• 2020-01-08 07:46:37
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ថ្មី​ បង្កើន​ប្រាក់​រង្វាន់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ច្រើន​ទ្វេដង​

  • 2020-01-08 07:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ថ្មី​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បង្កើន​ប្រាក់​រង្វាន់​មេដាយ​មាស​ កម្រិត​ ក១​ រហូត​ដល់​ជាង​៦លាន​រៀល​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដែល​ទើប​បញ្ចប់​កាល​ពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ​ជា​លើក​ទី១​ហើយ​សម្រាប់​ការ​ចូល​មក​កាត់​តំណែង​ជា​ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​នេះ​ ដូច្នេះ​ការ​អនុវត្តន៍​ផែន​ការ​ ឬ​ការ​លើក​ទឹកចិត្ត​ផ្សេងៗ​នោះ​គឺ​ត្រូវ​ធ្វើ​តាម​ដំណាក់កាល​ម្ដង​បន្តិច​ៗ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ថ្មី​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ ការ​ប្រកួត​ពី​មុន​ៗ​មក​មិន​បាន​ដឹង​ថា​ទទួល​ប្រាក់​រង្វាន់​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ គឺ​ឯកឧត្ដម​ព្យាយាម​បង្កើន​ប្រាក់​រង្វាន់​ឲ្យ​បាន​ទ្វេដង​ បើ​បូក​ត្រួសៗ​ចំពោះ​មេដាយ​មាស​ក្របខ័ណ្ឌ​ ក១​ បាន​រហូត​ដល់​ ៦ ៤០០​ ០០០​ រៀល​ឯ​ណោះ​ ហើយ​ទាំង​នេះ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ។​ ការ​ផ្ដល់​ប្រាក់​រង្វាន់​លើស​មុន​នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ ឬ​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ បង្កើន​បច្ចេកទេស​ សមត្ថភាព​ឲ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។​

ទិដ្ឋភាពម្សិលមិញ

ក្រៅ​ពី​នេះ​ប្រាក់​រង្វាន់​នេះ​ហើយ​ ឯកឧត្ដម​ថា​នឹង​ព្យាយាម​ពង្រីក​វិសាលភាព​នៃ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​នៅ​តាម​សាលា​ ឬ​តាម​កន្លែង​ផ្សេងៗ​ដើម្បី​បង្កើន​ចំនួន​ធនធាន​ថ្មី​ៗ​បន្ថែម​ក៏​ដូច​ជា​មាន​ក្លឹប​ចូលរួម​ជាង​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ថែម​ទៀត។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ទើប​តែ​ទទួល​បាន​ប្រធាន​ថ្មី​គឺ​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ប៉ុន្មាន​ខែ​នេះ​ទេ​ បន្ទាប់​ពី​ប្រធាន​ចាស់​មាន​បញ្ហា​សុខភាព​និង​សុំ​ដក​ខ្លួន​ចេញ។​ សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ របស់​​ខ្លួន​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ទី៧​ ខែ​មករា​ ២០២០​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់