• 2024-09-09 06:35:00
  • បាល់ទះ

កម្ពុជានឹងរៀបចំ SEA V League បើមានការគាំទ្រច្រើន​ពីក្រុមហ៊ុនឯកជននិងអ្នកគាំទ្រ

  • 2024-09-09 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ SEA V League យ៉ាងហោចណាស់មួយជើង បើសិនសហព័ន្ធទទួលបានការគាំទ្រខ្លាំងពីក្រុមហ៊ុនឯកជននិងអ្នកគាំទ្រ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ប្រគល់ពាន​ SEA V League Challenge ដល់ក្រុមកម្ពុជា

អគ្គលេខាធិការឆ្នើមរូបនេះ បានឲ្យដឹងក្រោយចប់ការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី SEA V League Challenge ឆ្នាំ២០២៤ នៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិថា ៖"ខ្ញុំរំពឹងគិតថាយើងនឹងអាចស្នើសុំធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារកម្រិតនៃការធ្វើ SEA V League គឺត្រូវការធនធានថវិកាច្រើនណាស់ អ៊ីចឹងបើសិនជាវិស័យឯកជន ងាកមកគាំទ្រទៅលើវិស័យបាល់ទះកាន់តែធំធេង ខ្ញុំជឿជាក់ថាខ្ញុំនឹងមានលទ្ធភាពយក SEA V League មកដាក់នៅស្រុកខ្មែរ អាចមួយជើង ជើងទីមួយឬក៏ជើងទីពីរ អាស្រ័យលើការចរចាជាមួយបណ្ដាប្រទេសដែលស្ថិតក្នុងសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ អ៊ីចឹងខ្ញុំជឿជាក់ថាបើសិនមានអ្នកគាំទ្រសំណូមពរ បើសិនជាក្រុមហ៊ុនឯកជនចូលរួមជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំនឹងនាំពានមួយនេះមកស្រុកខ្មែរឲ្យទាល់តែបាន"។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានឆ្លើយ​ទៅ​អ្នក​សារព័ត៌មាន​ថា ការរៀបចំព្រឹត្តិការណ៍បាល់ទះធំៗដូច្នេះ សហព័ន្ធត្រូវការចំណាយថវិកា និងធនធានមនុស្សច្រើន ប៉ុន្តែអ្វីដែលកម្ពុជាទទួលបានមកវិញគឺទីមួយការអភិវឌ្ឍកីឡាករ ទីពីរការផ្សព្វផ្សាយវប្បធម៌ និងទីបីការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទៅ០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពានដណ្ដើមប្រាក់​រង្វាន់សម្ដេចមហាបវរធិបតី SEA V League Challenge ដោយលទ្ធផលកម្ពុជាជាជើងឯកមានកៅអីទៅលេងនៅពានធំ SEA V League នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០២៥មាន ៣ប្រទេសកំពុងរងចាំដូចជា ម្ចាស់មេដាយមាសទាំងពីរជើងថៃ មេដាយប្រាក់ទាំងពីរជើងឥណ្ឌូណេស៊ី និងចំណាត់ថ្នាក់លេខ៣ហ្វីលីពីន ខណៈវៀតណាមត្រូវកាត់ចេញទៅលេងនៅ SEA V League Challenge វិញ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី