- 2018-09-05 07:16:52
- ប្រវត្តិ
ការពិត ជ័យ ចិត្រា ចេញពីសាលាកីឡាថៃលំដាប់ទី១មុនជាប់ជម្រើសជាតិកម្ពុជា
- 2018-09-05 07:16:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ជ័យ ចិត្រា ចេញពីសាលាកីឡាថៃលំដាប់ទី១មុនជាប់ជម្រើសជាតិកម្ពុជា
ចន្លោះមិនឃើញ
ជ័យ ចិត្រា ជាខ្សែប្រយុទ្ធវ័យក្មេងជាងគេក្នុងចំណោមខ្សែប្រយុទ្ធ៤នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលត្រូវបានកោះ ហៅដោយគ្រូបង្វឹក Keisuke Honda ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ។ កីឡាករវ័យក្មេងរូបនេះទើបលេចមុខក្នុងលីគបាល់ទាត់កម្ពុជាឆ្នាំ២០១៨ហើយក៏មានឈ្មោះក្នុងជម្រើសជាតិថែមទៀត ប៉ុន្តែអ្នកគាំទ្រភាគច្រើនប្រហែលជាមិនបានដឹងពីអតីតកាលរបស់គេឡើយ។
ជ័យ ចិត្រា កើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧នៅភូមិវាលរហាត់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជាកូនពៅក្នុងចំណោមបងប្អូន៣នាក់ ចិត្រាមានឪពុកឈ្មោះ ជ័យ ជឹម និងម្តាយឈ្មោះ ញ៉ែត ញ៉។ រូបគេបានចូលរៀននៅសាលាបឋម Ban Kilosong និងវិទ្យាល័យកីឡា Suphanburi Sport School នៅប្រទេសថៃ។
ដំណើរជីវិតបាល់ទាត់នៅប្រទេសថៃ
សមាជិកក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ជ័យ ចិត្រា បានរៀបរាប់ថា តាំងពីតូចមករូបគេចូលចិត្តលេងបាល់។ ស្ទើរតែរាល់ថ្ងៃនៅជាយដាន រូបគេមិនទៅណាឆ្ងាយពីបាល់ឡើយ។ ដោយសារមានចំណងចំណូលចិត្តខ្លាំង និងមានទេពកោសល្យផងនោះ ឪពុកធម៌ជាជនជាតិថៃបានយករូបគេឲ្យចូលរៀននៅសាលាក្នុងប្រទេសថៃ។ ឪពុកធម៌ជាអ្នកឧបត្ថម្ភគាំទ្រ និងទទួលបានអាហារូបករណ៍នៅថៃ។
ជ័យ ចិត្រា បន្តឲ្យដឹងថា បន្ទាប់ពីចប់ការសិក្សានៅសាលាបឋមសិក្សា Ban Kilosong រូបគេបានធ្វើតេស្តជាប់ចូលរៀបអាហារូបករណ៍នៅវិទ្យាល័យកីឡា Suphanburiy Sport School។ នេះជាសាលាកីឡាស្តង់ដារលំដាប់ទី១របស់ប្រទេសថៃដែលជាថ្នាលបណ្ដុះបណ្ដាលកីឡាច្រើនប្រភេទ។ សាលាកីឡានេះមានកីឡាករ កីឡាការិនីជាច្រើនជាប់ជម្រើសជាតិថៃផងដែរ។ រូបគេបានក្រេបជញ្ជក់យកចំណេះដឹងទូទៅ និងផ្នែកកីឡានៅសាលានេះរហូតចប់ថ្នាក់ទី១២នៅឆ្នាំ២០១៤។
ក្នុងនាមជាកីឡាករយុវជនរបស់សាលា Suphanburi Sports School កីឡាករកម្ពុជារូបនេះមានការប្រកួតប្រជែងខ្លាំងជាមួយយុវជនថៃដែលមានអាយុប្រហាក់ប្រហែលគ្នា ពីព្រោះយុវជនថៃសំបូរទេពកោសល្យបាល់ទាត់ច្រើន។ រូបគេបានជាប់ជម្រើសសាលារៀនចូលរួមប្រកួតក្នុងកម្រិតពានបឋមសិក្សា និងវិទ្យាល័យនៅប្រទេសថៃ។ ទោះជាយ៉ាងណារូបគេមិនទាន់មានឱកាសចូលលេងឲ្យក្លឹបអាជីពនៅប្រទេសថៃក្នុងក្របខណ្ឌលីគទី៣ ទី២ ឬលីគកំពូលថៃឡើយ។
ស្វែងរកក្តីស្រមៃនៅលើទឹកដីកំណើត
ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅ និងកីឡាថ្នាក់ទី១២នៅប្រទេសថៃនៅឆ្នាំ២០១៤ ជ័យ ចិត្រា បានសម្រេចស្វែងរកក្តីស្រមៃរបស់ខ្លួនដែលចង់ជាប់ជម្រើសជាតិកម្ពុជា។ ចិត្រាប្រាប់ថា ដោយសារមើលឃើញកម្រិតនៃការប្រកួតប្រជែងខ្ពស់នៅប្រទេសថៃដែលធ្វើឲ្យរូបគេពិបាកស្វែងរកក្លឹបអាជីពលេងនៅថៃ រូបគេបានសម្រេចមកប្រទេសកម្ពុជាស្របពេលបាល់ទាត់នៅកម្ពុជាផុលផុសខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឆ្នាំ២០១៥ ជ័យ ចិត្រា បានចូលរួមជាមួយក្លឹបសាកលវិទ្យាល័យវេស្ទើន និងបានទៅលេងក្នុងពានរង្វាន់សាកលវិទ្យាល័យអាស៊ាន ASEAN University នៅប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីចប់ពានរង្វាន់សាកលវិទ្យាល័យអាស៊ាន រូបគេមិនបានបន្តលេងលេងក្លឹបសាកលវិទ្យាល័យមួយនេះឡើយដោយបានត្រឡប់ទៅខេត្តកំណើតបន្ទាយមានជ័យវិញ ហើយក៏បានផ្អាកនៅឆ្នាំ២០១៦។
ឆ្នាំ២០១៧ រូបគេបានចូលរួមជាមួយក្លឹបក្រសួងការពារជាតិដែលបានបង្ហាញខ្លួននៅលើទីលានទាំងលីគកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ រដូវកាល២០១៨ រូបគេបានចេញពីក្រសួងការពារជាតិចូលរួមជាមួយក្លឹបអគ្គស្នងការដ្ឋាននគរបាល់ទាត់ (ប៉ូលិស)។ នៅក្លឹបប៉ូលិសនេះហើយដែលធ្វើឲ្យរូបគេកាន់តែលេចធ្លោខ្លាំងឡើង។ រូបគេបានក្លាយតួអង្គសំខាន់ម្នាក់ក្លឹបប៉ូលិសមានទម្រង់លេងយ៉ាងល្អក្នុងលីគរដូវកាលនេះ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup។
ទីបំផុតក្តីស្រមៃរបស់ ជ័យ ចិត្រា បានកើតឡើងជាការពិត បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Keisuke Honda បានកោះហៅកីឡាករប្រមូលផ្តុំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ក៏មានរូបគេម្នាក់ក្នុងចំណោមកីឡាករ២៣នាក់ដែរ។ រូបគេបានក្លាយជាកីឡាករម្នាក់គត់របស់ក្លឹបប៉ូលិសជាប់ជម្រើសជាតិកម្ពុជាត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕
ខាងក្រោមជារូបភាព ជ័យ ចិត្រា កាលនៅថៃ (រូបថតផ្តល់ឲ្យ)