• 2023-02-27 04:23:05
  • ប្រវត្តិ​​

២០១៩​ ជា​ឆ្នាំ​​​ក្រុម​បាល់ទាត់​កម្ពុជា​ធ្វើ​បាន​ល្អ​​បំផុត​នៅ​ស៊ីហ្គេម

  • 2023-02-27 04:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​​ ជា​ពេលវេលា​ក្រុម​ជម្រើសជាតិ​បាល់ទាត់​ផ្នែក​បុរស​របស់​កម្ពុជា​​ធ្វើ​បាន​លទ្ធផល​ល្អ​បំផុត ពោល​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៤។

អំឡុង​ការ​ប្រកួត​នា​ឆ្នាំ​នោះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ស្ថិត​នៅ​ពូល A ជាមួយ​ជម្រើសជាតិ​មីយ៉ាន់ម៉ា​ ហ្វីលីពីន ម៉ាឡេស៊ី និង​ទីម័រ។ បើក​ឆាក​ប្រកួត​ដំបូង​កម្ពុជា​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​​ហ្វីលីពីន ១-១ មុន​ពេល​ទៅ​ឈ្នះ​ទីម័រ ៥-០។ ប៉ុន្តែ​កម្ពុជា​បាន​​លេង​​ចាញ់​ប្រកួត​ទី​៣ ក្រោម​ថ្វី​ជើង​របស់​​មីយ៉ាន់ម៉ា លទ្ធផល ២-១ ខណៈ​ស្រោចស្រង់​ជ័យជម្នះ​បាន​វិញ​នៅ​ប្រកួត​ទី​៤ ដោយ​យក​ឈ្នះ​ម៉ាឡេស៊ី ៣-១។

៣​គ្រាប់​របស់​កម្ពុជា​យក​ឈ្នះ​លើ​ម៉ាឡេស៊ី​ធ្វើ​បាន​ដោយ​ អ៊ិន សូដាវីដ សៀង ចន្ធា និង​កែវ សុខផេង។

ឆ្លង​កាត់​៤​ប្រកួត​នេះ កម្ពុជា​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ A ឈរ​ក្រោម​មីយ៉ាន់ម៉ា មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ឬ​គេ​ហៅ​ថា​វគ្គ​ចាញ់​ធ្លាក់​នោះ កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​​ដែល​ជា​ម្ចាស់​មេដាយ​​ច្រើន​សម័យ។

មិន​មែន​ជា​រឿង​​ងាយ​ស្រួល​ឡើង ពេល​ប៉ះ​វៀតណាម ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បរាជ័យ​ដល់​ទៅ ៤-០ ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ កម្ពុជា​មិន​ទាន់​អស់​ឱកាស​​នៅ​ឡើយ​ទេ ត្រូវ​លេង​ដណ្ដើម​យក​មេដាយ​សំរឹទ្ធិ​ជាមួយ​មីយ៉ាន់ម៉ា ដែល​ប្រកួត​ចាញ់​ឥណ្ឌូណេស៊ី​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

ក្នុង​វគ្គ​ប្រជែង​យក​មេដាយ​សំរឹទ្ធិ​ កម្ពុជា​និង​មីយ៉ាន់ម៉ា​ បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​​ប្រកួត​ពេញ​ម៉ោង​ស្មើ​គ្នា ២-២។ បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ មីយ៉ាន់ម៉ា​​​បាន​យក​ឈ្នះ​កម្ពុជា ៥ ទល់​នឹង​៤ យក​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​កម្មវិធី ខណៈ​វៀតណាម​​ជាម្ចាស់​មេដាយ​មាស បន្ទាប​ពី​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី ៣-០៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី