• 2018-12-25 07:02:31
  • កីឡា​ផ្សេង​ៗ

ថោង ខុន៖ កម្ពុជា ​មិន​សំពះ​សុំ​មេដាយ​ពី​បណ្ដា​ប្រទេស​ដទៃ​ទេ​នៅ​ស៊ីហ្គេម​២០២៣

  • 2018-12-25 07:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​បណ្ឌិត​ ថោង ខុន ​ រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​នៅ​ឆ្នាំ​២០២៣ ​កម្ពុជា​នឹង​មិន​សំពះ អង្វរ​សុំ​មេដាយ​ពី​បណ្ដា​ប្រទេស​ដទៃ ​ដូច​ករណី​ម្ចាស់​ផ្ទះ​មុន​ៗ​ធ្លាប់​ធ្វើ​នោះ​ទេ។

កិច្ច​ប្រជុំ​ស្ដី​ពី​របាយការណ៍​វឌ្ឍនភាព Sea Games 2023 ​កាល​ពី​ព្រឹកមិញ​នេះ ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​សហព័ន្ធ​កីឡា​នានា​នៅ​កម្ពុជា ​ដើម្បី​រៀប​ចំ​ខ្លួន​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាន់​ពេល​វេលា​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​បណ្ឌិត​ ថោង ខុន ​បាន​និយាយ​យ៉ាង​ច្បាស់​ថា​កម្ពុជា​ត្រូវ​ការ​មេដាយ​មាស​ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ដូច្នេះ​ហើយ ​សហព័ន្ធ​ដែល​មាន​សក្ដានុពល​ទាំង​អស់​ត្រូវ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត។

ឯកឧត្ដម​ បាន​បន្ថែម​ថា​៖ “បញ្ហា​របស់​យើង​គឺ​ធ្វើ​មិច​ឱ្យ​មាន​មេដាយ​មាស​ច្រើន ​មិន​មែន​លា​ដៃ​ទៅ​សុំ​គេ​ទេ។ ខ្ញុំ​ដាច់​ហើយ ២០២៣​ហ្នឹង ​មិន​ទៅ​សំពះ​អង្វរ​គេ ​សុំ​មេដាយ​មាស​ដូច​កន្លែង​ដទៃ​ទេ។ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ច្រើន ត្រង់​ថា​ខ្ញុំ​បាន​ទៅ​ចូលរួម​ស៊ីហ្គេម​នៅ​ប្រទេស​មួយ​ចំនួន កន្លែង​ខ្លះ​យើង​ត្រូវ​ឈ្នះ តែ​គេ​សុំ​យើង​ឱ្យ​ចាញ់​វិញ ​ដោយសារ​គេ​ត្រូវ​ការ​មេដាយ។ ​មាន​បញ្ហា​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់​ចង់​បាន​បញ្ហា​ហ្នឹង​ទេ យើង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​មោទនភាព ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង”។

ឯក​ឧត្តម​បណ្ឌិត​យល់​ឃើញ​ថា​កម្ពុជា​នៅ​មាន​ឱកាស​ច្រើន​ទៀត​ក្នុង​ការ​រៀន​សូត្រ ​ហើយ​កម្ពុជា​ក៏​លែង​លំបាក​ទៀត​ដែរ ​ដោយសារ​តែ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​ការ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​ក៏​ដូចជា​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ជា​ដើម។ ​នៅ​ពេល​ខាង​មុខ ​កម្ពុជា​នឹង​បង្កើត ភូមិ​អ្នក​កីឡា ​មួយ​ទៀត ​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ល្អ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់