• 2017-09-12 03:16:32
  • ប្រវត្តិ​​

មក​​ស្គាល់ឲ្យ​ច្បាស់​​ខ្សែ​បម្រើ​ ហូយ​ ផល្លីន​ ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ ជាប់​ជម្រើស​ជាតិកម្រ​បាត់​

  • 2017-09-12 03:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហូយ ផល្លីន​ជា​​ខ្សែ​បម្រើ​វ័យ​ក្មេង​ ដែល​កំពុង​លេង​ឲ្យ​​ឈុត​ធំ​ព្រះ​ខ័នរាជ​ស្វាយរៀង​ និង​ ក្រុម​ជម្រើស​ជាតិ​​តាំង​ពី​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​រហូត​ដល់​ក្រុម​ធំ​។ ហួយ ផល្លីន​ កម្ពស់​​១.៧០​ម៉ែត្រ​ កើត​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៦​នៅ​រាជ​ធានី​ភ្នំពេញ។

ហូយ ផល្លីន

ខ្សែ​បម្រើ​​ កណ្ដាល​រូប​នេះ​​បាន​ក្លាយ​​ជា​កីឡាករ​វ័យ​ក្មេង​នៅ​ក្នុង​ក្លិប​កំពូល​​ និង​បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ភ្ញាក់​ផ្ញើល​ក្នុង​ចំណោម​ក្លិប​កំពូល​​ ទាំង​​១០របស់​កម្ពុជា។ លើស​ពី​នេះ​ ​គេ​​​ជា ​អតីត​សមាជិក​​ក្នុង​​ក្រុម​ជម្រើស​ជាតិ​U13ដែល​គេ​អាច​រក​គ្រាប់​បាល់​​៣​ គ្រាប់​ក្នុង​​៥​ប្រកួត​អន្តរជាតិ​កន្លង​មក។ អ្វី​ដែល​​​​ជា​កំណត់​ត្រា​​ល្អ​ជាង​​នេះ​គឺ​ថា​ ​ផល្លីន​ ​ស៊ុត​ឲ្យ​កម្ពុជា​​១គ្រាប់​ក្នុង​ពាន​រង្វាន់​AFF Championship 2011 និង ២​គ្រាប់​សម្រាប់​ជម្រុះ​​ពាន​រង្វាន់​ AFC U16 Championship 2012 ​នៅ​​ប្រទេស​ឡាវ។

ដោយ​សារ​​តែ​ការ​ស្រឡាញ់​ ចង់​កែ​ប្រែ​បាល់ទាត់​កម្ពុជា​​ឲ្យ​ប្រសើរ​ឡើង ​និង​ ​មាន​ការ​អនុញ្ញាត​​ពី​​លោក​ឳ​ពុក​ម្ដាយ​ផង​នោះ​ ផល្លីន​ ​បាន​សម្រេច​​ចិត្ត​ចូល​ហាត់​តាំង​ពី​អាយុ​១៣​ឆ្នាំ។ ក្លិប​ដំបូង​របស់​ផល្លីន​ គឺ​ព្រះខ័នរាជ​ស្វាយរៀង​ដែល​ទ្រនំ​ដ៏​សុខសាន្ត​រហូត​ដល់​សព្វ​ថ្ងៃ។

ហូយ ផល្លីន ពេល​​លេង​នឹង​ក្រុម​ម៉ាកាវ​នៅ​ស្តាត​ចាស់

ហូយ ផល្លីន​​គឺ​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​របស់​​​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ Daisuke Yoshioka​ ក្រោយ​ពេល​រូប​លោក​ចូល​កាន់​តំណែង​​ដឹក​នាំ​យុវជន​កម្ពុជា​​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១១។​ មិន​ត្រឹម​តែ​ខ្សែ​បម្រើ​ការពារ​​ទេ​ ​តែ​ ផល្លីន​ អាច​ឡើង​​​ទៅ​​ប្រយុទ្ធ​​នៅ​តំបន់​គ្រោះ​ថ្នាក់​របស់​គូបដិបក្ខ​ទៀត​ផង។ ​ជំនាញ​ដែល​​ ផល្លីន​ មាន​ផ្សេង​ទៀត​​គឺ​ដូច​ជា​ការ​ទាត់​បាល់​ហ្វ្រីឃីក ​និង​ ការ​ទាត់​បាល់​ពិន័យ​១១​​ម៉ែត្រ​បាន​យ៉ាង​ល្អ។

នៅ​ចាំ​បាន​ថា លោក​គ្រូ​ជន​ជាតិ​ជប៉ុន​ Daisuke មាន​ជំនឿ​ថា​ ផល្លីន ​ មិន​ត្រឹម​តែ​អាច​លេង​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ ផល្លីន​ អាច​លេង​នៅ​ប្រទេស​ខ្លាំង​នៅ​តំបន់​អាស៊ី​ ដូច​ជា​ ជប៉ុន​ និង កូរ៉េខាងត្បូង​ជា​ដើម។ ការ​គិត​​ និង​​ការ​លេង​របស់​ផល្លីន ​លឿន​​ រួម​ទាំង​ភាព​រហ័សរហួន​របស់​គេ។ ​ នៅ​ក្នុង​ខែ​ កក្កដា​ឆ្នាំ​​២០១១​ ផល្លីន​ បាន​​ដឹក​នាំ​ក្រុម​ទៅ​ប្រកួត​ពាន​រង្វាន់​ AFF U16 Championship 2011 នៅ​ប្រទេស​ឡាវ។ ​ក្នុង​ចំណោម​ ៤​ប្រកួត​របស់​កម្ពុជា​គឺ​​ឈ្នះ​១ ​ស្មើ​១​ និង​ចាញ់​ពី​រ​ប្រកួត។ ​ក្នុង​នោះ​កម្ពុជា​ឈ្នះ​ ​ហ្វីលីពីន​ ២-១​ ​ស្មើ​​មីយ៉ាន់ម៉ា ១-១​ តែ​ ចាញ់​ ​វៀតណាម​ ៤-១​ និង​ ចាញ់​សិង្ហបុរី​ ៤-០។ ​អ្វី​ដែល​ជា​​កំណត់​ត្រា​របស់​ ផល្លីន​ គឺ​ស៊ុត​ឲ្យ​ក្រុម​កម្ពុជា​ តាម​ស្មើ​ ​មីយ៉ាន់ម៉ា។​ ពេល​នោះ​កម្ពុជា​ហៀប​នឹង​ឈ្នះ​ ​មីយ៉ាន់ម៉ា​ ទៅ​ហើយ​ តែ​ ខ្សែ​ប្រយុទ្ធ​ សឿង សុបញ្ញា​ ទាត់​បាល់​​ពិន័យ​១១​ម៉ែត្រ​ មិន​ចូល​នៅ​នាទី​ទី​៧២។

ហូយ ផល្លីន (លេខ​៧៤) និង​មិត្ត​រួម​ក្រុម​ពេល​ឈ្នះ​ម៉ាកាវ ៣-០ នៅ​ស្តាត​ចាស់

នៅ​ក្នុង​ខែ​ កញ្ញា​​ ​ប្រធាន​ក្រុម​ ហូយ ផល្លីន បាន​ដឹក​នាំ​ក្រុម​ទៅ​ប្រកួត​ ជម្រុះ​ AFC Championship 2012 នៅ​ប្រទេស​ ឡាវ​ ដដែល។ ​​ក្រុម​U16កម្ពុជា​ឈ្នះ ​តែ​មួយ​ប្រកួត​គត់​ក្នុង​ចំណោម​ ៥​ប្រកួត។ ​ជ័យជម្នះ​លើ​ក្រុម​ តៃវ៉ាន់​ ២-១​ គឺ​ជា​ស្នា​ដៃ​ស៊ុត​របស់​ ផល្លីន​ ទាំង​ពីរ​គ្រាប់។ គ្រាប់​ទី​១​ជា​គ្រាប់​បាល់​ស៊ុត​ ហ្វ្រីឃីក​ ខណៈ​គ្រាប់​ទី២​ ​គឺ​ជា​ការ​ស៊ុត​ បាល់​ពិន័យ​១១​ម៉ែត្រ ក្រោយ​ពី​ខ្សែ​ការពារ តៃវ៉ាន់ ធ្វើ​ឲ្យ​តុលា​ដួល​ក្នុង​តំបន់​ គ្រោះ​ថ្នាក់។

តាម​រយៈ​ការ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​កោះ​ហៅ​ ហួយ ផល្លីន​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​តាំង​ពី​អាយុ​១៦​ឆ្នាំ​រហូត​ដល់​​​ក្រុម​ធំ​គិត​ចាប់​តាំង​ពី​ឆ្នាំ​​២០១២​មក។ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​កម្ពុជា​ស្ទើរ​គ្រប់​កម្មវិធី​អន្តរជាតិ​ធំ​ៗ​ដូច​ជា​ ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៨។ ការ​ប្រកួត​ពាន​រង្វាន់​ Suzuki Cup ពាន​រង្វាន់​ AFC Asian Cup ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ និង​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើន​ទៀត។​

ហួយ ផល្លីន​បាន​ក្លាយ​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​ម្នាក់​សម្រាប់​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ បន្ទាប់​ពី​គ្រូ​បង្វឹក​ពេញ​ចិត្ត​តាំង​ពី​យុវជន​ និង​​កោះ​ហៅ​ចូល​ក្រុម​ធំ​នៅ​ឆ្នាំ​២០១១​រហូត​ដល់​បច្ចុប្បន្ន៕

ហូយ ផល្លីន (លេខ​៧៤) និង​មិត្ត​រួម​ក្រុម​ពេល​ឈ្នះ​ម៉ាកាវ ៣-០ នៅ​ស្តាត​ចាស់

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី