
- 2015-04-07 21:24:48
- បាល់ទាត់
Buriram សង្ឃឹមខ្ពស់ បើស៊ីក្រុមជើងឯកជប៉ុនល្ងាចនេះ
- 2015-04-07 21:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buriram សង្ឃឹមខ្ពស់ បើស៊ីក្រុមជើងឯកជប៉ុនល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងថៃ Buriram United នឹងមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ AFC Champions League ប្រសិនបើអាចយកឈ្នះក្រុមជើងឯកជប៉ុន Gamba Osaka នាកីឡដ្ឋាន Thunder Castle របស់ខ្លួន នាម៉ោង៦ល្ងាចនេះ។
ការប្រកួតរវាងក្រុមទាំង២កាលពីជើងទី១
ក្រោយ៣ប្រកួតកន្លងមក Buriram បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឈរនៅកំពូលតារាងពូល F ដែលមានសុទ្ធតែក្រុមខ្លាំង ដោយរកបាន៧ពិន្ទុ ខណៈក្រុមម្ចាស់ពានលីកកំពូលជប៉ុន៣សម័យដែលកំពុងត្រដាបត្រដួស រកបានតែ១ពិន្ទុ ឈរនៅបាតពូល។ រីឯក្រុមគូប្រជែង២ទៀត គឺ Seongnam របស់កូរ៉េខាងត្បូង រកបាន៦ពិន្ទុ និង Guangzhou R&F របស់ចិន រកបាន៣ពិន្ទុ។
ក្រុមកំពូល២ក្នុងពូលនីមួយៗនឹងឡើងទៅជុំបន្ទាប់ មានន័យថា Buriram នឹងមានភាគរយខ្ពស់ក្នុងការកក់កៅអីទៅវគ្គនោះ ប្រសិនបើអាចរក៣ពិន្ទុពី Gamba បាន។ ខណៈដែលកាលពីជើងទី១នៅទឹកដីជប៉ុន ក្រុមទាំងពីរ ស្មើគ្នា ១-១ នោះ គ្រូបង្វឹក Buriram លោក Alexandre Gama ជឿជាក់ថាក្រុមជើងឯកថៃមួយនេះ នឹងអាចបំបាក់គូប្រកួតបានសម្រេច។
“យើងមានកម្លាំងពេញល្អណាស់ អត់មានកីឡាករណាម្នាក់របួសនោះទេ។ អ្វីដែលសំខាន់បំផុតនោះ គឺយើងមិនត្រូវបង្កើតកំហុសជាដាច់ខាត។ ពួកគេលេងល្អនៅ J-League ហើយពួកគេនឹងវាយសម្រុកយើង ដោយសារពួកគេត្រូវការ៣ពិន្ទុដើម្បីបន្តក្ដីសង្ឃឹម"។
យ៉ាងណាក្ដី គ្រូបង្វឹកសញ្ជាតិប្រេស៊ីល ក៏បានសម្ដែងក្ដីបារម្ភចំពោះកីឡាករ Andres Tunez ផងដែរ ដោយសារខ្សែការពាររឹងមាំរូបនេះ នឿយហត់ខ្លាំងក្រោយវិលត្រលប់ពីជួយក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡា។
ខ្សែការពារ Andres Tunez កម្លាំងដ៏សំខាន់របស់ Buriram
ចំណែកលោក Kenta Hasegawa គ្រូបង្វឹកក្រុម Gamba វិញ បាននិយាយដែរថា៖ "យើងបានលេង៣ប្រកួតដ៏តានតឹងនៅ J-League។ កីឡាករយើងប្រហែលជាហត់ ដូច្នេះយើងមិនបានហាត់ខ្លាំងពេកនោះទេនៅមុនការប្រកួតនេះ។ យើងនៅមានឱកាសឡើងទៅជុំបន្ទាប់ ប្រសិនបើយើងអាចឈ្នះ Buriram”។
លោកគ្រូសញ្ជាតិជប៉ុនក៏បានបញ្ជាក់បន្ថែមដែរថា ខ្សែបម្រើ Suchao និងខ្សែការពារ Theerathon Bunmathan របស់ Buriram គឺជាកីឡាករដែលស៊ុតបាល់ហ្រ្វីឃីកគ្រោះថ្នាក់បំផុត ដូច្នេះកីឡាកររបស់លោកនឹងលេងដោយប្រយ័ត្នមិនឲ្យមានបាល់ហ្វ្រីឃីកនោះទេ។
គ្រូបង្វឹក Buriram លោក Alexandre Gama (ស្ដាំ) និងប្រធានក្រុម Suchao Nutnum
លទ្ធផល៥ប្រកួតចុងក្រោយនៃក្រុម Buriram United
លទ្ធផល៥ប្រកួតចុងក្រោយនៃក្រុម Gamba Osaka
ជម្រើស១១នាក់ដំបូងរបស់ក្រុមទាំង២ពេលប៉ះគ្នាជើងទី១៖
តារាងពិន្ទុពូល F
ព្យាករណ៍របស់ Sabay៖ Buriram ០-១ Gamba Osaka
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ bangkokpost, goal