• 2024-08-31 04:25:00
  • បាល់ទះ

ចាញ់សិតទី១ គួន ម៉ុម ទម្លាយថាជម្រើសជាតិ​ម៉ាឡេស៊ីចាប់បាន​ចំណុចខ្សោយកម្ពុជា!

  • 2024-08-31 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ​ឆ្នើម គួន ម៉ុម បានទម្លាយឲ្យដឹងក្រោយចប់ការប្រកួតក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ពានសម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ​២០២៤នាយប់មិញ​ថា ការចាញ់របស់ក្រុមកម្ពុជានៅសិតទី១ គឺ​ដោយសារតែ​ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ីចាប់បានចំណុចខ្សោយម្ចាស់មេដាយប្រាក់ SEA Games លើក៣២កម្ពុជា។

ចំណុចខ្សោយដែលស្មាត់ស្ដាំ (Outside Hitter) គួន ម៉ុម ទម្លាយនោះគឺក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជាចាប់សេវាលោតស្ទើរប្រអប់របស់កីឡាករម៉ាឡេស៊ីមិនបានល្អ ពោលគឺចាប់មិនឡើងនិងចាប់ខូចច្រើន ជាពិសេសស្មាត់ធំមកពីក្លឹបតៃវ៉ាន់ Win Streak វឿន វាសនា។

កីឡាករកម្ពស់ ១,៩៨ម៉ែត្រវ័យ ២៦ឆ្នាំ បានពន្យល់បន្ថែមថា ៖"សិតទី១យើងលេងអត់សូវល្អទម្រង់លេង ដោយសារគេចាប់ចំណុចខ្សោយរបស់យើងបានទៅលើ វឿន វាសនា គាត់ស្ទើរចាប់សឺវីសថៃ (សេវាលោតស្ទើរប្រអប់) ដោយសារគេដឹងពីគាត់លេងនៅតៃវ៉ាន់ ចឹងគេចាក់គាត់សុទ្ធតែម្ដង ដល់សិតទី២ពួកខ្ញុំបំបែករបៀបលេង ក៏វាដើរតាមប្រព័ន្ធដែលយើងហាត់មកវិញ តែបើយើងចាប់រនាំងម៉ាឡេជាប់គឺយើងឈ្នះអូតូតែម្ដង ហើយយើងធ្វើបានមែន"។

គួន ម៉ុម (ឆ្វេង) និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ

ត្រង់ចំណុចចាប់រនាំងនេះដែរ គួន ម៉ុម និងក្រុមជម្រើសជាតិទាំងមូលយល់ច្បាស់ពីកីឡាករឆ្នើម២រូបរបស់ម៉ាឡេស៊ីគឺស្មាត់ស្ដាំលេខ១៧ Fahmi និងស្មាត់ឆ្វេងលេខ១២ J Q SIM។ ពួកគេទាំងពីរនេះម៉ាត់ផ្ដាច់រកពិន្ទុបានច្រើន ធ្វើឱ្យ​កម្ពុជាពិបាក​ដេញ​ចាប់​បាំងនៅសិតទី១។ ដូច្នេះក្រោយ​ដឹង​គន្លឹះកម្ពុជាមិនបណ្ដោយឲ្យពួកគេធ្វើព្យុះភ្លៀងបានទៀតទេ។ ចូលដល់សិតទី២ ទី៣ និងទី៤ កូនក្រុមរបស់លោកគ្រូបង្គោលជនជាតិចិន Li Jun បានធ្វើតាមផែនការដែលគ្រោងទុក និងបានយកឈ្នះម៉ាឡេស៊ីនៅ៣សិតចុងក្រោយ។

នៅសិតទី១ ក្រុមជម្រើសជាតិបាល់ទះកម្ពុជាបានចាញ់ក្រោមថ្វីដៃម៉ាឡេស៊ី ១៧-២៥ សិតទី២កម្ពុជាឈ្នះ ២៥-១៨ សិតទី៣កម្ពុជាឈ្នះ ២៥-២១ និងសិតទី៤កម្ពុជាឈ្នះ ២៥-២១។

គួរបញ្ចាក់ថា ឆ្លងកាត់១ប្រកួតនេះកម្ពុជាឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាងសន្សំពិន្ទុ ខណៈលេខ១បានលើសិង្ហបុរីហើយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមបាល់ទះជម្រើសជាតិឡាវ នៅម៉ោង៦ និង៣០នាទីល្ងាច ខណៈម៉ាឡេស៊ីជួបសិង្ហបុរីនៅម៉ោង៤រសៀលនៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី