• 2018-08-29 04:21:01
  • ប្រវត្តិ​​

តើ​កម្ពុជា​ឈ្នះ​មេដាយ​កីឡា​ទ្វីប​អាស៊ី​​ប៉ុន្មាន​ហើយ​​គិត​​ពី​​ឆ្នាំ​១៩៥៤​?

  • 2018-08-29 04:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​​១២​ដង​ហើយ​គិត​ទាំង​ឆ្នាំ​២០១៨​​នេះ​ បន្ទាប់​ពី​ចូល​រួម​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ​​១៩៥៤​ដែល​ជា​​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​លើក​ទី​២​នៅ​ប្រទេស​​ហ្វីលីពីន​ ខណៈ​លើក​ទី​១​ឆ្នាំ​​១៩៥១​នៅ​ប្រទេស​ឥណ្ឌា។

កីឡាការិនី ស៊ន សៀវម៉ី ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៤

បើ​និយាយ​ពី​មេដាយ​សរុប​វិញ កម្ពុជា​ឈ្នះ​បាន​៩​គ្រឿង​ហើយ​គឺ​មាស​៣​ ប្រាក់​​២​ និង​សំរឹទ្ធ៤។ ខាង​ក្រោម​ជា​ប្រវត្តិ​ឆ្នាំ​ដែល​កម្ពុជា​ចូល​រួម​ប្រកួត​ ឈ្នះ​មេដាយ​ និង​ឈ្មោះ​អត្តពលិក​ដែល​ឈ្នះ​មេដាយ​សម្រាប់​ប្រវត្តិ​សាស្ត្រ​កម្ពុជា

  • ឆ្នាំ​១៩៥៤៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​
  • ឆ្នាំ​១៩៥៨៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​​
  • ឆ្នាំ​​១៩៦២៖ កម្ពុជា​ឈ្នះ​​មេដាយ​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​គឺ​​មេដាយ​សំរឹទ្ធ​ដោយ​កីឡាករ​ប្រដាល់​សកល យូ ឈិនហុង។​
  • ឆ្នាំ​១៩៧០៖ កម្ពុជា​ឈ្នះ​មេដាយ​៥​គ្រឿង​គឺ​ប្រាក់​២ និង​សំរឹទ្ធ​៣។ មេដាយ​ប្រាក់​រក​បាន​ដោយ​កីឡាករ​ប្រដាល់​សកល​ ខៀវ សឿន​១ និង​កីឡាករ​ ឡុង សាវឿន​១។ មេដាយ​សំរឹទ្ធ​រក​បាន​​កីឡាករ​ហែល​ទឹក​ ផាត ស៊ីមអន​១​ និង​កីឡាករ អៀត គឹមហេង​១​ ហើយ​១​ទៀត​រក​បាន​ដោយ​​​ក្រុម​បាល់ទះ​មាន​កីឡាករ ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។ ​
  • ឆ្នាំ​១៩៧៤៖​ កម្ពុជា​មិន​ទទួល​បាន​មេដាយ
  • ឆ្នាំ​១៩៩៤៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​
  • ឆ្នាំ​២០០២៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​
  • ឆ្នាំ​២០០៦៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​
  • ឆ្នាំ​​២០១០៖ កម្ពុជា​មិន​ទទួល​បាន​មេដាយ​
  • ឆ្នាំ​២០១៤៖​ កម្ពុជា​ឈ្នះ​​មេដាយ​មាស​១​​ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​​កម្ពុជា​​ដោយ​កីឡា​ការិនី​តេក្វាន់ដូ​ ស៊ន សៀវម៉ី។
  • ឆ្នាំ​២០១៨៖ កម្ពុជា​ឈ្នះ​មេដាយ​៣​គឺ​មាស​២​ និង​សំរឹទ្ធ​១​។ ​នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាស​ដល់​​ទៅ​២​គ្រឿង។ កីឡា​ការិនី​ ចេសា ខាន់ ឈ្នះ​មេដាយ​មាស​១​ពី​កីឡា​ជឺជិត​ស៊ូ និង​​កីឡាករ​ សាលី អ៊ូមើត​ឈ្នះ​មេដាយ​មាស​១​ និង​សំរឹទ្ធ​១​ពី​កីឡា​ម៉ូតូ​ទឹក។
កីឡា​ការិនី ចេសា ខាន់ ឈ្នះ​មេដាយ​មាស ឆ្នាំ​២០១៨

យ៉ាង​ណា​សម្រាប់​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មិន​ទាន់​ចប់​​ឡើយ​ កម្ពុជា​នៅ​មាន​កីឡាករ កីឡា​ការិនី​បន្ត​ប្រកួត​ស្វែង​រក​មេដាយ​ទៀត៕

កីឡាករ សាលី អ៊ូមើត ឈ្នះ​មេដាយ​មាស ឆ្នាំ​២០១៨

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី