- 2015-09-23 15:53:11
- ប្រវត្តិ
សម័យកាលដ៏អស្ចារ្យ កម្ពុជាជាប់លេខ៤ពានទ្វីបអាស៊ី Asian Cup ឆ្នាំ១៩៧២
- 2015-09-23 15:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យកាលដ៏អស្ចារ្យ កម្ពុជាជាប់លេខ៤ពានទ្វីបអាស៊ី Asian Cup ឆ្នាំ១៩៧២
ចន្លោះមិនឃើញ
ប្រហែលជា៤៣ឆ្នាំបានកន្លងផុតទៅ តែរឿងរ៉ាវដែលមិនអាចបំភ្លេចបានសម្រាប់វិស័យបាល់ទាត់កម្ពុជានោះគឺអតីតកាលពោរពេញដោយ មោទនភាពជាតិរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ឆ្នាំ១៩៧២ ជាសម័យកាលដែលគួរចង់ចាំសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាកូនខ្មែរជំនាន់ក្រោយដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤សម្រាប់ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី (Asian Cup)ក្នុងឆ្នាំ១៩៧២ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នោះ។
ក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤នេះ ក្រោយពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិថៃដោយបាល់បេណាំងទីក្នុងលទ្ធផល៥-៣ បន្ទាប់ពីបញ្ចប់ទាំងពីរតង់និងម៉ោងបន្ថែម១៥នាទីពីរដងដោយលទ្ធផលស្មើគ្នា២-២។ សរុបគ្រាប់បាល់ក្រុមកម្ពុជាចាញ់ថៃដោយលទ្ធផល ៧-៥ ។ ក្រុមចំណាត់ថ្នាក់លេខ១ដែលជាជើងឯកកាលឆ្នាំ១៩៧២ គឺក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ដែលបានយកឈ្នះលើក្រុមកូរ៉េខាងត្បូង២-១ក្រោយម៉ោងបន្ថែមរហូតដល់១២០នាទី។
មុននឹងបានទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសថៃ ក្រុមកម្ពុជាបានប្រកួតជម្រុះក្នុងចំណោម១៣ប្រទេសនៅអាស៊ីដែលបែងចែកជា៤ពូល។ ក្នុងនោះកម្ពុជាស្ថិតនៅក្នុងពូល1B មានម៉ាឡេស៊ី និងហុងកុង ពូល1A មានឥណ្ឌូណេស៊ី ថៃ និង ប្រ៊ុយណេ ពូល 2A មានអ៊ីរ៉ាក់ ហ្សកដានី បារ៉ែន និង Ceylon ពូល 2B មានគុយវ៉ែត Lebanon និង ស៊ីរី។
គ្រាន់តែបើកឆាកជម្រុះក្នុងពូល 1B នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៧១ ក្រុមកម្ពុជាបានយកឈ្នះលើក្រុមហុងកុង ២-១ តែចាញ់ម៉ាឡេស៊ី ២-១ វិញ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំដដែល។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ក្រុមម៉ាឡេស៊ីបានយកឈ្នះក្រុមហុងកុង២-១។ ជាលទ្ធផលក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល 1B ខណៈក្រុមម៉ាឡេស៊ីចំណាត់ថ្នាក់លេខ១។
ចំណែកឯពូល 1A វិញ ក្រុមឥណ្ឌូណេស៊ីចំណាត់ថ្នាក់លេខ១ ហើយថៃជាប់លេខ២។ កាលនោះការប្រកួតជម្រុះនៅមិនទាន់បញ្ចប់នៅឡើយដោយតម្រូវឲ្យ ប្រកួតខ្វែងបន្តទៀតពោលលេខ១ក្នុងពូល 1A ជួបលេខ២ ពូល1B ស្របពេលដែលលេខ២ ពូល 1B ជួបលេខ១ពូល1A។ ដោយសំណាងល្អរួមផ្សំនឹងបច្ចេកទេសលេងបានយ៉ាងល្អនៅអាស៊ី ក្រុមកម្ពុជាបានយកឈ្នះលើក្រុមឥណ្ឌូណេស៊ីក្នុងលទ្ធផល២-០ ហើយថៃម៉ាឡេស៊ី១-០នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧១។ ដូច្នេះប្រទេសថៃនិងខ្មែរបានឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ឬហៅថា Asian Cup ១៩៧២ រួមជាមួយពីរក្រុមផ្សេងទៀតក្រោយពីបញ្ចប់ការជម្រុះ នោះគឺក្រុមអ៊ីរ៉ាក់និងគុយវ៉ែត។
ការធ្វើដំណើរទៅ ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសថៃមាន៦ប្រទេសបែងចែកជាពីរ ពូល A និង B ។ ពូលA មានក្រុមអ៊ីរ៉ាក់ អ៊ីរ៉ង់ និង ថៃ។ ពូល B មានកូរ៉េខាងត្បូង កម្ពុជា និង គុយវ៉ែត។
នៅថ្ងៃបើកឆាកដំបូងកម្ពុជាប៉ះជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង។ ក្រុមកូរ៉េបានបំបាក់កម្ពុជាយ៉ាងចាស់ដៃ៤-១នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧២។ តែកម្ពុជាមិនទាន់អស់សង្ឃឹមដែរដោយនៅមួយប្រកួតទៀត។ លុះការប្រកួតចូលមកដល់ ក្រុមកម្ពុជាបានបំបាក់ក្រុមគុយវ៉ែត ៤-០នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧២ តែក្រុមគុយវ៉ែតបានយកឈ្នះកូរ៉េខាងត្បូង២-១ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧២។ ដោយសារតែគ្រាប់បាល់ច្រើនជាងគុយវ៉ែត ដូច្នេះកម្ពុជានិងកូរ៉េខាងត្បូងបានឡើងទៅប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ខណៈគុយវ៉ែតនិងអ៊ីរ៉ាក់ត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ។
ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមកម្ពុជាត្រូវប្រឈមនឹង ក្រុមការពារតំណែងជើងឯកឆ្នាំ១៩៦៨ អ៊ីរ៉ង់។ ថ្វីបើក្រុមកម្ពុជាមានមាឌចាញ់ក្រុមអ៊ីរ៉ង់ក៏ដោយ តែក្រុមខ្លាំងក្នុងទ្វីបអាស៊ីមួយនេះយកឈ្នះកម្ពុជាត្រឹមតែ ២-១ប៉ុណ្ណោះ។ ជាមួយគ្នានោះក្រុមកូរ៉េខាងត្បូងបានយកឈ្នះលើថៃ ២-១។ លទ្ធផលទាំងនោះបានធ្វើឲ្យក្រុមកូរ៉េខាងត្បូងនិងអ៊ីរ៉ង់ជួប គ្នានៅវគ្គផ្ដាច់ព្រ័ត្រ និងរុញច្រានឲ្យក្រុមកម្ពុជានិងថៃប្រកួតយកចំណាត់ថ្នាក់លេខ៣ និងលេខ៤។ លទ្ធផលចុងក្រោយកម្ពុជាបានត្រឹមចំណាត់ថ្នាក់លេខ៤ ហើយថៃលេខ៣។
កាលឆ្នាំ១៩៧០ ដល់១៩៧៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានគេស្គាល់ថា ក្រុមបាល់ទាត់សាធារណរដ្ឋខ្មែរ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុង១៩៣៣ និងចូលជាសមាជិករបស់សមាគមបាល់ទាត់ពិភពលោកក្នុងឆ្នាំ១៩៥៣។
តើមិត្តអ្នកអានយល់យ៉ាងណាក្រោយពីបានដឹងប្រវត្តិដ៏អស្ចារ្យរបស់បាល់ទាត់ខ្មែរក្នុងអតីតកាល?
អត្ថបទ៖ ជាន ចាន់រ៉ា