- 2021-03-22 09:54:24
- កីឡាផ្សេងៗ
ស្ទើរទទួលយកមិនបានអ្នកក្នុងចង្កោមកីឡាសោកស្ដាយខ្លាំងពីមរណៈភាពលោកគ្រូ ស្ដើង ជា
- 2021-03-22 09:54:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរទទួលយកមិនបានអ្នកក្នុងចង្កោមកីឡាសោកស្ដាយខ្លាំងពីមរណៈភាពលោកគ្រូ ស្ដើង ជា
ចន្លោះមិនឃើញ
ពិធីការិនីកីឡាល្បីឈ្មោះលោក ស្រី ប្រាក់ សម្ផស្ស និងអតីតម្ចាស់មេដាយមាស ស៊ីហ្គេម ខាងផ្នែកចំបាប់ ចូវ សុធារ៉ា បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់លោកគ្រូ ស្ដើង ជា ដែលជាធនធានសំខាន់ក្នុងវិស័យកីឡាកន្លងមក។
នាព្រឹកមិញនេះលោកស្រី ប្រាក់ សម្ផស្ស ពិធីការិនីល្បីឈ្មោះក្នុងវិស័យកីឡាមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទងទៅ និងដំណឹងមរណភាពរបស់លោកគ្រូ ស្ដើង ជា នេះណាស់។ លោកស្រីមានការសោកស្ដាយជាខ្លាំង និងរំលឹកដល់កិច្ចការជាច្រើនដែលលោកគ្រូ ស្ដើង ជា បានជួយដល់វិស័យកីឡាដូចជាបង្រៀនក្នុងវគ្គសំខាន់ៗដែលរៀបចំពីក្រសួងអប់រំ ឬគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដល់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹកជាដើម។
ចំណែកលោកស្រី ចូវ សុធារ៉ា អតីតម្ចាស់មេដាយមាស ស៊ីហ្គេម និងជាគ្រូផ្នែកចំបាប់បានឲ្យដឹងដែរថា បន្ទាប់ពីទទួលដំណឹងនេះមកគឺមានការសោកស្ដាយ និងស្ទើរមិនជឿថាមរណភាពនេះជាលោកគ្រូ ស្ដើង ជា ព្រោះវាលឿនពេកទើបឃើញលោកកន្លងទៅសោះ។ នេះជាការបាត់ដំបងធនធានសំខាន់មួយក្នុងវិស័យកីឡា។ បើនិយាយពីអនុស្សាវរីយវិញ លោកស្រីធ្លាប់ទៅស៊ីហ្កេម ចំនួន៥ដង និងធ្លាប់ជួបមុខ ធ្វើការជាមួយលោកគ្រូជាច្រើនដង ជាពិសេសនៅពេលចេញក្រៅប្រកួត។ គ្រូបង្វឹកចំបាប់រូបនេះបន្ថែមទៀតថា លោកគ្រូ ស្ដើង ជា តែងតែយកចិត្តទុកដាក់ណាស់ជាមួយក្រុមអត្តពលិកខ្មែរនៅពេលប្រកួតនៅឯក្រៅប្រទេសម្ដងៗដែលពាក់ព័ន្ធសុខភាព។ អតីតអ្នកចំបាប់រូបនេះក៏សំណូមពរដល់ប្រជាពលរដ្ឋ និងក្រុមកីឡាទាំងអស់សូមមានការប្រុងប្រយ័ត្នគ្រប់ពេល និងគោរពកោលការណ៍ទាំង៣របស់រាជរដ្ឋាភិបាលផងដែរដើម្បីជៀសពីជំងឺកាចសាហាវ កូវីដ ១៩ នេះ។
រំលឹកដែរថា លោកគ្រូ ស្ដើង ជា ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា។ លោកគ្រូបានទទួលមរណភាពកាលពីព្រឹកមិញនេះហើយដោយសារជំងឺ កូវីដ ១៩។ បន្ទាប់ពីទទួលដំណឹងមរណភាពនេះមកគេឃើញថាក្នុងតាមបណ្ដាសហព័ន្ធកីឡាជាតិជាច្រើន រួមនិងកីឡាករ កីឡាការិនីក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងសាររំលែកទុក្ខជាបន្តបន្ទាប់ផងដែរ៕