• 2024-08-12 12:22:49
  • ព័ត៌មាន

អាមេរិក​ឈរ​លេខ​ ១​ក្នុង​តារាង​អូឡាំពិក​ប៉ារីស២០២៤

  • 2024-08-12 12:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​បាន​ឈរ​ចំណាត់ថ្នាក់​លេខ១ នៅ​ក្នុង​តារាង​មេដាយ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ២០២៤ ដែល​ប្រព្រឹត្តិ​នៅ​រដ្ឋធានីប៉ារីស​ប្រទេស​បារាំងពីថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២៤ ដល់ពីថ្ងៃទី ១១ សីហា ឆ្នាំ ២០២៤។

ក្រុម​កីឡាករ​មក​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ប្រមូល​បាន​មេដាយ​សរុប ១២៦គ្រឿង ដោយ​ក្នុង​នោះ​មេដាយមាស ៤០គ្រឿង ប្រាក់ ៤៤គ្រឿង និង​មេដាយ​សំរឹទ្ធិ ៤២គ្រឿង។

ចំណោម​មេដាយ​មាស​ទាំង ៤០គ្រឿង​នោះ​ភាគ​ច្រើន​បាន​ពី​កីឡា​អត្តពលកម្ម ដែល​ជា​កីឡា​ប្រើប្រាស់​កម្លាំង​ធ្ងន់​ៗ​រួម​មាន​ដូច​ជា វិញ្ញាសា​រត់ វិញ្ញាសា​លោត និង​បោះ​ប៊ូល​ជា​ដើម។ អាមេរិក​ទទួល​បាន​មេដាយ​មាស​ពី​ប្រភេទ​កីឡា​ទាំង​អស់​នេះ​សរុប​រហូតទៅ​ដល់ ១៤គ្រឿង​ឯណោះ។ ក្រៅ​ពី​នេះ កីឡា​ហែលទឹក​គ្រប់​វិញ្ញាសា​បាន​រក​មេដាយមាស ៨គ្រឿង​ឱ្យ​ក្រុម​អាមេរិក។ ស្រដៀង​នឹង​មេដាយ​មាស​ដែរ ប្រភព​មេដាយ​ប្រាក់​ភាគ​ច្រើន​បាន​ពី​កីឡា​ទាំង​២ប្រភេទ​ធំៗ​នេះ។

បន្ទាប់​ពី​អាមេរិក លេខ ២បាន​ទៅ​លើ​ក្រុម​ចិន ដោយ​មហាយក្ស​អាស៊ី​មួយ​នេះ​ប្រមូល​បាន​មេដាយ​សរុប ៩១គ្រឿង ក្នុង​នោះ​​មេដាយ​មាស​សរុប ៤០គ្រឿង។

លេខ ៣បាន​ទៅ​កាន់​ស្រុក​ជប៉ុន ដោយ​រក​បាន​មេដាយ​សរុបតែ ៤៥គ្រឿង​ប៉ុណ្ណោះ តែ​រក​បាន​មេដាយ​មាស​សរុប ២០គ្រឿង។ អូស្ត្រាលី​លេខ ៤ ដែល​បាន​មេដាយ​សរុប ៥៣គ្រឿង តែ​មេដាយ​មាស ១៨គ្រឿង។

ចំណែក​ឯ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​វិញ​លេខ ៥ រកបាន​មេដាយ​ច្រើន​ជាងជប៉ុន និង​អូស្ត្រាលី​ទៅ​ទៀត តែ​មាន​មេដាយ​មាស​តែ ១៦គ្រឿង៕

ប្រភព៖ Olympics

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី