• 2023-03-10 02:47:20
  • ប្រវត្តិ​​

នេះ​ហើយ​ជា​បុរស​ដណ្ដើម​បាន​មេដាយ​មាស​​ដំបូង​ឲ្យ​កម្ពុជា​នៅ​ស៊ីហ្គេម

  • 2023-03-10 02:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយូជិន​ហុង​គឺ​ជា​​អត្តពលិក​​ដំបូង​គេ​បង្អស់​​ដែល​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​​ឲ្យ​កម្ពុជា តាម​រយៈ​វិញ្ញាសា​​ប្រដាល់​​សកល​​​កាល​ពី​ឆ្នាំ​១៩៦១។

ឆ្នាំ​១៩៦១ ព្រឹត្តិការណ៍​ស៊ីហ្គេម​​បាន​រៀបចំ​នៅ​ទីក្រុង​យ៉ាំងហ្គោន់​ ប្រទេស​ភូមា។ នា​ឆ្នាំ​នោះ ស៊ីហ្គេម​មាន​តែ​ប្រទេស​ចំនួន​៧​ប៉ុណ្ណោះ​ចូលរួម​ប្រកួត​ប្រជែង មាន​ដូច​ជា ភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ​និង​វៀតណាម លើ​១៣​ប្រភេទ​កីឡា។

កម្ពុជា​នៅ​ពេល​នោះ​ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង ប្រាក់​៦​គ្រឿង​និង​សំរឹទ្ធ​៤​គ្រឿង សរុប​ទាំង​អស់​១១​​គ្រឿង ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ចំណាត់​ថ្នាក់​មេដាយ។ ម្ចាស់​ផ្ទះ​ភូមា​ឈរ​​លើ​កំពូល​តារាង​ឈ្នះ​មេដាយ​សរុប​១០៤​គ្រឿង ក្នុង​នោះ​​​​មាន​មាស​៣៥​គ្រឿង។

យោង​តាម​វិបសាយ​សហព័ន្ធ​ប្រដាល់​សកល​អាស៊ី ASBC ឲ្យ​ដឹង​ថា មេដាយ​មាស​​មួយ​គ្រឿង​របស់​កម្ពុជា​​ក្នុង​ឆ្នាំ​១៩៦១ រក​បាន​ដោយ​លោក យូ ជិន​ហុង ​ក្នុង​វិញ្ញាសា​ប្រដាល់​សកល។ ហើយ​លោក​បាន​ក្លាយ​ជា​អត្តពលិក​ដំបូង​គេ​បង្អស់​​ដែល​យក​បាន​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជូន​កម្ពុជា។

លោកយូជិន​ហុង​ (ខាងឆ្វេង)

ក្រៅ​ពី​ស៊ីហ្គេម នៅ​ឆ្នាំ​១៩៦២ លោក​​ យូ ជិន​ហុង​បាន​បន្ត​ក្លាយ​​ជា​អត្តពលិក​កម្ពុជា​ទី​១ ឈ្នះ​មេដាយ​នៅ​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី ឬ​ដែល​គេ​ស្គាល់​ថា Asian Games។ នៅ​ឆ្នាំ​នោះ​ លោក​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​​មួយ​គ្រឿង​ជូន​កម្ពុជា លើ​វិញ្ញាសា​ប្រដាល់​សកល​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ​​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់