• 2023-03-13 03:48:08
  • ប្រវត្តិ​​

យ៉េន ឌីណា ជា​កីឡាករ​គុន​ខ្មែរ​ទី​២​ដណ្ដើម​បាន​មេដាយ​មាស​នៅ​ស៊ីហ្គេម

  • 2023-03-13 03:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១​ឆ្នាំ២០២១​ ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​មួយ​គ្រឿង​​ក្នុង​ប្រភេទ​កីឡា​ប្រដាល់​សេរី ធ្វើ​បាន​ដោយ​កីឡាករ​ប៉ោង ភារិទ្ធ ដែល​គ្រប់​គ្នា​ស្គាល​់ថា​ជា យ៉េន ឌីណា។

​យ៉េន ឌីណា ពេល​នោះ​បាន​តំណាង​ឲ្យ​កម្ពុជា​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម។ ប្រកួត​ទី​មួយ​របស់​គេ​បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន មុន​ពេល​ទៅ​ឈ្នះ​​កីឡាករ​ថៃ Norapat Khundam នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រោយ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា ឌីណា​ត្រូវ​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​​មេដាយ​មាស​ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម Truong Cao Minh Phat ដែល​បាន​យក​ឈ្នះ​កីឡាករ​ឡាវ Noy Huksamueang ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ជា​ការ​ប្រកួត​ក៏​ស្វិតស្វាញ ក្រោម​ក្រសែត​ភ្នែក​​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​រាប់​ពាន់​នាក់ យ៉េន ឌីណា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ខកចិត្ត​ឡើយ ដោយ​បាន​យក​ឈ្នះ​កីឡាករ​​ម្ចាស់​ផ្ទះ​វៀតណាម​ដោយ​ពិន្ទុ​ ដណ្ដើម​បាន​មេដាយ​មាស។ វា​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​គុនខ្មែរ​ទី​២ បន្ទាប់​ពី​ឃីម ឌីម៉ា​​រក​បាន​មេដាយ​មាស​​ក្នុង​ប្រភេទ​កីឡាករ​ប្រដាល់​សេរី​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

ក្នុង​ព្រឹត្តិការណ៍​ជាមួយ​ឌីណា​នេះ​ដែរ​ កីឡាករ​កម្ពុជា​២​រូប​ផ្សេង​ទៀត​គឺ​ ឃីម បូរ៉ា និង​ព្រំ សំណាង​​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​ម្នាក់​មួយ​គ្រឿង​ទៀត​ជូន​កម្ពុជា៕

​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់