- 2019-10-11 08:45:36
- កីឡាផ្សេងៗ
ដឹងឬអត់ ប្រទេសណា ចុះឈ្មោះរត់ម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះ ច្រើនជាងគេ?
- 2019-10-11 08:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងឬអត់ ប្រទេសណា ចុះឈ្មោះរត់ម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះ ច្រើនជាងគេ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី២៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលគឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅឧទ្យានបុរាណអង្គរនៃខេត្តសៀមរាប។
ឯកឧត្ដម វាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់ក្នុងកម្មវិធីសន្និសីទកាសែត កាលពីថ្ងៃទី១០ ខែតុលាម្សិលមិញថា៖ «មកដល់ថ្ងៃនេះ ប្រទេសដែលចុះឈ្មោះច្រើនជាងគេ ជិត ៥០០នាក់ នោះគឺជនជាតិអង់គ្លេស... ហើយក្រៅពីនោះគឺមានអាមេរិកជិត ៣០០នាក់។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានឃើញកំណើនអ្នករត់ប្រណាំងជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលបានឃើញការចូលរួមកាន់តែច្រើនជាងមុនពីប្រជាជនខ្មែរ។ កាលពីឆ្នាំមុន អ្នករត់ប្រណាំងជាង ១ ម៉ឺននាក់មកពីជិត ៨០ ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០% នៃអ្នករត់ប្រណាំងសរុប។»
ឯកឧត្ដមបានបន្តថា៖ «ដោយមានការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រុមហ៊ុន Wurkz និងអ្នកឧបត្ថម្ភផ្សេងៗទៀត ខ្ញុំជឿជាក់ថាព្រឹត្តិការណ៍នេះនឹងនៅតែបន្តទទួលបានភាពជោគជ័យ ព្រមទាំងក្លាយទៅជាកម្មវិធីរៃអង្គាសថវិកាដ៏សំខាន់មួយដើម្បីបម្រើគោលដៅសប្បុរសធម៌នៅកម្ពុជាផងដែរ។» នៅឆ្នាំមុន ថវិកាជាង ១០ ម៉ឺនដុល្លារត្រូវបានរៃអង្គាសតាមរយៈព្រឹត្តិការណ៍នេះដើម្បីគាំទ្រដល់សហគមន៍កម្ពុជា។
ចំណែកលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានមានប្រសាសន៍ដែរថា៖ «ឆ្នាំ ២០១៩ នេះជាឆ្នាំទី ៥ ហើយដែលយើងបានធ្វើជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅតំបន់អង្គរនេះ។ នេះជាឱកាសដ៏ល្អបំផុតមួយសម្រាប់យើងក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើងមានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរមួយ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយលើសកលលោក និងជាអ្នកឧបត្ថម្ភនៃព្រឹត្តិការណ៍រត់ប្រណាំង Boston Marathon ដ៏ល្បីល្បាញមួយលើសកលលោក យើងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍កម្ពុជាក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយភាពសកម្ម កីឡា ក៏ដូចជាវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។»
ក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងនៅតែបន្តប្រារព្ធកម្មវិធីពិពរណ៍ដ៏អស្ចារ្យមួយរបស់ខ្លួន ទាក់ទងនឹងព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ ហើយកម្មវិធីនោះមានឈ្មោះថា ManulifeMOVE។ កម្មវិធីនេះនឹងបើកឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ក្នុងខេត្តសៀមរាប។
លោក Robert មានប្រសាសន៍បន្ថែមថា៖ «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំព្រឹត្តិការណ៍ពិពរណ៍ដ៏អស្ចារ្យនេះ ហើយក្នុងកម្មវិធីនោះ លោកអ្នកនឹងអាចរីករាយកម្សាន្តជាមួយសកម្មភាពសប្បាយៗជាច្រើនពាក់ព័ន្ធនឹងសុខភាព។»
សូមបញ្ជាក់ថា ការរត់ប្រណាំងនាឆ្នាំនេះ នឹងចាប់ផ្ដើមនៅម៉ោង ៥:១៥ នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុងចម្ងាយប្រកួតចំនួន ៤ ប្រភេទ ដែលក្នុងនោះមានចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សូមចុះឈ្មោះក្នុងគេហទំព័រ www.cambodia-events.org។
គួរដឹងផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មក។ ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។ ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីជនរងគ្រោះដោយសារគ្រាប់មីនជាច្រើននាក់ ហើយការរត់ប្រណាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភ័ណ្ឌពិភពលោក ហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បីផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ជនរងគ្រោះទាំងនោះ ព្រមទាំងអំពាវនាវដល់ពិភពលោកឱ្យគាំទ្រដល់ការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ៕