- 2022-10-20 05:22:18
- បាល់ទះ
ញាក់សាច់! តារាងប្រកួតបាល់ទះ Slamball តាមខេត្ត ធ្វើតាមស្តង់ដារអន្តរជាតិតម្លៃក្បែរ២ម៉ឺនដុល្លារ
- 2022-10-20 05:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! តារាងប្រកួតបាល់ទះ Slamball តាមខេត្ត ធ្វើតាមស្តង់ដារអន្តរជាតិតម្លៃក្បែរ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Gamesលើកទី៣២នៅ ឆ្នាំ២០២៣។ វិញ្ញាសារកីឡាជាច្រើននឹងត្រូវបានដាក់បញ្ចូល ហើយក្នុងនោះក៏មានបាល់ទះក្នុងសាលផងដែរ ដូច្នេះហើយដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា ក្រុមហ៊ុនស្រាបៀរ Anchor បានបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4x4 (៤ស្មើ) ស្តង់ដារមួយមានឈ្មោះថា Slamball ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកទាំង៨ខេត្តក្រុង។
ក្រៅពីការរំពឹងថានឹងផ្ដល់ទស្សនីយភាពជក់ចិត្តដល់អ្នកស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជាហើយនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍និងកាន់តែពិសេស ដើម្បីផ្ដល់ភាពងាយស្រួលនិងផាសុកភាពដល់កីឡាករអំឡុងពេលប្រកួត ក្រុមហ៊ុនស្រាបៀរ Anchor បានបង្កើតតារាងបាល់ទះលក្ខណៈស្តង់ដារអន្តរជាតិដោយមានការចាក់បេតុង និងក្រាលប៉ុងគុណភាពល្អរចនាបទតែមួយយ៉ាងស្រស់ស្អាត សរុបចំនួន៨តារាងនៅក្នុងបណ្ដាខេត្តចំនួន៧និងក្រុង ជូនដល់ម្ចាស់តារាងនីមួយៗដោយឥតគិតថ្លៃ។
លោក ឈុន រត្ថា អ្នកគ្រប់គ្រងការរៀបចំតារាងបាល់ទះ បានឱ្យដឹងថា តារាងបាល់ទះនៅតាមខេត្តសរុបមានចំនួន៧ មានចាក់បេតុងរួចស្រេចចំនួន២ (ព្រៃវែង និងកំពត) គ្មានចាក់បេតុងចំនួន៥ និងភ្នំពេញ១កន្លែងមានចាក់បេតុងរួចជាស្រេច។ សម្រាប់តារាងបាល់ទះដែលគ្មានបេតុង ខាងក្រុមហ៊ុន Anchor បានចាក់បេតុង និងរៀបចំក្រាបប៉ុងជូន តាមបែបលក្ខណៈស្តង់ដារអន្តរជាតិ ប៉ុន្តែសម្រាប់តារាងបាល់ទះដែលមានបេតុងស្រាប់ ក្រុមហ៊ុនគ្រាន់តែរៀបប៉ុងជូនឱ្យដូចគ្នា ដោយការចំណាយទាំងអស់ជាបន្ទុករបស់ក្រុមហ៊ុន។
ហេតុអ្វីបានចាត់ទុកថានេះជាតារាងបាល់ទះស្តង់ដារ? ចាត់ទុកតារាងបាល់ទះស្តង់ដារ មកពីការការរៀបចំចាក់បេតុង ត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ មានការបង្ហាប់ដីឱ្យណែនល្អ ដាក់សាច់ដែក កញ្រ្ចែង និងមានសាច់បេតុងត្រូវគីប ការសី ការវាស់ទឹកជាច្រើនទៀត ដើម្បីធានាបាននូវគុណភាព មិនស្រុត និងមិនប្រេះ ប្រើប្រាស់បានយូរអង្វែង។ ក្រៅពីនេះមានការបំពាក់ប៉ុងគុណភាពស្តង់ដារអន្តរៈជាតិកុម្ម៉ង់ពីក្រៅស្រុក និងមានការតំឡើងដោយអ្នកជំនាញ។ នេះបើតាមការឱ្យដឹងពីលោក ឈុន រត្ថា។
លោកបានបង្ហើបទៀតថា ក្នុងតារាងបាល់ទះមួយ ក្រុមហ៊ុនចំណាយប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារតាមទំហំតារាង ហើយអ្វីដែលថ្លៃបំផុតនោះគឺកម្រាលប៉ុងនេះតែម្ដង ដោយក្នុងមួយតារាងត្រូវចាយខ្ទង់ជាង១ម៉ឺនដុល្លារ។ ប៉ុងដែលបំពាក់លើតារាងទាំង៨មានឈ្មោះថា Synhetic Pvc badmition court floor carpet mat មាន៦ស្រទាប់ កម្រាស់ 4.5 mm-8mm មិនជ្រាបទឹក មិនរអិល និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កីឡាករ។
គួរបញ្ជាក់ថា តារាងទាំង៨សុទ្ធតែមានដំបូល (ម្ចាស់តារាងធ្វើខ្លួនឯងជាស្រេច) ហើយក្រុមហ៊ុនស្រាបៀរ Anchor បានជ្រើសរើសយកតារាងនៅទីតាំងដូចខាងក្រោម៖ ១- នៅភ្នំពេញ៖ តារាងបាល់ទះ MG GYM (មានដំបូង និងបេតុង)
២- នៅខេត្តកណ្ដាល៖ តារាងបាល់ទះប្លប់ត្នោតជ្រៃលាស់ (មានដំបូង គ្មានបេតុង)
៣- នៅខេត្តព្រៃវែង៖ តារាងបាល់ទះ GS (មានដំបូង និងបេតុង)
៤- នៅខេត្តកំពង់ចាម៖ តារាងបាល់ទះ លាភ ហេងហេង (មានដំបូង គ្មានបេតុង )
៥- នៅខេត្តសៀមរាបតារាងបាល់ទះ ៧៧៧ (មានដំបូល គ្មានបេតុង)
៦- នៅខេត្តបាត់ដំបង៖ តារាងបាល់ទះពូថុល (មានដំបូល គ្មានបេតុង)
៧- នៅកំពង់ស្ពឺ៖ តារាងបាល់ទះឆាស្មី (មានដំបូង គ្មានបេតុង)
៨- នៅកំពត៖ តារាងបាល់ទះថ្នល់រទេះភ្លើង (មានដំបូង មានបេតុង)៕