
- 2015-08-20 17:31:00
- បាល់ទាត់
ផលវិបាករបស់សហព័ន្ធដែលអ្នកមើលបាល់ទាត់ល្ងាចនេះគួរកុំធ្វើ
- 2015-08-20 17:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលវិបាករបស់សហព័ន្ធដែលអ្នកមើលបាល់ទាត់ល្ងាចនេះគួរកុំធ្វើ
ចន្លោះមិនឃើញ
ឆ្លងកាត់រៀបចំការប្រកួតអន្តរជាតិជាច្រើនកន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជួបការលំបាកជាច្រើន និងល្ងាចនេះបានសំណូមពរពីរចំណុចដល់អ្នកគាំទ្របាល់ទាត់កម្ពុជាដែលមិនគួរប្រព្រឹត្តនៅពេលក្រុមបាល់ទាត់កម្ពុជាប្រកួតមិត្តភាពជាមួយប្រទេសប៊ូតាន់វេលាម៉ោង៦:៣០ល្ងាចនៅពហុកីឡដ្ឋានជាតិ។
សកម្មភាពអ្នកគាំទ្រលូនចូលមើលការប្រកួតរវាងកម្ពុជា និងសិង្ហបុរី(កន្លងទៅ)
មន្ត្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់ដ៏គួរឲ្យទុកចិត្តម្នាក់បានប្រាប់មក Sabay ថា ផលវិបាកជាច្រើនសហព័ន្ធបាល់ទាត់កម្ពុជាតែងតែជួបប្រទះ។ ទីមួយអ្នកគាំទ្រផ្លោះរបងចូលមើលការប្រកួត ដោយគ្មានសំបុត្រក្នុងដៃ និងមិនស្ដាប់ដល់ការហាមឃាត់របស់មន្ត្រីប៉ូលិស។ ទីពីរ អ្នកគាំទ្រភាគច្រើនតែងតែសម្រុកទិញសំបុត្រពេលកម្មវិធីប្រកួតជិតចាប់ផ្ដើម ដែលជាហេតុធ្វើឲ្យមានការស្ទះចរាចរណ៍ពិបាកធ្វើដំណើរ។
មន្ត្រីរូបនេះបានបន្តថា ប្រសិនបើអាច អ្នកគាំទ្រទាំងអស់មេត្តាទិញសំបុត្រឲ្យបានមុនការប្រកួតចាប់ផ្ដើមជៀសវាងការកកស្ទះមុខពហុកីឡដ្ឋានជាតិ។ ម្យ៉ាងទៀតការផ្លោះរបងចូលមើលការប្រកួតគួរដាច់ខាតកុំប្រព្រឹត្ត ពីព្រោះវាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៃការរៀបចំរបស់សហព័ន្ធ ហើយក៏អាចធ្វើឲ្យប្រទេសជាតិបាក់មុខ ធ្លាក់ប្រជាប្រិយភាពទៅតាមទង្វើរបស់ប្រជាពលរដ្ឋផងដែរ។
សម្រាប់ការចូលមើលការប្រកួតល្ងាចនេះក្នុងពហុកីឡដ្ឋានជាតិ នឹងបិទមិនឲ្យមានការចេញចូលចាប់ពីម៉ោង២រសៀលដើម្បីរៀបចំនាំអ្នកដែលគ្មានសំបុត្រ និងអ្នកដែលមិនជាប់ពាក់ព័ន្ធចេញពីពហុកីឡដ្ឋាន ព្រមទាំងបើកឲ្យអ្នកមានសំបុត្រចូលស្តាតអូឡាំពិកវិញដើម្បីរង់ចាំទស្សនាការប្រកួតល្ងាចនេះ។ សំបុត្រកន្លែងដែលមានដំបូលតម្លៃ ២ម៉ឺនរៀល និងកន្លែងគ្មានដំបូលតម្លៃ ៨ពាន់រៀល៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា