• 2024-10-22 08:59:51
  • បាល់ទះ

សហព័ន្ធ​បាល់ទះ​ រួម​និង​ដៃគូ​ឧបត្ថម្ភ​ ធ្វើ​ពិធី​លា​គ្នា​ជា​មួយ​កីឡាករ សួន​ ចាន់ណារ៉ូ​ និង​សង្ឃឹម​ថា​រូប​គេ​ធ្វើ​រឿង​នេះ​ក្រោយ​ចូលនិវត្តន៍​

  • 2024-10-22 08:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី២១​ ខែ​តុលា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា​ រួម​និង​ក្រុមហ៊ុន​ Khmer Beverages​ បាន​ធ្វើ​ពិធី​លា​គ្នា​ជា​មួយ​កីឡាករ​បាល់ទះ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ ដែល​បាន​ចូល​និវត្តន៍​ចាប់​ពី​ពេល​នេះ​តទៅ។​

ទិដ្ឋភាពម្សិលមិញ

លោក​បណ្ឌិត​ អាំង​ សិរីពិសិដ្ឋ​ តំណាង​សហព័ន្ធ​បាល់ទះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ និង​សមិទ្ធផល​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​សុទ្ធសឹងតែ​មាន​ការ​រួមចំណែក​ធំ​ពី​សំណាក់​កីឡាករ​ឆ្នើម​ សួន​ ចាន់ណារ៉ូ។​ សួន​ ចាន់ណារ៉ូ​ មិន​ត្រឹម​ជា​កីឡាករ​នោះ​ទេ​ ជា​រៀមច្បង​ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ផង​ដែរ​ រាល់​ការ​ប្រកួត​មិន​ថា​តូច​ធំ​រូប​គេ​តែងតែ​បង្ហាញ​ពី​ការ​តស៊ូ​មោះមុត​ រួម​ទាំង​ជួយ​ពង្រឹង​ស្មារតី​បច្ចេកទេស​ដល់​មិត្ត​រួម​ក្រុម​ដើម្បី​ដណ្ដើម​ជ័យជម្នះ​ពី​គូប្រកួត​មក​វិញ។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​លោក​ឧកញ៉ា​ លាង​ ម៉េង​ ក៏​បង្ហាញ​នូវ​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ចាក់ចេញ​របស់​តារាឆ្នើម​របស់​សហព័ន្ធ​កីឡា​បាល់ទះ​ខាង​លើ​នេះ​ផង​ដែរ។​ ប៉ុន្តែ​អ្វី​ៗ​រួម​ទាំង​ពេលវេលា​ អាយុ រាងកាយ​ ក៏​ដូច​គ្នា​ផង​ដែរ​វិវឌ្ឍន៍​ទៅ​មុខ​ជា​និច្ច​ដូច​ជា​វ័យ​របស់​ ចាន់ណារ៉ូ​ នៅ​ពេល​នេះ​ដែល​ត្រូវ​ចាក់ចេញ​ពី​បាល់ទះ​នេះ។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​សហព័ន្ធ​បាល់ទះ​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​សង្ឃឹម​ថា​ សួន​ ចាន់ណារ៉ូ​ នឹង​មិន​ចាក់​ឆ្ងាយ​ពី​វិស័យ​បាល់ទះ​ឡើយ​ ពោល​គួរ​ជួយ​បង្ហាត់​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ឲ្យ​មាន​សមត្ថភាព​ល្អ​ និង​ពូកែ​ដូច​ជា​រូប​គេ​ផង​ដែរ។​ មួយ​វិញ​ទៀត​បើ​អាច​សូម​ឲ្យ​ងាក​មក​ជួយ​ការងារ​ផ្សេងៗ​របស់​សហព័ន្ធ​ពាក់ព័ន្ធ​បច្ចេកទេស​ហ្វឹកហាត់​ និង​ការ​ប្រកួត​ផ្សេងៗ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សួន​ ចាន់ណារ៉ូ​ ដែល​ជា​អ្នក​លើក​បាល់​ដៃទី១​ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកាស​ចូលនិវត្តន៍​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ក្រោយ​ចំណាយ​ពេលអស់​ ១៥​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​អាជីព។​ ម្សិលមិញ​នេះ​សហព័ន្ធ​បាល់ទះ​ និង​ក្រុមហ៊ុន​ Khmer Beverages​ រួម​ទាំង​គ្រូ​ជម្រើស​ជាតិ​ កីឡាករ​ផង​នោះ​បាន​ធ្វើ​ពិធី​លា​គ្នា​ជា​មួយ​រូប​គេ​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ ២៧១​ និង​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី