• 2015-07-28 13:20:15
  • ប្រវត្តិ​​

​ខ្សែបម្រើ​​​ប៉ូលិស ​​អ៊ុល រ៉ាវី ​​សន្សំ​ប្រាក់​ជិត​៥​ឆ្នាំ​ទើប​ទិញ​ម៉ូតូ​​​​បាន​មួយ​គ្រឿង​

  • 2015-07-28 13:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​បម្រើ​របស់​ក្លិប​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ(​​ប៉ូលិស)​ ​អ៊ុល រ៉ាវី មាន​លទ្ធភាព​ទិញ​ម៉ូតូ​​បាន​មួយ​គ្រឿង​សម្រាប់​ជិះ​ផ្ទាល់​ខ្លួន បន្ទាប់​ព្យាយាម​​​សន្សំ​ប្រាក់​​អស់​​រយៈ​ជិត​​៥​ឆ្នាំ​​​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ម្នាក់។

 

អ៊ុល រ៉ាវី​ បាន​ឲ្យ​ដឹង​ថា ​​រូប​គេ​ចំណាយ​ពេល​​ជិត៥ឆ្នាំ​ដើម្បី​សន្សំ​ប្រាក់​​បាន​​១​៣០០​​ដុល្លារ​អាមេរិក​ ដើម្បី​​ទិញ​ម៉ូតូ​មួយ​គ្រឿង​​​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​បាល់ទាត់​។ ​តាំង​ពី​ចាប់​ផ្ដើម​ចូល​លេង​បាល់ទាត់​មក​​​ដល់​​​ពេល​នេះ ​ប្រាក់​ដែល​រូប​គេ​សល់​ពី​ការ​ចាយ​​​ក្នុង​មួយ​ខែ​​យ៉ាង​ច្រើន​​សល់​​ត្រឹម​៧០​ទៅ​៨០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

​​ខ្សែ​​បម្រើ​​​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​​​រូប​នេះ​បន្ត​ថា ​ប្រាក់​ខែ​នៅ​ក្លិប​ក្នុង​​មួយ​ខែ​​បាន​​៣៥០​​ដុល្លារ​អាមេរិក។ ចំណែក​ការ​ចំណាយ​​លើ​​ថ្លៃ​ផ្ទះ​​​ ​ទឹក​​និង​ភ្លើង​ក្នុង​មួយ​ខែ​ចន្លោះ​ពី​​៨០ទៅ​៩០​​ដុល្លារ​អាមេរិក។ ក្រៅ​ពី​នេះ​នៅ​ថ្លៃ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ​​​ម្ហូប​អាហារ​ ខណៈ​ភរិយា​របស់​គេ​​ទើប​​នៅ​ជាប់​ដៃ​ជា​មួយ​​កូន​តូច​​នៅ​​​ឡើយ​ដែល​មិន​ទាន់​អាច​ចេញ​ធ្វើ​ការ​បាន ដូច្នេះ​​បន្ទុក​ក្នុង​គ្រួ​សារ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​​​លើ​ប្រាក់​ខែ​របស់​​​គេ។ ​ម្យ៉ាង​ទៀត ​​ម្ដាយ​របស់​គេ​​ក៏​ជួប​ការ​លំបាក​ដោយ​សារ​ជា​ស្ត្រី​មេម៉ាយ​។

 

អ៊ុល រ៉ាវី ​បាន​និយាយ​ថា ៖«​​ខ្ញុំ​ចាប់​លេង​បាល់​តាំង​​ឆ្នាំ​២០១០។ ខ្ញុំ​ព្យាយាម​ចាយ​សន្សំសំចៃដោយ​​ក្នុង​មួយ​ថ្ងៃ​ចាយតែ​លើ​​​ម្ហូប​អាហារ​​បន្តិច​បន្ទួច​ ​ដើម្បី​​ទុក​​​ប្រាក់​​ខ្លះ​សន្សំ​ទិញ​ម៉ូតូ​ ហើយ​ក៏​ទិញ​បាន​​​មួយ​គ្រឿង​ តម្លៃ​១៣០០​​ដុល្លារ​អាមេរិក​។ ​ទម្រាំ​ទិញ​​ម៉ូតូ​នេះ​​​​បាន​​ ខ្ញុំ​​​ចំណាយ​ពេល​សន្សំ​ប្រាក់​ជិត​៥​ឆ្នាំ។ ក្នុង​មួយ​ខែ​ច្រើន​ណាស់​​សល់​ត្រឹម​៧០​ឬ​៨០​ដុល្លារ​ បើ​​​កូន​ឈឺ​ទៀត​ ​ខែ​ខ្លះ​អស់​ ​គ្រួ​សារ​ខ្ញុំ​មិន​ហ៊ាន​ហូប​អី​ឆ្ងាញ់​ញឹក​ញាប់​ទេ​​»។

រយៈ​ពេល​ចុង​ក្រោយ​នេះ អ៊ុល រ៉ាវី មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ប៉ូលិស​សម្រាប់ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​ឡើយ​ដោយ​សារ​មាន​របួស​ដៃ។ បច្ចុប្បន្ន​​​រូប​គេ​​​កំពុង​សម្រាក​ព្យាបាល​របួស​ដៃ បន្ទាប់​ពី​​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​ពេល​កន្លង​ទៅ​ ​ហើយ​គេ​នឹង​ត្រូវ​អវត្តមាន​មិន​អាច​ជួយ​ក្រុម​ប៉ូលីស​​រហូត​ដល់​ពាក់​កណ្ដាល​ខែ​ក្រោយ។ ​ការ​ចំណាយ​​​សម្រាប់​ការ​ព្យាបាល​របួស​នេះ ​ក្លិប​​​បាន​ជួយ​ចេញ​ទាំង​ស្រុង​៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

​​​​

មតិយោបល់