- 2015-12-04 22:20:43
- ប្រវត្តិ
ដឹងអ្វីខ្លះពីខ្សែការពារបឹងកេតអង្គរ ទូច បញ្ចរ៉ុង?
- 2015-12-04 22:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអ្វីខ្លះពីខ្សែការពារបឹងកេតអង្គរ ទូច បញ្ចរ៉ុង?
ចន្លោះមិនឃើញ
ទូច បញ្ចរ៉ុង គឺជាខ្សែការពារមួយរូបដែលមិនអាចខ្វះបានសម្រាប់ក្លិបបាល់ទាត់បឹងកេតអង្គរ និងមិនសូវបាត់មុខពីក្រុមជម្រើសជាតិនាពេលបច្ចុប្បន្ន។ ជារឿយៗ អ្នកគាំទ្រឃើញតែកីឡាកររូបនេះរារាំង ការពារ និងហក់ទៅឈូសបាល់ពីគូបដិបក្ខ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីប្រវត្តិរបស់គេឡើយ។
ខ្សែការពាររូបនេះអាចលេងជាខ្សែការពារកណ្ដាល ឆ្វេង និង ស្ដាំ ទៅតាមការចង់បានរបស់គ្រូបង្វឹកទៀតផង។ បញ្ចរ៉ុង បានជាប់ជម្រើសជាតិតាំងពីឈុត U19 នៅឆ្នាំ២០០៩ ហើយ មានឈ្មោះទៅប្រកួត កីឡាស៊ីហ្គេមនៅឡាវតាំងពីឆ្នាំ២០០៩។ បន្ថែមលើនេះ បញ្ចរ៉ុង ជាប់ជម្រើសជាតិតាំងពីការប្រកួត ជម្រុះ AFC Challenge Cup 2012 នាខែកុម្ភៈ ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។
ជីវិតផ្ទាល់ខ្លួន ទូច បញ្ចរ៉ុង កើតនៅឃុំដងទង់ ស្រុក ស្មាច់មានជ័យ ខេត្តកោះកុង។ ក្នុងគ្រួសារមួយដែលមានឳពុកឈ្មោះ ភី ហៃប៉េង និង ម្ដាយឈ្មោះ ឥដ្ឋ ធីតា។ រស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពមធ្យមនៅឯខេត្តកោះកុង បញ្ចរ៉ុង មានបងប្អូនបង្កើត៥នាក់ដែលក្នុង ប្រុសពីរនាក់ និង ស្រី៣នាក់ ហើយ បញ្ចរ៉ុង ជាកូនទី៣នៅក្នុងក្រុមគ្រួសារ។
បើ និយាយពីការសិក្សាវិញ បញ្ចរ៉ុង បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០០៧ នៅសាលាកោះកុង ហើយ អនុវិទ្យាល័យក៏រៀននៅសាលាដដែលនេះដែរពីឆ្នាំ២០០១-២០០៤។
ចាប់ផ្ដើមលេងបាល់ទាត់ ឪពុកម្ដាយបានហាមឃាត់មិនឲ្យលេងបាល់ទាត់ពីព្រោះបារម្ភពីរឿង របួសនោះ បញ្ចរ៉ុង នៅតែចូលចិត្ត និង លេងបាល់ទាត់តាំងពីនៅអនុវិទ្យាល័យជាមួយមិត្តភ័ក្តិ រហូតដល់ វិទ្យាល័យម៉្លេះ។ បន្ទាប់មក បញ្ចរ៉ុង បានចូលលេងឲ្យក្រុមបាល់ទាត់ខេត្តកោះកុង មុនពេលផ្លាស់មកលេងឲ្យក្រុម Dolphinនៅឆ្នាំ២០០៨។ ក្រោយពីដឹងចំណង់របស់កូន អ្នកមានគុណទាំងពីរក៏លែងឃាត់ឃាំងទៀតដែរ ដោយស្របតាម បញ្ចរ៉ុង រហូតដល់សព្វថ្ងៃ។ តែលោកទាំងពីរនៅតែបារម្ភ ពេលមានរបួសម្ដងៗ។ ទម្រង់កាន់តែល្អ បានធ្វើឲ្យ បញ្ចរ៉ុង ផ្លាស់ប្ដូរក្លិបជាបន្តបន្ទាប់។ នៅឆ្នាំ២០១០ ទូច បញ្ចរ៉ុង បានលេងឲ្យភ្នំពេញក្រោន មុននឹងផ្លាស់ទៅលេងឲ្យក្លិបប៉ូលិស នៅឆ្នាំ២០១១។ នៅឆ្នាំ២០១២ នេះ បញ្ចរ៉ុង បានផ្លាស់ទៅលេងនៅក្លិបអ្នកមានថ្មី បឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម។
ជាប់ជម្រើសជាតិ U19 ទូច បញ្ចរ៉ុង បានជាប់ជម្រើសក្នុងឈុត U19 ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកប្រាក់ សុវណ្ណារ៉ា។ បញ្ចរ៉ុង បានចេញទៅប្រកួតនៅក្នុងពានរង្វាន់ AFF U19 Championship 2009 នៅប្រទេសវៀតណាម តែក្រុម កម្ពុជាចាញ់ទាំងបីប្រកួតជាប់គ្នា។ កម្ពុជាស្ថិតនៅក្នុងពូលA ជាមួយ ថៃ អូស្ត្រាលី និង សិង្ហបុរី។ U19 កម្ពុជាចាញ់ទាំងបីប្រកួត គឺចាញ់ថៃ ៣-០ ចាញ់ សិង្ហបុរី៣-១ និងចាញ់ អូស្ត្រាលី ៣-០។
ក្រោយមក ខ្សែការពាររូបនេះក៏ជាសមាជិកមួយរូបពេលក្រុម U23 កម្ពុជាទៅប្រកួត កីឡាស៊ីហ្គេមនៅប្រទេសឡាវឆ្នាំ២០០៩ ក្រោមការគ្រប់គ្រងរបស់ គ្រូបង្វឹក Scott O’Donell ។ ក្រុម U23 ស្ថិតនៅក្រុមជាមួយ វៀតណាម ម៉ាឡេស៊ី ថៃ និង ទីម័រខាងកើត។ ក្រុមកម្ពុជាចាញ់ ថៃ ០-៤ ចាញ់ ម៉ាឡេស៊ី ០-៤ ចាញ់ វៀតណាម ១-៦ តែ ឈ្នះ ទីម័រខាងកើត ៤-១។
បន្ទាប់ពីជាប់ជម្រើសជាតិ U19 និង U23 បញ្ចរ៉ុង ត្រូវបានកោះហៅ និង ជាប់ជម្រើសជាតិក្នុងនាមជាខ្សែការពារមិនខ្វះបានពេលដែល លោក Lee Tae Hoon មកកាន់ក្រុមជម្រើសជាតិនៅខែ សីហា ឆ្នាំ ២០១០។ ខាងក្រោមនេះជាកម្មវិធីដែល បញ្ចរ៉ុង បានចូលលេងឲ្យក្រុមជម្រើសជាតិ។
AFC Challenge Cup 2012 បញ្ចរ៉ុង បានជួយឲ្យកម្ពុជាឆ្លងដល់វគ្គចែកពូលនៃពានរង្វាន់ AFC Challeng Cup 2012 ដែលជាពានរង្វាន់ប្រចាំទ្វីបអាស៊ីដែលមាន៤៦ប្រទេសចូលរួមនាពេល បច្ចុប្បន្ន។ ក្រុមកម្ពុជាបានយកឈ្នះ ម៉ាកាវ ៣-១ តែចាញ់ ២-៣ នៅក្រៅដី។ សរុបគ្រាប់បាល់ទាំងពីរជើង ក្រុមកម្ពុជាឈ្នះ៥-៤ ហើយ កម្ពុជាមានសិទ្ធទៅប្រកួតបន្ត។ វគ្គចាប់ពូលក្នុងពានរង្វាន់ដដែលនេះ កម្ពុជាស្ថិតនៅជាមួយក្រុម តាហ្ស៊ីគីស្ថាន កៀរហ្សីគីស្ថាន និង ម៉ាល់ឌីវ។ ក្នុងវគ្គចែកពូល កម្ពុជាចាញ់ម្ចាស់ផ្ទះ ម៉ាល់ឌីវ ០-៤ ចាញ់តាហ៊្សីគីស្ថាន ០-៣ និងចាញ់ កៀរហ្សីគីស្ថាន ៣-៤។ បីគ្រាប់របស់កម្ពុជាបានមកពីការស៊ុត២គ្រាប់របស់គួច សុកុម្ភៈ និង មួយគ្រាប់របស់ខ្សែការពារសុក រិទ្ធី។
World Cup Qualifier 2014 នៅ ថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០១១ ក្រុមកម្ពុជាឈ្នះ ឡាវ ៤-២ នៅក្នុងទឹកដីកម្ពុជា តែចាញ់ ឡាវ យ៉ាងដំណំ ៦-២ នៅក្រៅទឹកដីនៅថ្ងៃទី ១ កក្កដាឆ្នាំដដែល។ សរុបគ្រាប់បាល់ កម្ពុជាចាញ់ ឡាវ ៦-៨ នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ប្រចាំ ទ្វីបអាស៊ីដោយមិនបានទៅប្រកួតបន្តឡើយ។
BIDC CUP 2011 បញ្ចរ៉ុង ក៏ជាកីឡាករមួយរូប ដែលលេងក្នុងពានរង្វាន់ BIDC CUP 2011 ឬ ហៅថា ពានរង្វាន់បាល់ទាត់យុវជនមហាអនុតំបន់ទន្លេមេគង្គក្រោម អាយុ២១ ឆ្នាំកាលខែ តុលា ឆ្នាំ ២០១១ និង បានការចូលរួមពីបណ្ដាប្រទេសចំនួន៦ មានដូចជា U21កម្ពុជា, U21ថៃ, U21ឡាវ, U21មីយ៉ាន់ម៉ា,U21 វៀតណាម,និងក្លិប Hong Xiang FC របស់ចិន។ ក្រុមកម្ពុជាឈ្នះឡាវ ២-០ ស្មើ មីយ៉ាន់ម៉ា ២-២ តែចាញ់ ថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ១-២។
SEA GAMES 2011 បញ្ចរ៉ុង ចូលលេងទាំងបួនប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម តែ ក្រុម U23កម្ពុជាចាញ់ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ០-៦ នៅក្នុងការប្រកួតបើកឆាក នៃពូល A របស់ខ្លួនកាលថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១១។ កម្ពុជាចាញ់ សិង្ហបុរី ១-២ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ មួយគ្រាប់ របស់ កម្ពុជា គឺជាការស៊ុតដ៏អស្ចារ្យ របស់ ឈិន ឈឿន ដែលគ្រាប់បាល់សឹងតែអស់មុំទៅហើយពីស្លាបស្ដាំ និង ចូលមុំកែងនៃសំណាញ់ទីយ៉ាងល្អនៅនាទីទី៣៥។ កម្ពុជាបាននាំមុខមុន តែត្រូវក្រុម សិង្ហបុរី តាម ស្មើ និងវាយបកយកឈ្នះខ្មែរតែម្ដងនៅតង់ទី២។ នៅក្នុងការប្រកួតទី៣កម្ពុជាចាញ់ក្រុម ថៃរហូតដល់ ០-៤ នៅថ្ងៃទី១១ វិច្ឆិកា ២០១១។
ការប្រកួតលើកទី៤ ដែលជាការប្រកួតជម្រុះបញ្ចប់នៅក្នុងពូល A កម្ពុជា ចាញ់ម្ចាស់ការពារតំណែងជើងឯកចាស់ ម៉ាឡេស៊ី ១-៤ នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំដដែល។ កីឡាករដែលស៊ុតឲ្យកម្ពុជា គឺមនុស្សដដែលៗ ពេល រកគ្រាប់បាល់ជាមួយ សិង្ហបុរី។ ការស៊ុត របស់ ឈិន ឈឿន គឺបន្ទាប់ពីការបោះបាល់យ៉ាងល្អ ពីប្រធានក្រុម ឃួន ឡាបូរ៉ាវី នៅនាទីទី៦១ នៃតង់ទី២។
Hassanal Bolkiah Trophy(HBT) 2012 បញ្ចរ៉ុង អមជាមួយកីឡាករ U21កម្ពុជាផ្សេងទៀតទៅប្រកួតពានរង្វាន់HTB 2012 នៅប្រ៊ុយណេ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០១២។ ក្រុមU21កម្ពុជាចាញ់ ម្ចាស់ផ្ទះ ប៊្រុយណេ ២-៣ នៅថ្ងៃទី ២៥ កុម្ភៈ ចាញ់ វៀតណាម ១-២ នៅថ្ងៃទី ២៧ កុម្ភៈ ចាញ់ ទីម័រខាងកើត ០-១ នៅថ្ងៃទី ២៩ កុម្ភៈ និង ចាញ់ ម៉ាឡេស៊ី ១-៣ នៅថ្ងៃទី ៥ មីនា។
ឆ្នាំ២០១២ នៅ ដើមឆ្នាំ២០១២ នេះពោល ចាប់ពីថ្ងៃទី ០៧ មករា ទូច បញ្ចរ៉ុង បានផ្លាស់ពីក្លិបប៉ូលិសទៅចូលរួមក្លិបអ្នកមានថ្មី ចម្ការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្សែការពាររូបនេះកំពុងតែបន្តលេងឲ្យក្លិបបឹងកេត នៅក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១២។ ជាមួយគ្នានោះដែរ បច្ចុប្បន្ន បញ្ចរ៉ុង ក៏ជាប់ជម្រើសជាតិ U22 ត្រៀមវគ្គជម្រុះ AFC U22 Asian Cup នាខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះដែរ។ ចាប់ពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០១៥នេះ ទូច បញ្ចរ៉ុងបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាទាំងក្រុម U23 និងក្រុមធំសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ការប្រកួតជម្រុះបាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ីឆ្នាំ២០១៨ និងការប្រកួតជម្រុះពានរង្វាន់ AFC ជាដើម។
ស្នាដៃទទួលបាន - ឆ្នាំ ២០១០ ទូច បញ្ចរ៉ុង ក៏ជាសមាជិកមួយរូបនៅភ្នំពេញក្រោន ពេលក្រុមឈ្នះ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១០។
ទោះជា បញ្ចរ៉ុង កំពុងតែលេងល្អនៅក្លិបបឹងកេត និង មានឈ្មោះមិនដែលដាច់នៅក្នុងក្រុមជម្រើសជាតិ ប៉ុន្តែ ខ្សែការពាររូបនេះ ថានឹងទៅប្រកបមុខរបរផ្សេងក្រៅពីអាជីពបាល់ទាត់នាថ្ងៃអនាគត។ ការទទួលមុខរបរថ្មីបន្ទាប់ពីការលេងបាល់ទាត់គឺដោយសារមានបង ស្រីនៅឯខេត្តឧត្ដរមានជ័យជាអ្នកជួយផ្ចុងផ្ដើម៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា