
- 2020-06-16 04:26:37
- បាល់ទាត់
អ្នកចាំទីឆ្នើម កែវ សុខសិលា មានក្ដីបំណងធំចុងក្រោយ១ដែលអ្នកអាចមិនដឹង
- 2020-06-16 04:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីឆ្នើម កែវ សុខសិលា មានក្ដីបំណងធំចុងក្រោយ១ដែលអ្នកអាចមិនដឹង
ចន្លោះមិនឃើញ
«សម្រាប់ខ្ញុំគឺទៅលេងនៅក្រៅស្រុក ព្រោះអីបំណងអ្វីដែលខ្ញុំប៉ងចង់លេងនៅក្លឹបអាជីព ចង់លេង១១នាក់ឱ្យជម្រើសជាតិ គឺខ្ញុំអាចធ្វើបានហើយ ហើយអ្វីដែលខ្ញុំនៅសល់ គោលបំណងរបស់ខ្ញុំគឺពង្រឹងសមត្ថភាពខ្លួនឯងទៅលេងនៅក្រៅប្រទេស»។ អ្នកចាំទីដៃទីមួយក្លឹបវិសាខា កែវ សុខសិលា បញ្ជាក់មកកាន់ Sabay នាព្រឹកនេះ។
នេះក៏ព្រោះតែសិលាចង់ទទួលយកបទពិសោធន៍ និងចំណេះដឹងថ្មី ដូចជារបៀបរបបនៃការរស់នៅ និងគុណភាពនៃកម្រិតលេងរបស់កីឡាករក្នុងលីគ របស់បណ្ដាប្រទេសដទៃ ហើយម្យ៉ាងបើបានលេងមែន គេអាចយកបទពិសោធន៍ទាំងនោះ មកចែករំលែកជាមួយមិត្តរួមក្រុម និងយុវជនក្មេងៗជាន់ក្រោយជាដើម។
បើតាមការបង្ហើបរបស់ម្ចាស់ពានអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០១៥ តាំងពីចូលរួមជាមួយវិសាខាដំបូងក្នុងឆ្នាំ២០១៨ មកទល់នឹងដើមឆ្នាំរដូវកាលនេះ មានក្លឹបប្រទេសថៃមួយចំនួនដែរ ដែលបានទាក់ទងមក ប៉ុន្តែគេមិនអាចទៅបានព្រោះនៅជាប់កុងត្រាជាមួយក្លឹប។
អតីតកីឡាករអ្នកចាំទីក្លឹបភ្នំពេញក្រោនឆ្នាំ២០១៥-២០១៨ ពន្យល់ថា ៖«មានប្រហែលប៉ុន្មានក្រុមដែរ ដែលគេទាក់ទងមក។ ពេលហ្នុងខ្ញុំជាប់កុងត្រាជាមួយក្លឹប ហើយណាមួយក្លឹបត្រូវការយើងដែរ អ៊ីចឹងក៏ខ្ញុំបន្តនៅជាមួយក្លឹប»។
ទោះបាត់បង់ឱកាសពិតមែន ប៉ុន្តែអ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះ នៅតែចិញ្ចឹមចិត្តចង់ទៅលេងក្រៅស្រុកដដែល ព្រោះនេះជាមហិច្ឆតាធំ និងចុងក្រោយបំផុតរបស់គេ។ កែវ សុខសិលា ជាប់ជម្រើសជាតិ U19 ឆ្នាំ២០១៦, U22 ឆ្នាំ២០១៧, U23 ឆ្នាំ២០១៩ និងជម្រើសជាតិឈុតធំតាំងពីឆ្នាំ ២០១៦មក៕