• 2015-09-18 21:08:55
  • ប្រវត្តិ​​

​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​៨រូបនេះ ម្នាក់​ណា​ធ្វើ​បាន​ល្អ​ជាង​គេ?​​​​​

  • 2015-09-18 21:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay សូម​បង្ហាញ​​ប្រវត្តិ​ខ្លះ​ៗ​​នៃ​​គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់ ២០១៥​នេះ។ ជាង​១០​ឆ្នាំ​ចុង​ក្រោយ​​នេះ​មាន​គ្រូ​បង្វឹក​ចំនួន​​៨​​រូប​មក​ហើ​បាន​​ដឹកនាំ​ក្រុម​កម្ពុជា ខណៈ​គ្រូ​បង្វឹក​ចំនួន ៣ រូប​ក្នុង​ចំណោម​នោះ​​​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ផ្ដល់​សិទ្ធ​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចំនួន ២ ដង។  គ្រូ​​បុរស​ទាំង​៨​ រូប​នេះ​រួម​មាន លោក Joachim Fickert, លោក Scott O’Donnell (២ លើក) លោក សោម សារ៉ន, លោក Yoo Kee-Heung​ លោក ប្រាក់ សុវណ្ណារ៉ា (២លើក) លោក Lee Tae Hoon (២ លើក), លោក ហុក សុចិត្រា និង​លោក Kazunori Ohara។

 

១- លោក Joachim Fickert ( ១៩៩៦-២០០៣) លោក Joachim Fickert សញ្ជាតិ​អាល្លឺម៉ង់​​​អាយុ៥៩​ឆ្នាំ​​​បាន​ចូល​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ចាប់​ពី​ឆ្នាំ​១៩៩៦​​ដល់​២០០៣​ ប៉ុន្តែ​ការ​ដឹក​នាំ​របស់​លោក​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​លទ្ធផល​នៃ​ការ​ដឹក​នាំ​របស់លោក​ឡើយ។ ​បន្ទាប់​មក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​​ផ្ដល់​វគ្គ​សិក្សា​​កម្រិត C និង B ដល់​ជនជាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់។

 

២- លោក ​សោម សារ៉ាន់ (២០០៣-២០០៥) លោក ​សោម​ សារ៉ន (តាមុំាង) ​ក៏​បាន​​ចូល​ខ្លួន​មក​បម្រើ​ជាតិ​​ចាប់ពី​ឆ្នាំ​២០០៣​ដល់​២០០៥​ ។ លោក​ សារ៉ន ជា​អតីត​​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​ឆ្នាំ​ ១៩៧២​​ ហើយ​​លោក​ក៏​​ជា​សមាជិក​​ម្នាក់​ក្នុង​ចំណោម​កីឡា​​ជម្រើស​ជាតិ​ផ្សេង​ទៀត​ ធ្លាប់​ជួយ​ឱ្យ​កម្ពុជា​​​ជាប់​លំដាប់​ថ្នាក់​ លេខ​៤ ​​នៃ​កម្មវិធី AFC Asian Cup នៅ​ឆ្នាំ​​នោះ​ផង​ដែរ។

 

៣- លោក Scott O’Donnell (២០០៥ – ២០០៨) ក្រោយ​ពី​ការ​ចាកចេញ​របស់​លោកFickert ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Scott O’Donnell សញ្ជាតិ​អូស្ត្រាលី​បាន​​ចូល​​​មក​កាន់​តំណែង​ដ៏​សំខាន់​នោះ​​បន្ត​។ លោក Scott កើត​នៅ​ថ្ងៃ​ទី​១៦​​ខែ​មិថុនា​ឆ្នាំ​១៩៦៧។ លោក​បាន​ចូល​​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ចាប់​ពី​ឆ្នាំ​២០០៥ – ២០០៨។ មុន​នឹង​មក​ដឹក​នាំ​ក្រុម​​បាល់ទាត់​កម្ពុជា​​លោក Scott ជា​អតីត​​​គ្រូ​បង្វឹក​ក្រុម Geylang United FC នៅ​ប្រទេស​សិង្ហបុរី​ ​ពី​ឆ្នាំ​២០០៣ – ២០០៥។

 

ក្រៅ​ពី​នោះ លោក Scott គឺ​ជា​អតីត​កីឡាករ​​នៅ​ក្នុង​ក្លិប Penrith Nepean United , ក្លិបRockdale Ilinden FC, ​ក្លិបParramatta Eagles, ក្លិប Kuala Lumpur FA,​ ក្លិប Parramatta Eagles, ​ក្លិប Tampines Rovers FC ,​ ក្លិប Marine Castle United FCនិង​ក្លិប Tampines Rovers FC ។ លោក Scott បាន​ដឹកនាំ​ក្រុម​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​ចំនួន​ដូចជា Asian Challenge Cup 2006, វគ្គ​ជម្រុះ ASEAN Championship (AFF Suzuki Cup 2007), Nehru Gold Cup 2007 នៅ​ឥណ្ឌា, វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី ឆ្នាំ ២០០៧) ជាដើម។

 

លោក Scott O’Donnell លើក​ទី២ ( មិថុនា ២០០៩- សីហា ២០១០) លោក Scott O’Donnell ជា​បុរស​ដំបូង​គេ​ដែល​មាន​សំណាង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ទី​២។ បុរស​ជនជាតិ​អូស្ត្រាលី ​រូប​នេះ​បាន​មក​ចូល​កាន់​តំណែង​ជា​លើក​ទី២​ចាប់​ពី​ខែ​មិថុនា​ឆ្នាំ​២០០៩​ដល់​​ ខែ​សីហា​ឆ្នាំ​២០១០។ ឆ្នាំ ២០០៩ នេះ​ដែរ លោក Scott បាន​ជួយ​ឱ្យ​ក្រុម​ឈុត U23 កម្ពុជា​លើក​ពាន​រង្វាន់ BIDC Cup 2009 ដែល​ជា​ឆ្នាំ​​ដំបូង​របស់​ពាន​មួយ​នេះ ក្នុង​ភាព​ជា​ម្ចាស់​ផ្ទះ​​។ លោក Scott ជួយ​ឱ្យ​ក្រុម U23 កម្ពុជា​លើក​ពាន BIDC Cup 200

 

៤- លោក Yoo Kee-Heung (កក្ដដា ២០០៨) ឆ្នាំ ២០០៨ នោះ​ដែរ បន្ទាប់​ពី​​ តាមុំាង លា​ឈប់​ពី​ក្រុម​​ជម្រើស​ជាតិ លោក Yoo Kee-Heung សញ្ជាតិ ​​កូរ៉េ​ខាង​ត្បូង​បាន​មក​ដឹកនាំ​វិញ​ម្ដង។ លោក Yoo Kee-Heung ​កើត​នៅ​ក្នុង​ឆ្នាំ​១៩៤៧​​។ លោក​បាន​ចូល​បម្រើ​ការងារ​​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ​​គឺ​ខែ​កក្កដា​ឆ្នាំ​២០០៨​ ។​

 

លោក Kee-Heung ជា ​អតីត​​ជា​ជំនួយការ​អ្នកចាត់ការ​​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​​​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣​។​​ ក្រោយ​មក​ទៀត​​គ្រូ​ជនជាតិ​កូរ៉េខាង​ត្បូង​រូប​នេះ​ទៅ​​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នេប៉ាល់ នៅ​​​ឆ្នាំ​២០០៣​។ យុទ្ធនាការ​របស់​លោក Yoo Kee-Heung ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ កម្ពុជា ​រយៈ​ពេល​មួយ​ខែ​​គឺ​ទៅ​​ចូលរួម​​ប្រកួត​ក្នុង​ពាន​រង្វាន់ Independence Cup 2008 នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។

 

៥- លោក ប្រាក់ សុវណ្ណារ៉ា (កក្កដា ២០០៨ – មិថុនា ២០០៩) គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចុង​ក្រោយ​​នៅ​ឆ្នាំ ២០០៨ គឺ​លោក ប្រាក់ សុវណ្ណារ៉ា។ ​លោក ប្រាក់ សុវណ្ណារ៉ា​​ សញ្ជាតិ​កម្ពុជា​កើត​នៅ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៧២​ ​​បាន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​នៅ​ខែ​កក្កដា​២០០៨ ដល់​ មិថុនា​ ២០០៩​ ។ ​លោក ​សុវណ្ណារ៉ា​ ជា​អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ភ្នំ​ពេញ​ក្រោន​ឆ្នាំ ​២០០៧​និង​ព្រះ​ខ័ន​រាជ (ស្វាយរៀង)​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៨-២០០៩ ​​។ ​បន្ទាប់​ពី​បញ្ចប់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ភ្នំពេញ​ក្រោន​​ និង​ព្រះ​ខ័ន​រាជ​​​​ ​លោក​បាន​​ចូល​កាន់​កៅអី​​​ជា​គ្រូ​បង្វឹក​​ក្រុម ​ណាហ្គាខប​​ នៅ​​ឆ្នាំ​២០១០​រហូត ​ដល់ ខែ​ធ្នូ ២០១២ ជា​ពេល​ដែល​លោក​វិល​មក​ទៅ​តំណែង​កំពូល​នៃ​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ទី ​២​។

 

បើ​ងាក​ទៅ​មើល​ក្រុម​ជម្រើស​ជាតិ លោក​ធ្លាប់ ដឹក​នាំ​ក្រុម​យុវជន​​អាយុ​ក្រោម​១៧​ឆ្នាំ​ក្នុង​ការ​ប្រកួត​​កម្មវិធី AFF U17 នៅ​ឆ្នាំ​២០០៧ ខណៈ​ដែល​​ លោកបាន ​ដើរ​តួ​ជា​ជំនួយ​ការ​លោក Scott O’Donnell ​កាល​ឆ្នាំ ២០០៥-២០០៦។ ក្រោយ​ពេល​​ លោក Scott O’Donnell ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ លោក ប្រាក់ សុវណ្ណារ៉ា បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជំនួស រយៈពេល ៦ ខែ​គឺ ចាប់​ពី​ខែ កក្ដដា ឆ្នាំ ២០០៨ ដល់ មិថុនា ២០០៩។  ស្នាដៃ​ជា​ចម្បង​របស់​លោក ប្រាក់ សុវណ្ណារ៉ា កាល​នោះ​គឺ​ឆ្នាំ​២០០៨​ លោក​បាន​​នាំ​ឲ្យ​កម្ពុជា​ឆ្លង​ដល់​វគ្គ​ចែក​ពូល​នៃ​ពាន​រង្វាន់​ AFF Suzuki Cup 2008។ កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​​មាន​ ៧​ពិន្ទុ​ក្នុង​តារាង​​បន្ទាប់​ពី​​ឈ្នះ​ ឡាវ​ ៣-២​​ ស្មើ​​​ទីម័រខាងកើត​ ២-២ ​ឈ្នះ​ ប៊្រុយណេ ២-១​ និង​ ចាញ់​ ហ្វីលីពីន​ ២-៣.

 

លោក ប្រាក់ សុវណ្ណារ៉ា លើក​ទី២ (ធ្នូ ២០១២ – កក្កដា ២០១៣) យោង​តាម​លិខិត​តែងតាំង​លេខ ៣១៤/១២ ស.ប.ក ចេញ​ដោយ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​តែងតាំង​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្វឹក ក្រុម​ជម្រើស​ជាតិ ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី ១៣ ធ្នូ ២០១៣។ ការ​តែង​តាំង​លោក ប្រាក់ សុវណ្ណារ៉ា គឺ​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចូល​​ប្រកួត​ជម្រុះ​ ក្នុង​ពូល E​ នៃ​ពាន​រង្វាន់ AFC Challenge Cup 2014ដែល​រៀបចំ​ឡើង​នៅ​ឯ​ប្រទេស​ហ្វីលីពីន។ ជា​លទ្ធផល​កម្ពុជា បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ចាញ់ ទួរមេនីស្ថាន ៧ – ០ និង ចាញ់​ហ្វីលីពីន ៨ – ០។ មិន​មាន​ឯកសារ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ថា​លោក ប្រាក់ សុវណ្ណារ៉ា ចប់​កិច្ចសន្យា​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​នៅ​​ព្រឹក​ថ្ងៃ​ទី ៦ សីហា ​២០១៣ លោក គល់ សុផាណា អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​ប្រកាស​ពី​ការ​តែង​តាំង​លោក Lee Tae Hoon សាជាថ្មី​ជំនួស​វិញ។

 

៦-លោក Lee Tae-Hoon ( សីហា ២០១០ – កក្កដា ២០១២) ចប់​ពី​គ្រូ​អូស្ត្រាលី ដល់​វេន​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង ម្នាក់​ទៀត។ ​​លោក Lee Tae-Hoon ជា​គ្រូ​សញ្ជាតិ ​កូរ៉េ​ខាង​ត្បូង ទី២ ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ លោក​​​​បាន​ចូល​មក​ដឹក​នាំ​​ក្រុម​​ជម្រើស​ជាតិ​ ​​ចាប់​ពី​ខែ​សីហា ឆ្នាំ ២០១០ រហូត​ដល់​ខែ កក្កដា ២០១២។​ លោក​គ្រូ​បង្វឹក​រូប​នេះ​ជា​​អតីត​គ្រូ​បង្វឹក​បាល់ទាត់​​ជម្រើស​ជាតិ​ ស្ត្រី​​នៅ​កូរ៉េ​ខាង​ត្បូង​ កាល​ ឆ្នាំ​២០០៥ ​និង​២០០៩​។ ​លោក Lee ធ្លាប់​បាន​ចំណាយ​ពេល​​៦​រដូវ​កាល​នៅ​ជា​មួយ​ក្លិប Jeonbuk Hyundai Motors ។

 

លោក Lee បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចូលរួម​ប្រកួត​​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2010, AFC Challenge Cup 2012, World Cup Qualifier 2014, BIDC Cup 2011, Sea game 2011, Hassanal Bolkiah Trophy(HBT) 2012។

 

លោក Lee Tae Hoon លើ​កទី២ ( ១ សីហា ២០១៣ ដល់ ខែ​ធ្នូ ឆ្នាំ​២០១៦) ​លោក​គ្រូ​បង្វឹក​ឈុត​ធំ​របស់​កម្ពុជា ត្រូវ​បាន​​តែង​តាំង​ឲ្យ​​​ដឹកនាំ​ឈុត​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ (U23) ផង និងក្រុម​ធំ​។ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ចុះ​កិច្ចសន្យា​រយៈ​ពេល ២​ឆ្នាំ​ជាមួយ​លោក LeeTae Hoon ជា​លើក​ទី​ពីរ​។ ក្នុង​ដំណើរ​ត្រឡប់​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ សាជាថ្មី​វិញ លោក Lee ត្រូវ​​ដឹកនាំ​​ក្រុម​ឈុត U23 ​​កម្ពុជា​ទទួល​ភ្ញៀវ​ក្នុង​ពាន​រង្វាន់ BIDC Cup 2013។

 

ក្រោយមក​​ គ្រូ​បង្វឹក​​វ័យ ៤២ ឆ្នាំ​​រូប​នេះ បាន​​ដឹកនាំ​​ឈុត U23 កម្ពុជា​ទៅ​ចូលរួម​ប្រកួត ស៊ីហ្គេម ២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និងស៊ីហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី។  លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​លោក​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ កម្ពុជា​ឆ្លង​ផុត​ជុំ​ទី​មួយ​នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ បន្ទាប់​ឈ្នះ​ម៉ាកាវ​៣-០ ក្នុង​ដី និង​​ស្មើ​១-១​នៅ​ទឹក​ដី​ម៉ាកាវ។ បន្ទាប់​ពី​​​បញ្ចប់​ភារកិច្ច​ដឹក​នាំ​ U-23 លោកបាន​ដឹក​នាំ​ក្រុម​ធំ​កម្ពុជា​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ជុំ​ ទីពីរ​ប្រចាំ​តំបន់​អាស៊ី​​រហូត​ដល់​បច្ចុប្បន្ន។ លោក​អាច​ចាត់​ទុក​ថា ជា​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ដែល​ដឹក​នាំ​បាន​យូរ​ជាង​គេ​ដោយ​សារ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បន្ត​កុងត្រា​រហូត​ដល់​ចុង​ឆ្នាំ​២០១៦​ បន្ទាប់​ពី​​កុងត្រា​លើក​ទី​ពីរ​បាន​ផុត។

 

៧- លោក ហុក សុចិត្រា ( កក្កដា ២០១២ – តុលា ២០១២) សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​មិន​បន្ត​កិច្ចសន្យា​ជាមួយ​លោក Lee ទៀត​ទេ ហើយ​​​កិច្ចសន្យា​២ ឆ្នាំ​​ក៏​​អស់​សុពលភាព​ក្រោម​​កម្ដៅ​រិះគន់​មិន​សម្ចៃ​ពី​អ្នក​គាំទ្រ​បាល់​ទាត់​ជាតិ​​​ទៅ​លើ​ការ​​ដែល​លោក Lee ​មិន​អាច​នាំ​ក្រុម​ កម្ពុជា ជួប​លទ្ធផល​​ល្អ។

 

 លោក ហុក សុចិត្ត្រា

 

បេក្ខជន​ដែល​ចូល​ទៅ​​ជំនួស​តំណែង​លោក Lee គឺ លោក ហុក សុចិត្រា។ បុរស​សញ្ជាតិ​កម្ពុជា រូប​នេះ​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ក្នុង​​​ទសវត្សរ៍ ៩០ ​និង​ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​តំបន់​អាស៊ាន​នា​ឆ្នាំ​១៩៩៧។ លោក​​​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នៅ​ថ្ងៃ​ទី ១៤ កក្កដា ២០១២ ក្រោម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ឯកឧត្តម​ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ឯ​ខេត្ត​តាកែវ។ ការ​តែង​តាំង​នេះ​គឺ​ដើម្បី​​ផ្ដល់​ឱកាស​ឱ្យ​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទៅ​​បំពេញ​យុទ្ធនាការ​ក្នុង​វគ្គ​ជម្រុះ​ AFF Suzuki Cup 2012 នៅ​ប្រទេស​មីយ៉ាន់ម៉ា។ បន្ទាប់​​ពី​មិន​អាច​​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឡើង​ទៅ​វគ្គ​ចែក​ពូល​បាន នៅ​ថ្ងៃ​ទី ២០ តុលា ២០១២ លោកហុក សុចិត្រា បាន​​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​ជា​​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ។

 

៨- លោក Kazunori Ohara លោកគ្រូ​បង្វឹកជន​ជាតិ​ជប៉ុន Kazunori Ohara បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជា​បណ្តោះ​អាសន្ន​​មួយ​រយៈ​ពេល​ខ្លី​ក្នុង​ឆ្នាំ​២០១៥​នេះ​ដើម្បី​ជំនួស​លោក Lee Tae Hoon ដែល​ជាប់​បំពេញ​ភារកិច្ច​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម។ សម្រាប់​រយៈ​ពេល​ខ្លី​នេះ​លោក​បាន​ដឹក​នាំ​ក្រុម​ម្រើស​ជាតិ​កម្ពុជា​ប្រកួត​​បាន​៤​លើក​គឺ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៤។ បន្ទាប់​ពី​លោក​ Lee បាន​វិល​ត្រឡប់​មក​ពី​ស៊ីហ្គេម​វិញ​លោក​បានផ្តល់​តួនាទី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​លោក​ Lee វិញ៕

 

អត្ថបទ៖ ឆន ទិត្យ & ម៉ឺន រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី