• 2015-06-29 13:30:59
  • ប្រវត្តិ​​

នេន សុធារ័ត្ន ​ខ្សែ​ការពារ​​លេច​ធ្លោ​​​នៅ​​ជម្រើស​ជាតិ និង​ស្វាយរៀង

  • 2015-06-29 13:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ នេន សុធារ័ត្ន ​បាន​ក្លាយ​ជា​​ខ្សែ​ការពារ​ដ៏​ឆ្នើម​របស់​​ក្រុម​កម្ពុជា​ពេល​​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ​ឆ្នាំ២០១៥ ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ២០១៨ ប៉ុន្តែ​ទស្សនិកជន​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ច្បាស់​ពី​​ប្រវត្តិ​របស់​កីឡាករ​រូប​នេះ​ឡើយ។

 

 

នេន សុធារ័ត្ន ដែល​មាន​កម្ពស់ ១.៧៥ ម៉ែត្រ និង​​​​ទម្ងន់​​៥៩​គីឡូក្រាម​ កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​១៩៩៥ នៅ​រាជធានី​​ភ្នំពេញ​​​។ ក្នុង​ចំណោម​​​បង​ប្អូន​ពីរ​នាក់​ រូប​គេ​​ជា​កូន​ប្រុស​ច្បង​​​ដែល​មាន​ប្អូន​ស្រី​ឈ្មោះ​ ​នេន សុម៉ាលី ​អាយុ​១៥ ឆ្នាំ។ ឪពុក​របស់​គេ​ឈ្មោះ ខៀវ គង់​ណូរ៉ា និង​ម្ដាយ​ឈ្មោះ សឿ ចាន់​សុភ័ក្រ្ដ។

 

​ឆ្នាំ​ ២០០៦ សុធារ័ត្ន រៀន​ចប់​​​បឋម​សិក្សា​នៅ​សាលា​សំពៅមាស ​និង​បាន​ចូល​រៀន​អនុ​វិទ្យាល័យ​​ក្នុង​​​ឆ្នាំ​សិក្សា​២០០៦- ២០០៧ ​និង​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​ ២០១២ នៅ​​វិទ្យាល័យ​​ព្រះយុគន្ធរ​។ ​បច្ចុប្បន្ន​​ កីឡាករ​រូប​នេះ​ជា​​និស្សិត​​នៅ​សាកល​វិទ្យាល័យ​​​​​ន័រតុន​ឆ្នាំ​ទី១។ ​​ជាប់​បាក់ឌុប​ក្នុង​ឆ្នាំ​​២០១២ ប៉ុន្តែ​ទើប​តែ​ចូល​រៀន​ឆ្នាំ​ទី ១ ដោយ​សារ​​រូប​គេ​មិន​បាន​រៀន​ដិតដល់ ពី​​​ព្រោះ​​ប្រឹង​លេង​បាល់រហូត​ក្លាយ​ជា​កីឡាករ​បាល់ទាត់​​អាជីព​ដល់​សព្វ​ថ្ងៃ។

​​

​​កីឡាករ​រូប​នេះ​ចូល​ចិត្ត​លេង​បាល់ទាត់​តាំង​ពី​នៅ​តូច​​តាម​រយៈ​ការ​​មើល​លោក ប៉ា របស់​គេ​លេង​បាល់​នៅ​ស្តាតអូឡាំពិក​។ ​យូរ​ៗទៅ​ រូប​គេ​ក៏​ចូល​ចិត្ត​លេង​បាល់​តាម​ចំណង់​ចំណូល​ចិត្តលោក​ប៉ារបស់គេ​ដែរ។ ​​ថ្ងៃ​មួយ ​​​ក្នុង​ឆ្នាំ២០០៦ ​ជា​ពេល​​​ដែល​​ទើប​​​តែ​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​​ទី​ថ្នាក់​ទី​៦ ​​អាយុ ១២​​ឆ្នាំ ​​សុធារ័ត្ន ​បាន​ឃើញ​ក្រុម តារា​បាល់ទាត់​​អូឡាំពិក ត្រូវ​ការ​យុវជន​ចូល​ហ្វឹក​ហាត់​បាល់ទាត់​ ក៏​សម្រេច​ចិត្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​នេះ​តែ​ម្ដង។

 

 

 

​​កំឡុង​ពេល​ហ្វឹកហាត់​​បាល់ទាត់​ខាង​ក្រុម​គ្រូ​សារ​របស់​គេ​​​មិន​​ហាមឃាត់​អ្វី​ឡើយ ប៉ុន្តែ​​លោក​ប៉ា​របស់​គេ​បាន​និយាយ​ថា «លេង​ៗ ចុះ​បាល់ទាត់ ​តែ​មិន​ឲ្យ​ចោល​ការ​សិក្សា​ជា​ដាច់​ខាត»។ កំពុង​តែ​​លង់​​ចិត្ត​​រឿង​លេង​​​បាល់​​ផង​​នោះ​  សុធារ័ត្ន ​​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​លេង​បាល់​កាន់​តែ​ខ្លាំង​ឡើង។

 

​ដោយ​សា​ទម្រង់​លេង​​របស់​គេ​​បាន​កើន​ឡើង​កាន់​តែ​ល្អ គេ​ក៏​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​​​​ U-13 ក្នុង​ឆ្នាំ ២០០៧។ ដល់​ឆ្នាំ២០០៨ រូប​គេ​ក៏​បាន​​ចេញ​​​ពី​ក្លិប​តារា​អូឡាំពិក​មក​លេង​ឲ្យ​យុវជន​​​ក្លិបព្រះខ័ន្ធ​រាជ (ក្លិប​ស្វាយរៀង​បច្ចុប្បន្ន )។ ​ឆ្នាំ ២០១០ ​កាន់​តែ​ឡើង​ជើង​​ខ្លាំង​​មែន​ទែន ​រូប​គេ​បាន​ជាប់​ជា​ជម្រើស​ក្នុង​ក្រុម​ធំ​របស់​​ក្រុម​ស្វាយរៀង​តែ​ម្ដង។

 

ក្នុង​ទម្រង់​លេង​មួយ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់​​ក្នុង​ការ​ការពារ​បាល់​ នេន សុធារ័ត្ន ​ក៏​បាន​ជាប់​ជម្រើស​ជាតិ​ក្រុម​ U-23, ក្រុម​​ធំ​ក្នុង​ឆ្នាំ២០១២ និង​បន្ត​លេង​ក្នុង​ក្រុម​ស្វាយរៀង​ក្នុង​តំណែង​ជា​ខ្សែ​ការពារ​ស្លាប​​ ​និង​កណ្ដាល​រហូត​ដល់​ពេល​បច្ចុប្បន្ន។ កីឡាករ​រូប​នេះ​ធ្លាប់​ទាត់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​បាន​ចំនួន ២ គ្រាប់​គឺ​ទាត់​ចូល​ពេល​លេង​ជាមួយ Hong Kong ក្នុង​ឆ្នាំ២០១២ ពាន​រង្វាន់​ AFC Champion U-22  និង​មួយ​គ្រាប់​ទៀត​គឺ​ប្រកួត​​មិត្តភាព​ជាមួយប្រទេស​ឡាវកាល​ពី​ឆ្នាំ​២០១៣។

 

នេន សុធារ័ត្ន មិន​បោះបង់​ចោល​អាជីព​​​​​​វិស័យ​កីឡា​បាល់ទាត់​ឡើយ។ ​ថ្ងៃ​អនាគត​ប្រសិន​បើ​មាន​ឱកាស​ គេ​នឹង​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​បន្ត​ទៀត។ ជា​ចុង​ក្រោយ​​កីឡាករ​រូប​នេះ ក៏​សូម​អរគុណដល់បងប្អូន​​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ដែលតែងតែគាំទ្រក្រុមជម្រើស​ជាតិ​កម្ពុជា​ ហើយ​គេ​ក៏​សូម​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​​នៅ​កម្ពុជា​​​ជួយ​បន្តគាំទ្រលីក​​បាល់ទាត់​នៅ​កម្ពុជាឲ្យ​ដូចគាំទ្រក្រុមជម្រើស​ជាតិ​ផង​ដែរ៕

 

 នេន សុធារ័ត្ន (លេខ​៣) លេង​ឲ្យក្រុម U23 កម្ពុជា ប៉ះ ហ្វីលីពីន​ នៅ​ស៊ីហ្គេម

 

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា ​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី