- 2025-01-12 13:10:00
- បាល់ទាត់
ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨,១០០០ ដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យកុមារអង្គរ
- 2025-01-12 13:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨,១០០០ ដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យកុមារអង្គរ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ (CIMB Unity Run for Charity) ដោយប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨,១០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ ក្រោមការអញ្ជើញចូលរួមជាអធិបតី ដោយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB និងថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត។ កម្មវិធីរត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើង នៅក្នុងបុរីប៉េង ហួត បឹងស្នោ ដោយមានអ្នកចុះឈ្មោះចូលរួមរត់ជិត ១,៦០០ នាក់ លើ ប្រភេទចម្ងាយផ្សេងគ្នា រួមមានចម្ងាយ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ១៥គីឡូម៉ែត្រ។
ដើម្បីធានាថា ប្រាក់បរិច្ចាគទាំងអស់ត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ធនាគារ CIMB បានរ៉ាប់រងការចំណាយទាំងស្រុង លើការរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ ឲ្យប្រព្រឹត្តទៅបានរលូន និងបញ្ចប់ទៅដោយជោគជ័យ ហើយព្រមទាំងផ្តល់ថវិកាបរិច្ចាគមួយភាគធំចំនួន ១៥០លានរៀល (ប្រហែល ៣៧៥០០ ដុល្លារអាមេរិក) ទៀតផង។ មិនតែប៉ុណ្ណោះ ធនាគារក៏បានផ្សព្វផ្សាយ និងកៀងគរថវិកាបរិច្ចាគបន្ថែមមួយចំនួនទៀត ពីក្រុមហ៊ុនដៃគូចំនួន ១៣ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនឧបត្ថម្ភ កម្រិតមាស មានចំនួន ៣ក្រុមហ៊ុន ដែលបានបរិច្ចាគថវិកាសរុបចំនួន ៥,០០០ ដុល្លារអាមេរិក និងក្រុមហ៊ុនឧបត្ថម្ភ កម្រិតប្រាក់ មានចំនួន ១៣ក្រុមហ៊ុន ដែលបានបរិច្ចាគថវិកាសរុបចំនួន ១១,៥០០ដុល្លារអាមេរិក។ ក្រៅពីនេះ ប្រាក់បរិច្ចាគមួយផ្នែកទៀត គឺបានមកពីការលក់សំបុត្រ ដល់សាធារណៈជន ដែលបានចុះឈ្មោះចូលរួមរត់សរុបចំនួន ៧១៨នាក់ ដែលបានបរិច្ចាគថវិកាសរុបចំនួនជាង ៧,៤០០ដុល្លារអាមេរិក និងសប្បុរសជនចំនួន ២០នាក់ ដែលបានបរិច្ចាគទឹកប្រាក់សរុបចំនួនជាង ៣,៥០០ដុល្លារអាមេរិក និងបានមកពីបុគ្គលិកធនាគារ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេចំនួន ៦៣៤នាក់ ដែលបានបរិច្ចាគថវិកាសរុបចំនួនជាង ១៦,៦០០ដុល្លារអាមេរិក។ ជាលទ្ធផល ថវិកាបរិច្ចាគសរុប ដែលព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ ប្រមូលបាន មានចំនួនសរុបរហូតដល់ជាង ៨១,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ។ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ ក្នុងកម្មវិធីនេះថា៖ «កម្មវិធីនេះ ប្រព្រឹត្តឡើងជាលើកដំបូង ដើម្បីអបអរសាទរនូវខួបលើកទី១៥ របស់ធនាគារ CIMB ក៍ដូចជាឱកាសមួយដ៏ល្អប្រសើរ សម្រាប់ការរត់ក្នុងសាមគ្គីភាព ជាមួយនឹងមិត្តភក្ដិក្រុមការងារ ក្រុមគ្រួសារ និងម្ចាស់ឧបត្ថម្ភដ៏សប្បុរសរបស់យើង ដើម្បីមន្ទីរពេទ្យកុមារអង្គរ។ ខ្ញុំសូម ថ្លែងអំណរគុណ និងផ្តល់នូវការកោតសរសើរ យ៉ាង ស្មោះអស់ ពីចិត្តចំពោះក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា ដើម្បីចូលរួមរត់នាព្រឹកនេះ នៅក្នុងស្មារតីសាមគ្គីភាព និងប្រកបទៅដោយ ទឹកចិត្តដ៏មានតម្លៃ នៅក្នុងការផ្តល់ត្រឡប់ ទៅសង្គមវិញ ជាមួយ នឹងធនាគារ CIMB របស់យើងខ្ញុំ។ ទន្ទឹម នឹងនេះខ្ញុំក៏មានក្តីសោមនស្សរីករាយផងដែរ ដោយបានកត់សម្គាល់ ពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បុគ្គលិកធនាគារផ្ទាល់ ព្រមទាំងក្រុមគ្រួសារ។ ថ្ងៃនេះយើងទាំងអស់គ្នា មិនត្រឹមតែជួបជុំគ្នាដើម្បីការរត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះ គឺយើងរត់ ដើម្បីសុខភាព និងដើម្បីគាំទ្រទៅលើប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីអ្នកចូលរួមទាំងអស់»។
ថ្លែងក្នុងពិធីនេះ លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរ អ្នកជំងឺកុមារកម្ពុជាទាំងអស់ ដែលទទួលការព្យាបាល ក្នុងមន្ទីរពេទ្យ ពិតជាមានសេចក្តីរីករាយចូលរួមថ្ងៃនេះ ហើយក៏សប្បាយរីករាយ ដែលមានការចូលរួមបរិច្ចាគ ចូលដល់មន្ទីរពេទ្យកុមារអង្គរ ដូចដែលលោកប្រធាននាយកប្រតិបត្តិធនាគារ CIMB បានប្រកាស គឺកម្មវិធីថ្ងៃនេះ គឺជាកម្មវិធីមួយដ៏អស្ចារ្យ ដែលមានការចូលរួមដ៏ច្រើន និងប្រមូលបានថវិកាដ៏ច្រើន ប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក។ នេះគឺជាចំនួនដ៏ច្រើន សម្រាប់ការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងចំនួនថវិកាជាង៨ម៉ឺនដុល្លារអាមេរិកនេះ គឺយើងបានជួយដល់កុមារប្រមាណ២ពាន់នាក់ នឹងបានជួយសង្គ្រោះ ក្នុងឆ្នាំ២០២៥នេះ គឺពិតជាមោទនភាពមែនទែន ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង។ សូមអរគុណ ហើយអរគុណមែនទែន សម្រាប់ការចូលរួមរបស់បងប្អូន របស់ក្រុមហ៊ុនឧបត្ថម្ភ និងធនាគារ CIMB ដើម្បីកុមារកម្ពុជា មានសុខភាពល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ»។ ជាមួយគ្នានេះឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB នាពេលនេះ ស្របពេលដែលធនាគារអបអរសាទរខួប១៥ឆ្នាំ នៃដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ គឺគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ ជាច្រើនឆ្នាំកន្លងមក ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តខ្ពស់របស់ធនាគារ CIMB ក្នុងការជួយត្រឡប់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម គឺប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ សូមអបអរសាទរដល់ធនាគារ CIMB ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដោយបានរួមចំណែកជួយគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ នាពេលនេះ»។
ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ ដែលរៀបចំ និងដឹកនាំដោយធនាគារ CIMB នេះ បានធានានូវថវិកាបរិច្ចាគទាំងស្រុង ពីភាគីនានា គឺបានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយមានការប្រកាសយ៉ាងឱឡារិក ក្នុងពេលប្រារឰកម្មវិធីប្រគល់ប្រាក់បរិច្ចាគនោះ។ ក្នុងនោះក្រុមហ៊ុនឧបត្ថម្ភទាំង១៣ ដែលបានចូលរួមបរិច្ចាគថវិកា ដល់មន្ទីរពេទ្យកុមារអង្គរដែរនោះ គឺរួមមានក្រុមហ៊ុនឧបត្ថម្ភ កម្រិតមាស ទាំង៣ ដូចជា -ក្រុមហ៊ុន តេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន -ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ -ក្រុមហ៊ុន ខូហ្វី ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ កម្រិតប្រាក់ ទាំង១៣ទៀត ដូចជា -ក្រុមហ៊ុន យី ចរិយា ផ្គត់ផ្គង់គ្រឿងសំណង់ -បុរី អិល វីឡា -មន្ទីរព្យាបាលធ្មេញបស្ចិម - ក្រុមហ៊ុន ខ្មែររ៉ក -ក្រុមហ៊ុន ឡាក់គី ស៊ីប អ៊ីមផត អិចផត -មន្ទីរពេទ្យអន្តរជាតិ អរៀនដា -ក្រុមហ៊ុន មយូរា ថេកណឡជី ឯ.ក -ក្រុមហ៊ុន ដូមីណូភីហ្សា -វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធី -សាលាអន្តរជាតិ ប៊ើខឹលី -ផ្សារទំនើប អ៊ិចឆេងស្វ៊ែ -ក្រុមហ៊ុនទឹករ៉ែធម្មជាតិ កាយា និងក្រុមហ៊ុន KIA Cambodia។ ក្នុងរយៈពេល១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ជាង ៦៣០,០០០ ដុល្លារអាមេរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ ក្នុងចំណោមនោះ កម្មវិធីសប្បុរសធម៌គោលធំៗមួយចំនួនរបស់ធនាគារ CIMB មានដូចជាអាហារូបករណ៍អាស៊ាន ចាប់តាំងពីឆ្នាំ ២០១៦ និងការបង្កើតគម្រោងឧទ្យានអង្គរ-ស៊ីអាយអ៊ិមប៊ី នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះជាដើម។ ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ គឺជាលើកទី១ហើយ ដែលធនាគារ CIMB បានរៀបចំកម្មវិធីកីឡារត់ សម្រាប់គោលបំណងសប្បុរសធម៌ ជាមួយនឹងកញ្ចប់ថវិកាបរិច្ចាគរួម ក្នុងចំនួនច្រើនគួរឲ្យកត់សម្គាល់ រហូតដល់ជាង៨១,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ។ ធនាគារ CIMB នឹងបន្តកិច្ចការងារជួយត្រឡប់ ដល់សង្គមជាច្រើន នាពេលខាងមុខនេះ។ អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូន សេវាកម្ម ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម គ្រប់គ្រង ទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងកូឡាឡាំពួរ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន នៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ។ ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ ទៅលើផ្សារភាគហ៊ុន របស់ ក្រុមហ៊ុនជាង ៦០០ ក្រុមហ៊ុន នៅក្នុងតំបន់។
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។ ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ស្រេង ភារុណ ប្រធាន ទីផ្សារ និងទំនាក់ទំនង ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥ ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩ អ៊ីមែល៖ phearun.sreng@cimb.com.kh