- 2017-09-19 23:01:00
- ប្រវត្តិ
មកស្គាល់ខ្សែប្រយុទ្ធ កែវ កុសល ធ្លាប់ជួយឲ្យខេមរាកីឡាឈ្នះលីគកម្ពុជា២ដង
- 2017-09-19 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ខ្សែប្រយុទ្ធ កែវ កុសល ធ្លាប់ជួយឲ្យខេមរាកីឡាឈ្នះលីគកម្ពុជា២ដង
ចន្លោះមិនឃើញ
កែវ កុសល ជាអតីតកីឡាករមួយរូបដែលធ្លាប់ជួយឲ្យក្រុម ខេមរាកីឡា លើកពានលីគបាល់ទាត់កំពូលកម្ពុជា Cambodian Premier League (Metfone Cambodian League) ពីរដង។ លើសពីនោះ លោកបានជួយឲ្យខេមរាកីឡាឡើងកូដខ្លាំងដោយក្លាយជាក្លិបកម្ពុជា ដំបូងគេ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC President’s Cup ឆ្នាំ២០០៦។
ក្លិបដែលគាត់លេងឲ្យចុងក្រោយបង្អស់ក្នុងអាជីពជាកីឡាករ កម្ពុជាម្នាក់ គឺក្លឹបការពារជាតិ ខេមរាកីឡា និង ព្រះខ័នរាជ។ បើនិយាយពីជម្រើសជាតិវិញ លោក កែវ កុសល ជាប់តាំងពីក្រុមយុវជនអាយុក្រោម១៧ឆ្នាំ (U17) ក្នុងឆ្នាំ២០០២រហូតដល់ក្រុមធំ។ ប៉ុន្តែអ្វីដែលនៅចាំបាននោះ គឺខ្សែប្រយុទ្ធ រូបនេះធ្លាប់ស៊ុតឲ្យក្រុមជម្រើសជាតិឈុតធំ ប្រហែលជា៤គ្រាប់។
ជីវិតផ្ទាល់ខ្លួន លោក កែវ កុសល កើតនៅថ្ងៃទី ១៣ មិថុនា ១៩៨៦ នៅទីក្រុងភ្នំពេញ ក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើត៥នាក់ ប្រុសពីរនាក់ ស្រី៣នាក់។ លោកជាកូនច្បងនៅក្នុងគ្រួសារ ដែលមានឳពុកឈ្មោះ កែវ សុខា ជាមន្ត្រី ចូលនិវត្ត និង ម្ដាយ ឈ្មោះ ភាជ សាវី ជាមេផ្ទះ។ កម្រិតវប្បធម៌ លោកបានបញ្ចប់ថ្នាក់បិរញ្ញាបត្រផ្នែក គ្រប់គ្រងទូទៅ (General Management) នៅសាកលវិទ្យាល័យបៀលប្រាយនាឆ្នាំ២០០៨។ មុនឈានដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យ លោកបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅឆ្នាំ ២០០៣ ខណៈអនុវិទ្យាល័យ សិក្សានៅ ព្រះស៊ីសុវត្ថិ។ ចំណែក បឋមសិក្សាលោកបានសិក្សានៅសាលបដិវត្ត។
ការចូលហាត់បាល់ កែវ កុសល ចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ បើទោះបីជាត្រូវបានហាមឃាត់ពីឪពុកម្ដាយក៏ដោយ។ ប៉ុន្តែលោកសុខចិត្តដើរផ្ទុយពីគោលគំនិតរបស់ក្រុមគ្រួសារ ដែលចង់ឲ្យរៀនសូត្រមុខជំនាញផ្សេងៗ ក្រៅពីកីឡា ដោយយល់ថា គ្មានសាច់ញាតិណាម្នាក់ជាអ្នកកីឡាឡើយ។ អ្នកមានគុណទាំងពីរតែងខឹង និង ហាមដាច់ខាតមិនឲ្យលោក កែវ កុសល លេងបាល់ទាត់ទេ ប៉ុន្តែលោកក្រាញននៀលនឹងបាល់ទាត់រហូតដល់ធ្វើពួកគាត់ទាំងពីរ ទន់ចិត្ត និង ងាកមកគាំទ្រវិញរហូតដល់សព្វថ្ងៃ។ គ្រូបង្វឹកដែលលោកហ្វឹកហាត់មុនគេគឺ លោក មិត្ត សំអែល ប៉ុន្តែបានត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។ បន្ទាប់មកទៀត លោកបានទៅហ្វឹកហាត់ជាមួយលោក អ៊ុព សំអាន ដែលគ្រូបង្វឹករបស់ក្រសួងការពារជាតិ រួមនឹងលោក ទេព ឡុងរចនា និង លោក នង គឺមសុន រហូតធ្លាយទៅហ្វឹកហាត់ជាមួយលោកគ្រូ នាង ស្បាន។
លេងឲ្យក្រសួងការពារជាតិ -២០០០-២០០៥ លោកជាកីឡាករលេងឲ្យក្រសួងការពារជាតិ។ ក្នុងអំឡុងលេងឲ្យក្រសួងការពារជាតិនេះ លោកបានទៅចូលរួមក្នុងកម្មវិធី Cambodian Street Football នៅឆ្នាំ២០០០។ ជាមួយគ្នានោះ លោកបានចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកទូទាំងប្រទេសដែលរៀប ចំដោយក្រសួងអប់រំ យុវជន និង កីឡា នៅឆ្នាំ២០០២, ២០០៣, ២០០៤ និង ២០០៥។
លេងឲ្យខេមរាកីឡា -២០០៥-២០០៧ លោកជាកីឡាកររបស់ ខេមរាកីឡា។ លោក បានចូលរួមប្រកួតក្នុងពានរង្វាន់ Cambodian Premier league (បច្ចុប្បន្នប្តូរមក Metfone Cambodian League ) មុនពេលក្លឹបនេះប្រកាសដកខ្លួនពីក្របខ័ណ្ឌលីកំពូលដោយសារតែ ក្ស័យធន។ អំឡុងពេលនេះលោកបានទៅលេងក្នុងពានរង្វាន់ AFC President’s Cup ចំនួនពីរលើកនៅឆ្នាំ២០០៦ នៅម៉ាឡេស៊ី និង ឆ្នាំ២០០៧ នៅប៉ាគីស្ថាន។ ឆ្នាំ២០០៦ គឺជាឆ្នាំដែលក្រុម ខេមរាកីឡាបំបែកកំណត់ត្រាប្រវត្តិបាល់ទាត់កម្ពុជាដោយឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ President’s Cup មុន ភ្នំពេញក្រោន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលឆ្នាំ២០១១។
ពេលនោះ ខេមរាកីឡា ស្ថិតនៅក្នុងពូល A ជាមួយក្រុម Transport United របស់ ប៊ូតាន់ Tatung របស់ តៃវ៉ាន់ និង Pakistan Army របស់ ប៉ាគីស្ថាន។ ខេមរាកីឡា យកឈ្នះ Transport United ២-១ ឈ្នះ Tatung ៥-១ និង ស្មើ ១-១ ជាមួយ Pakistan Army។ ក្នុងជំនួបជាមួយ Tatung លោកកែវ កុសល ស៊ុតបានមួយគ្រាប់ផងដែរ។ ប៉ុន្តែគួរឲ្យស្ដាយ ក្រុមខេមរាកីឡា បានចាញ់ក្រោមដៃ Dordoi-Dynamo របស់ប្រទេស កៀហ្ស៊ីស៊ីស្ថាន ០-៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នាឆ្នាំនោះ Dordoi-Dynamo ឈ្នះពានរង្វាន់នេះ បន្ទាប់ពីបំបាក់ក្រុមVakhsh របស់តាហ៊្សីគីស្ថានក្នុងលទ្ធផល ២-១។
ប៉ុន្តែនៅ២០០៧ ខេមរាកីឡា មិនអាចឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតឡើយ ដោយទទួលបានត្រឹម ៣ពិន្ទុប៉ុណ្ណោះក្នុងបីប្រកួតក្នុងពូល។ ខេមរាកីឡា ចាញ់ Dordoi-Dynamo ០-៤, ចាញ់ Mahendra Police Club ៤-៦, ប៉ុន្តែឈ្នះ Tatung ១-០។ ឆ្នាំនោះដែរ Dordoi-Dynamo ជាអ្នកឈ្នះជើងឯកដដែលដោយយកឈ្នះលើ Mahendra Police Club ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ លេងឲ្យជម្រើសជាតិ
-២០០២ ចូលរួមជាមួយ U17 កម្ពុជាក្នុងដំណើរទៅប្រកួតជម្រុះពានរង្វាន់ AFF Youth U17 Championship នៅប្រទេស ឥណ្ឌូណេស៊ី នាខែកុម្ភៈ។ ដល់ខែ មេសា ឆ្នាំដដែលទៅប្រកួតជម្រុះ AFC Youth U17 Championship នាខែ មេសា នៅប្រទេសកូរ៉េខាងត្បូង។
-២០០៣ ចូលរួមប្រកួតវគ្គជម្រុះ Asean Youth U-18 Championship នៅទីក្រុង ហូជីមិញ នៃ ប្រទេសវៀតណាម នាមិថុនា។ នៅឆ្នាំនេះ ក៏បានចូលប្រកួតកីឡាស៊ីហ្គេមលើកទី២២ នៅប្រទេសវៀតណាម។
-២០០៤ ចូលរួមប្រកួតជម្រុះAFC U20 Championship នៅម៉ាឡេស៊ី នាខែតុលា។ បន្ទាប់មកទៀត ចូលរួមប្រកួត Tiger Cup (នាពេលបច្ចុប្បន្ន ប្តូរមកជាAFC Suzuki Cup ) នាខែធ្នូនៅប្រទេសវៀតណាម។ -២០០៥ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា និង ធ្នូ។
-២០០៦ ចូលរួមប្រកួតវគ្គជម្រុះAFC Challenge Cup នៅប្រទេសបង់ក្លាដេស និង វគ្គជម្រុះ Tiger Cup នៅប្រទេសហ្វីលីពីន។
-២០០៧ ចូលរួមប្រកួតពានរង្វាន់ NEHRU CUP នៅប្រទេសឥណ្ឌា។ បន្ទាប់មកទៀតចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៤ នៅប្រទេសថៃ។
-២០០៩ ចូលរួមប្រកួតពានរង្វាន់ BIDC Cup នៅកម្ពុជា។
ក្លាយគ្រូបង្វឹក
វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់ លោក កែវ កុសល បានបញ្ចប់វគ្គគ្រូបង្វឹកបាល់ទាត់ AFC A License នៅកម្ពុជាកាលចុងឆ្នាំ២០១១ កន្លងទៅនេះ ជាមួយលោក ហុក សុចិត្រា, លោកមាស ចាន់ណា និង លោក សួង ភារម្យ ជាដើម។ មុនឈានដល់ការសិក្សា លោកបានបញ្ចប់វគ្គសិក្សា AFC C License នៅម៉ាឡេស៊ី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជូនឲ្យទៅរៀន។ លើសពីនេះលោបានចេញទៅសិក្សាវគ្គខ្លីៗ នៅក្រៅប្រទេសជាញឹកញាប់ ហើយ ជាក់ស្ដែងនៅចុងឆ្នាំ ២០១០ បានទៅសិក្សាវគ្គ Project Future នៅប្រទេស អេស្ប៉ាញ។
រូបកាលទៅប្រទេសអេស្ប៉ាញឆ្នាំ ២០១០ពេលទៅកាន់ពាន World Cup និង Euro2008
អាពាហ៍ពិពាហ៍ កាល ខែ វិច្ឆិកា ២០១១ លោក កែវ កុសល បានរៀបការជាមួយ កញ្ញា ផល សុផារ័ត្ន ដោយមានភ្ញៀវកិត្តិយសជាពិសេសមិត្តភ័ក្ដិក្នុងរង្វង់កីឡាចូល រួមជាច្រើននាក់។ ស្នាដៃទទួលបាន -២០០០ ឈ្នះជើងឯកពានរង្វាន់ Cambodian Street Football -២០០៣ ឈ្នះជើងឯកទូទាំងប្រទេសដែលរៀបចំដោយក្រសួងអប់រំយុវជន និង កីឡា ក្របខ័ណ្ឌក១ នៅខេត្តកំពង់ចាម។ -២០០៤ ឈានដល់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតThe Asean Arm Force Friendship Football and Volleyball Cup។ -២០០៥&២០០៦ ជួយឲ្យ ខេមរាកីឡា ឈ្នះជើងឯកពាន Cambodian Premier League។ -២០០៦ ជួយឲ្យ ខេមរាកីឡា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC President’s ។ - ២០០៧ ជួយឲ្យខេមរាកីឡា ទទួលចំណាត់ថ្នាក់លេខ២នៃ Cambodian Premier League(CPL)។ -២០០៩ ជួយឲ្យក្រុមកម្ពុជាឈ្នះជើងឯក BIDC Cup 2009 និង ជួយឲ្យ ព្រះខ័នរាជ ជាប់ចំណាត់ថ្នាក់លេខ៣នៃ CPL៕