- 2016-01-05 16:52:11
- ប្រវត្តិ
ដល់ឆ្នាំប្រកួតហើយ តោះទៅមើលប្រវត្តិ Euro ទាំងអស់គ្នា
- 2016-01-05 16:52:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ឆ្នាំប្រកួតហើយ តោះទៅមើលប្រវត្តិ Euro ទាំងអស់គ្នា
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់បាល់ទាត់ UEFA European Championship ឬមានឈ្មោះខ្លីថា Euro គឺជាកម្មវិធីប្រកួតបាល់ទាត់ផ្នែកបុរសនៃបណ្ដាប្រទេសជាសមាជិកសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដែលគេធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦០មក។ ពានរង្វាន់ដែលធ្វើ៤ឆ្នាំម្ដងនេះ នឹងមកដល់ជាថ្មី នៅខែមិថុនា ឆ្នាំនេះ។
ប្រវត្តិ
Euro មានឈ្មោះដើមថា UEFA European Nations Cup តែត្រូវប្តូរមកជា UEFA European Championship នៅឆ្នាំ១៩៦៨ រហូតមកដល់សព្វថ្ងៃ។
គំនិតនៃការបង្កើតកម្មវិធីនេះត្រូវបានផ្ដើមចេញពីលោក Henri Delaunay លេខាធិការទូទៅនៃសហព័ន្ធបាល់ទាត់បារាំងក្នុងឆ្នាំ ១៩២៧ ប៉ុន្តែរហូតទាល់តែឆ្នាំ១៩៥៨ ទើបកិច្ចពិភាក្សាត្រូវចេញជារូបរាងឡើង ពោលគឺ ៣ឆ្នាំក្រោយមរណភាពរបស់លោក Delaunay។
ការចាប់ផ្តើម៖
ឆ្នាំ១៩៦០ គឺជាលើកដំបូងនៃការប្រកួត Euro Cup ដែលបារាំងទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតកាលណោះមានការជម្រុះពីបណ្ដាប្រទេសចំនួន១៧ នៅអឺរ៉ុប ប្រកួតប្រជែងដើម្បីយកត្រឹម៤ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលជើងឯកបានទៅលើសហភាពសូវៀត ឬរុស្ស៊ីបច្ចុប្បន្ន ក្រោយយកឈ្នះ យូហ្គោស្លាវី ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។
ការកើនដល់៨ក្រុម៖
នៅឆ្នាំ១៩៨០ ដែលអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ ការប្រកួតមានការផ្លាស់ប្ដូរប្រព័ន្ធលេង ដោយក្រុមជម្រើសជាតិមកពី៨ប្រទេស ត្រូវបានឡើងទៅលេងនៅជុំផ្ដាច់ព្រ័ត្រខុសពីការប្រកួតលើកមុនៗដែលយកត្រឹម៤ក្រុម។ នៅក្នុងឆ្នាំនោះជើងឯកបានទៅលើប្រទេសអាល្លឺម៉ង់ខាងលិច ក្រោយយកឈ្នះ បែលហ្សិក ២-១។
ការកើនដល់១៦ក្រុម៖
នៅឆ្នាំ ១៩៩៦ សិទ្ធធ្វើជាម្ចាស់ផ្ទះEuro Cup បានទៅលើប្រទេសអង់គ្លេស ហើយវាក៏ជាឆ្នាំដែលក្រុមជម្រើសជាតិចំនួន១៦ ត្រូវបានជ្រើសទៅលេងនៅជុំផ្ដាច់ព្រ័ត្រជាលើកដំបូងដែរ។ កាលណោះអាល្លឺមង់ដែលទើបបង្រួបបង្រួមរវាងអាល្លឺម៉ង់ខាងលិច និងខាងកើតបានក្លាយជាជើងឯកក្រោយបំបាក់ សាធារណរដ្ឋឆេក ដែលជាប្រទេសបង្កើតថ្មីនៅអឺរ៉ុបក្នុងលទ្ធផល ២-១។
ការកើនដល់២៤ក្រុម៖
ការប្រកួត Euro Cup ២០១៦ ដែលបារាំងនឹងធ្វើជាម្ចាស់ផ្ទះ គឺជាលើកដំបូងហើយដែលគេអនុញ្ញាតឲ្យមានរហូតដល់២៤ ប្រទេស ឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ។ ការសម្រេចដូច្នេះធ្វើឡើងនៅក្នុង ការបោះឆ្នោតមួយ កាលពីឆ្នាំ២០០៨ របស់បណ្តាប្រទេសទាំងអស់ ដែលជាសមាជិកសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប។
ពាន (Trophy)
ពាន ដែលក្រុមឈ្នះជើងឯកនឹងទទួលបាន គឺមានឈ្មោះថា The Henri Delaunay Trophy។ Henri Delaunay គឺជាឈ្មោះរបស់អតីតលេខាធិការទូទៅសហព័ន្ធបាល់ទាត់បារាំងដែលគាត់ផ្ដើមគំនិតក្នុងការបង្កើតកម្មវិធីនេះឡើងកាលពីជាង ៩០ឆ្នាំមុន។ ក្រុមជម្រើសជាតិណាដែលឈ្នះពាននេះ មានសិទ្ធិរក្សាទុករយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំដែលកម្មវិធីថ្មីត្រូវចាប់ផ្តើម។
នៅឆ្នាំ២០០៨ ពាន The Henri Delaunay Trophy ត្រូវបានធ្វើឲ្យធំជាងពានមុនៗ ដែលវាផលិតពីលោហធាតុប្រាក់មានទម្ងន់៨គីឡូ និងកម្ពស់ ៦០សង់ទីម៉ែត្រ ពោលគឺខ្ពស់ជាងពានចាស់ ៧អ៊ីញ និងធ្ងន់ជាង១ផោន។ ក្រុមជម្រើសជាតិ ដែលឈ្នះជើងឯកនឹងបានពាន អមដោយមេដាយមាស ស្របពេលដែល ក្រុមរងជើងឯកបានមេដាយប្រាក់។ នៅឆ្នាំ២០១២ UEFA បានផ្ដល់មេដាយសំរឹទ្ធលើកដំបូងដល់ អាល្លឺម៉ង់ និង ព័រទុយហ្គាល់ ជាក្រុមដែលចាញ់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទម្រង់នៃការប្រកួតប្រជែង៖
សម្រាប់ Euro ២០១៦នេះ ក្រុមជម្រើសជាតិចំនួន៥៣ប្រទេសត្រូវធ្វើការប្រកួតប្រជែងដើម្បីដណ្ដើមកៅអីចំនួន ២៣ មកជុំផ្ដាច់ព្រ័ត្រ ជាមួយបារាំងជាម្ចាស់ផ្ទះដែលត្រូវរង់ចាំស្រាប់។ ឆ្លងកាត់ការប្រកួតជម្រុះជាង១ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមទាំង២៣ដែលឈានទៅជុំផ្ដាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះបារាំង រួមមាន៖ អាល្លឺម៉ង់, អេស្ប៉ាញ, អង់គ្លេស, បែលហ្សិក, អ៊ីតាលី, រ៉ូម៉ានី, អាល់បានី, ស្វីស, រុស្ស៊ី, វែល, ស្លូវ៉ាគី, អ៊ុយក្រែន, ប៉ូឡូញ, អៀរឡង់ខាងជើង, សាធារណរដ្ឋអៀរឡង់, អ៊ីស្លង់, សាធារណរដ្ឋឆេក, ទួរគី, ក្រូអាស៊ី, ស៊ុយអែត, ព័រទុយហ្គាល់, អូទ្រីស និងហុងគ្រី។
ក្រុមទាំង២៤ នឹងចែកជា៦ពូល (ពី A-F) មានន័យថា ១ពូលមាន៤ក្រុម។ ក្រុមលេខ១ និងលេខ២ នៃពូលនិមួយៗ (១២ក្រុម) នឹងឈានទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ស្របពេលដែលក្រុមលេខ៣ដែលមានពិន្ទុខ្ពស់ជាងគេ៤ក្រុម (ក្នុងចំណោមក្រុមលេខ៣ទាំង៨ពូល) នឹងឡើងទៅបង្គ្រប់ជាមួយក្រុមទាំង១២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ប្រទេសដែលធ្លាប់ឈ្នះពាន
រំលឹក Euro លើកចុងក្រោយ (២០១២)
កាលពីឆ្នាំ២០១២ អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯក ក្រោយបំបាក់អ៊ីតាលី ៤-០ នាវគ្គផ្ដាច់ព្រ័ត្រ ក្លាយជាក្រុមតែមួយគត់ ដែលអាចឈ្នះពាននេះបាន២ដងជាប់គ្នា (២០០៨ ក៏អេស្ប៉ាញជាម្ចាស់ពាន) ហើយក៏ជាក្រុមតែមួយគត់ដែលអាចឈ្នះពានធំៗ៣ជាប់ៗគ្នា (Euro 2008, World Cup 2010, Euro 2012)។
ចាំមើលឆ្នាំ២០១៦ ដែលចាប់ផ្ដើមពីថ្ងៃទី១០ មិថុនា ដល់១០ កក្កដា នៅបារាំងវិញ តើក្រុមណានឹងក្លាយជាជើងឯក? ផ្ដល់យោបល់របស់អ្នក នៅក្នុង Comment ខាងក្រោម៕
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ UEFA