ​ខ្ពស់​នៅ​លើក​ឆាក​ប្រកួត​លើក​​ទី​៣២​នេះ។

ក្រៅ​ពី​ស៊ីហ្គេម​ ស៊ន សៀវម៉ី​ក៏​ធ្លាប់​សាង​ប្រវត្តិសាស្រ្ដ​​ដ៏​ធំ​ជូនជាតិ​ផង​ដែរ ដោយ​​យក​បាន​មេដាយ​​មាស​​​ជា​លើក​ដំបូង​ឲ្យ​កម្ពុជា​នៅ​កីឡា​ទ្វីប​អាស៊ី ឬ​ Asian Games កាល​ពី​ឆ្នាំ​២០១៤ ក្នុង​ទីក្រុង​ Incheon ប្រទេស​កូរ៉េខាងត្បូង៕ ​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់