• 2015-04-27 18:01:44
  • ប្រវត្តិ​​

អតីត​អ្នក​​ប្រដាល់​កម្ពុជា​១០​រូប​ស្ថិត​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ដល់​សព្វ​ថ្ងៃ​

  • 2015-04-27 18:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ សង្វៀន​​ប្រដាល់​មិន​សូវ​សំបូរ​បែប​ដូច​បច្ចុប្បន្ន​ ក៏​កីឡាករ​ប្រដាល់​កម្ពុជា​ជា​ច្រើន​រូប​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​អតីត​អ្នក​ប្រដាល់​១០​រូប​នេះ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ប្រទេស​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

 

១- អេ ភូថង លោក អេ ភូថង​ កើត​នៅ​ភូមិ ​នាង​កុក ឃុំ​ បាក់ខ្លង ​ មាន ​ស្រុក មណ្ឌលសីមា ​ខេត្ត​កោះ​កុង។ ឆ្លង​កាត់​បទ​ពិសោធន៍​លើ​សង្វៀន​​១៩០ដង ឈ្នះ ​១៨៥ដង ចាញ់​៥ដង និង​​ឈ្នះ​សន្លប់ : ៤០ដង កីឡាករ​កម្ពុជា​រូប​នេះ​ឈ្នះ​ខ្សែ​ក្រវាត់​ក្នុង​ស្រុក​ជា​ច្រើន​គ្រឿង​ និង​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA នៅ​ឆ្នាំ​២០០៣។ សព្វ​​ថ្ងៃ​លោក​កំពុង​ធ្វើ​ជា​គ្រូ​បង្ហាត់ អាជ្ញា​កណ្តាល និង​ចៅ​ក្រម​ប្រកួត​ ព្រម​ទាំង​ចិញ្ចឹម​កុមារ​កំព្រា​មួយ​ចំនួន​ផង​ដែរ។

 

អេ ភូថង

 

២- ឡឹក វិបុល ឡឹក វិបុល ដែល​មាន​ប្រភព​ចេញ​ពី​ក្លិប​ប្រដាល់​ពន្លឺ​សាមគ្គី​ ក្នុង​ខេត្ត​បាត់​ដំបង​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ស្ទើរ​គ្មាន​គូ​ប្រៀប។ លោក​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង និង​ប្រកួត​អន្តរជាតិ​ក៏​ច្រើន។ អ្នក​ស្នេហា​ប្រដាល់​កម្ពុជា​ឲ្យ​រហស្សនាម​ថា​ កែង​ឆេះ​ ដោយ​សារ​អតីត​កីឡាករ​រូប​នេះ​ពូកែ​ប្រើ​កែង​ដ៏​មុត​ស្រួច​ដើម្បី​ផ្តួល​ដៃ​គូ។ បន្ទាប់​ពី​ចូល​និវត្តន៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ឡឹក​ វិបុល ​បាន​ក្លាយ​​ជា​មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​ព្រះ​វិហារ ហើយ​ជីវភាព​រស់​នៅ​ក៏​​កាត់​តែ​ប្រសើរ។

 

 

៣- ផៃ​ ប៊ុនជឿ​ ជើង​ខ្លាំង​ ផៃ ប៊ុនជឿ​ បាន​បាត់​មុខ​ឈឹង​ពី​ប្រភព​សង្វៀន​ប្រដាល់​ ប៉ុន្តែ​លោក​អ្នក​ប្រហែល​ជា​ចាំ​មិន​ភ្លេច​ទេ​ពី​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​​។ កីឡាករ​ដែល​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ធ្លាប់​ប្រកួត​បាន​ជាង​៥០​ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កីឡាករ​ដែល​ពូកែ​ទាត់ និង​រហ័សរហួន។ ដៃ​គូ​ដ៏​ស្វិត​ស្វាញ​របស់​គេ​គឺ​ឡឹក វិបុល​ដែល​ការ​ប្រកួត​របស់​គេ​តែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន។

វីដេអូ៖ ផៃ ប៊ុនជឿ​ ប្រកួតនឹង​កីឡាករ​បារាំង

៤- នួន សូរិយា នួន​ សូរិយា​ ​កើត​នៅ​ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ១៩៨០​ នៅ​ជំរំសាយធូ។ បន្ទាប់​មក​លោក​បាន​មក​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម។ ស្នាដៃ​ក្នុង​អាជីព​ប្រដាល់ សូរិយា​ ធ្លាប់​គ្រង​បាន​ខ្សែក្រវាត់៤​ខ្សែ​រួមមាន​ ខ្សែក្រវាត់​ស៊ីម៉ង់ត៍​ខ្លា​ ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ខ្សែក្រវាត់​អន្តរជាតិ​ចំនួន២។ លោក​បាន​ឈប់​ពី​ប្រដាល់​ក្រោយ​ពេល​លោក​បាន​​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​ធ្វើ​ការ​នៅ​លើ​ទឹក​ដី​អាមេរិក​ផង​ដែរ។

 

 ៥- ឡុង វណ្ណថន ឡុង​ វណ្ណថន ​កំពុង​លេច​មុខ​នៅ​លើ​សង្វៀន​ប្រដាល់​ជា​រៀង​រាល់​​សប្ដាហ៍​ ក្នុង​ឋានៈ​ជា​អាជ្ញា​កណ្ដាល​ និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ បន្ទាប់​ពី​បាន​ចូល​និវត្តន៍​ពី​ប្រដាល់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ និយាយ​ពី​កាល​នៅ​ជា​កីឡាករ​ ឡុង វណ្ណថន​ក៏បាន​សាង​កេរ្តិ៍​ល្បី​ល្បាញ​ផង​ដែរ​នៅ​លើ​សង្វៀន​ប្រដាល់។ កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ប្រដាល់​ចិត្ត​ធ្ងន់​ ពូ​កែ​ទាត់​ និង​ប្រើ​កណ្តាប់​ដៃ។ ក្នុង​ប្រវត្តិ​ប្រកួត​ជិត​១០០​ដង​ កម្រ​មាន​កីឡាករ​​ខ្មែរ​រូប​ណា​ផ្តួល​គេ​ឲ្យ​សន្លប់​ណាស់។

 

៦- នួន ភិរម្យ កើត​នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​ឫស្សីកែវ​ ក្រុងភ្នំពេញ លោក នួន ភារម្យ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​​ដ៏​ល្បី​ល្បាញ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ មុន​ចូល​និវត្តន៍​​ពី​ប្រដាល់​ដើម្បី​ក្លាយ​ជា​​​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ លោក​​ធ្លាប់​ប្រកួត​បាន​ជិត​មួយ​ពាន់​ដង។ លោក​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​​ពី​កម្មវិធី​ពានស្តេច​ថៃ King Cup​ ឆ្នាំ១៩៩៦​ និង​មេដាយ​ប្រាក់ឆ្នាំ​១៩៩៧។ ឆ្នាំ​១៩៩៦ នួន​ ភិរម្យ​ជាប់​ជា​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន​ទូទាំង​ប្រទេស ព្រម​ទាំង​ពាន​ និង​ខ្សែ​ក្រវាត់​ក្នុង​ស្រុក​ជា​ច្រើន​ទៀត។

 

 

៧- ភិន សុផល អតីត​ជើង​ខ្លាំង​ ភិន សុផល ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ក្រៅ​ថា ឃួន ចាន់រិទ្ធិ មក​ពី​ក្លឹប​ប្រដាល់​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ។ កីឡាករ​រូប​នេះ​កើត​នៅ​ឆ្នាំ​១៩៧៨​នៅ​ភូមិ​តំណាក់​ហ្លួង​ ឃុំ​វត្តគរ​ ខេត្ត​បាត់ដំបង។ មហាជន​បាន​ចាប់​អារម្មណ៍​រូប​គេ​ខ្លាំង​នៅ​ពេល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ អូត ភូថង។ ពេល​នោះ​សុផល​ត្រូវ​បាន​ភូថង​វាយ​ឲ្យ​សន្លប់​ធំ​ ហើយ​បន្ទាប់​មក​ក៏​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​រហូត​ដល់​សព្វ​ថ្ងៃ។

វីដេអូ៖ ភិន សុផល ប្រកួត​នឹង​កីឡាករ​អាមេរិក

៨- ពេជ្រ ប៊ុនធឿន​ ពេជ្រ ប៊ុនធឿន​បាត់​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មក​ បន្ទាប់​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ពិភព​ប្រដាល់​ខ្មែរ។ សម្រាប់​រយៈ​ពេល​នៃ​អវត្តមាន​ពី​ពិភព​ប្រដាល់ កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជួប​រឿង​​មិន​ល្អ​ជា​ច្រើន​ក្នុង​នោះ​ធ្លាប់​ចូល​អប់រំ​នៅ​មណ្ឌល​​បន្សាប​គ្រឿង​ញៀន​ និង​ធ្លាប់​ត្រូវ​បាន​ជន​ទំនើង​មួយ​ក្រុម​វាយ​ទៀត​ផង​កាល​ពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០០៤។ កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ប៊ុនធឿន​បាន​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​​ដោយ​បាន​ឡើង​សង្វៀន​​ប៉ុន្មាន​ប្រកួត​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ។ សព្វ​ថ្ងៃ​រូប​គេ​កំពុង​ក្លាយ​ជា​គ្រូ​បង្ហាត់​នៅ​ក្លិប​ប្រដាល់​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង។

 

៩- ឡោ សំណាង ឡោ សំណាង​ជា​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​កាល​ពី​ជាង​៥​ឆ្នាំ​មុន​ដែល​អ្នក​ស្នេហា​ប្រដាល់​ស្រុក​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា រហ័សរហួន និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​មួយ​កំផ្លេ​ក្នុង​នោះ​កណ្ដាប់​ដៃ ទាត់​ ធាក់​ និង​កែង។ ថ្វី​ត្បិត​ថា រូប​គេ​បាន​អង្រួន​សង្វៀន​​ប្រដាល់​​មួយ​រយៈ​ពេល​ និង​ឃ្លាត​ឆ្ងាយ​ពី​​ពិភព​ប្រដាល់​ទាំង​វ័យ​ក្មេង​ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​គេ​ដិត​ជាប់​ក្នុង​ចិត្ត​អ្នក​ស្នេហា​ប្រដាល់​ជា​និច្ច។

 

១០- ធន់ សុភា​ ធន់ សុភា ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ប្រទេស​តាម​រយៈ​សមត្ថភាព​នៃ​ការ​ប្រកួត​ប្រកប​ដោយ​បច្ចេកទេស​ និង​ស្មារតី​ល្អ។ ចាប់​ផ្ដើម​​ឡើង​សង្វៀន​ឆ្នាំ​១៩៩៦ រូប​គេ​ធ្លាប់​​ឈ្នះ​ខ្សែក្រវាត់​៣​ខ្សែ។ អតីត​កីឡាករ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ជាង​១០០​ដង និង​ប្រកួត​អន្តរជាតិ​បាន​២៥​លើក​ដែល​មាន​តែ​២​លើក​ប៉ុណ្ណោះ​​ដែល​ចាញ់​លក្ខណៈ​អន្តរជាតិ។ បច្ចុប្បន្ន​ ធន់ សុភា​ បាន​ក្លាយ​ជា​គ្រូ​បង្ហាត់ គណៈកម្មការ​ប្រកួត​ និង​ជា​អាជ្ញា​កណ្តាល​ បន្ទាប់​ពី​ចូល​និវត្ត​ពី​អាជីព​ប្រដាល់​កាល​ពី​​ចុង​ឆ្នាំ​២០១០៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់