• 2024-04-26 11:15:35
  • ព័ត៌មាន

Liverpool កំពុង​តែ​ចរចា​ជាមួយគ្រូ​ហុល្លង់​ម្នាក់ ដើម្បី​មក​ជំនួស​ Klopp

  • 2024-04-26 11:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម​ Liverpool កំពុង​តែ​ចរចា​ជាមួយ​​លោក Arne Slot គ្រូ​បង្គោល​របស់​ក្លឹប​ហុល្លង់ Feyenoord ដើម្បី​មក​ជំនួស​តំណែង​អ្នកចាត់ការ​ក្លឹប​របស់​លោក Jurgen Klopp ដែល​នឹង​លាលែង​​នៅ​ចុង​រដូវ​កាល​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Slot ផ្ទាល់​តែ​ម្ដង​កាល​ពី​ពេល​ថ្មីៗ​នេះ​។

បុរស​ជនជាតិ​អាល្លឺម៉ង់​​លោក Jurgen Klopp បាន​ប្រកាស​ថា​លោក​នឹង​ឈប់​បន្ត​ការងារ​ជា​អ្នកដឹកនាំ​ក្លឹប Liverpool នៅ​ដំណាច់​រដូវកាល ២០២៣/២៤នេះ ក្រោយ​ពេល​ដែល​អ្នកចាត់ការ​រូបនេះ​ដឹកនាំ​ហង្សក្រហម​អស់​រយៈពេល ៩ឆ្នាំ។

ចាប់​តាំង​ពី​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់​លោក Klopp នេះ​មក ខាង​ក្លឹប​ក៏​បាន​ប្រញាប់ប្រញាល់​ក្នុង​ការ​ស្វែង​រក​អ្នកបន្តវេន។ ចំណោម​បេក្ខជន​ទាំង​អស់​ក៏​មាន បុរស​ជនជាតិ​ហុល្លង់​លោក Slot នេះ​ឯង។

និយាយ​ប្រាប់​សារព័ត៌មាន ESPN លោក​ Slot បាន​លើកឡើង​ថា៖ «ច្បាស់​ណាស់ ខ្ញុំ​ចង់​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង [Liverpoo]»។

យ៉ាងណាមិញ លោក​បាន​បន្ថែម​ថា​ នៅ​ពេល​នេះ​ដែរ ខាង​ក្លឹប​ Liverpool និង​ក្លឹប​របស់​លោក​កំពុង​តែ​ចរចា​ជាមួយ​គ្នា ហើយ​លោក​ជឿជាក់​ថា កិច្ចព្រមព្រៀង​ណា​មួយ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់ៗ។

សូម​ជម្រាប​ផង​ដែរ​ថា លោក Slot បាន​មក​ដឹកនាំ Feyenoord កាល​ពី​ឆ្នាំ២០២១។ បុរស​វ័យ ៤៥ឆ្នាំ​រូប​នេះ​បាន​ដឹកនាំ​ឱ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​លីគកំពូល​ហុល្លង់ កាល​ពី​រដូវ​កាល​មុន ហើយ​នៅ​រដូវកាល​នេះ​ លោក​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​ហុល្លង់ (ពាន​ដែល​មាន​តម្លៃ​ស្មើ FA Cup)។

កន្លង​មក​ លោក​ត្រូវ​បាន​ខាង​ Tottenham Hotspur និង​ក្លឹប​ Leeds ទាក់ទង​ទៅ​ដែរ តែ​លោក​មិន​ព្រម​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី