• 2018-06-18 21:19:43
  • វិភាគ

រឿង៤ដែលកើតឡើងក្នុងប្រកួតរវាងអង់គ្លេសនិងទុយណេស៊ី

  • 2018-06-18 21:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះទុយណេស៊ីយ៉ាងប្រផិតប្រផើយចុងម៉ោងដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួត World Cup វគ្គសន្សំពិន្ទុក្នុងពូល G។

ជ័យជម្នះនេះធ្វើឲ្យតោកំណាចរំកិលខ្លួនមកលេខ២ក្នុងតារាងក្រោមបែលហ្សិកដែលឈរលេខ១ មានគ្រាប់បាល់លើសចំនួន២គ្រាប់បន្ទាប់ពីពួកគេបានយកឈ្នះ៣ ទល់នឹង០។ យ៉ាងណាមានរឿងរ៉ាវ៤គួរឲ្យកត់សម្គាល់បានកើតឡើងក្នុងប្រកួតយប់មិញ។

១ ការចាប់ផ្ដើមរបស់អង់គ្លេស

អង់គ្លេសបានចាប់ផ្ដើមការប្រកួតយ៉ាងល្អទល់នឹងទុយណេស៊ីដោយមានទម្រង់លេងស៊ីចង្វាក់គ្នា លឿនៗពីសំណាក់កីឡាករសំខាន់៣រួមមាន Dele Alli, Lingard និង Sterling។ Lingard និង Sterling សុទ្ធតែមានបាល់ស៊ុតច្បាស់ៗនៅមុខទីរបស់គូប្រកួតតែធ្វើមិនបានសម្រេចរហូតដល់នាទី ទី១១ទើប Harry Kane បញ្ចប់ទីបានជោគជ័យ។ នេះគឺជាការរកគ្រាប់បាល់បានក្នុងពានរង្វាន់ធំលើកដំបូងរបស់ Kane ឲ្យក្រុមជម្រើសជាតិអង់គ្លេស។

២ របួសអ្នកចាំទី

Mouez Hassen អ្នកចាំទីរបស់ទុយណេស៊ីបានធ្វើការសង្គ្រោះបាល់ល្អៗមួយចំនួនរបស់អង់គ្លេសប៉ុន្តែរូបគេបានរងរបួសត្រឹមនាទី១៥ក្រោយផ្ដួលខ្លួនព្យាយាមចាប់បាល់។ របួសនេះធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំបង្ខំចិត្ដប្ដូរចេញ ដើរទៅក្នុងដើម្បីធ្វើការព្យាបាល។ ទុយណេស៊ីបានដាក់អ្នកចាំទីដៃទីពីរដែលខកខានលេងពានធំៗតាំងពីឆ្នាំ២០១៤មកគឺកីឡាករ Farouk Ben Mustapha។

៣ ការអនុវត្តតួនាទីរបស់អាជ្ញាកណ្ដាលវីដេអូ

គ្រាប់តាមស្មើរបស់ទុយណេស៊ីនៅនាទី៣៥កើតឡើងពីការទាត់ប៉េណាល់ទី បន្ទាប់ពីខ្សែការពារ Kyle Walker យកដៃទៅរារាំង Ben Youssef ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់។ សកម្មភាពនៅពេលនោះអាជ្ញាកណ្ដាលលើទីលានបានផ្លុំពិន័យលើកីឡាករអង់គ្លេស ហើយអាជ្ញាកណ្ដាលវីដេអូ VAR បានពិនិត្យមើលឃើញថាបាននេះពិតជាខុសមែន ទើបផ្ដល់ប៉េណាល់ទីដល់ទុយណេស៊ី ស៊ុតបានសម្រេចដោយខ្សែបម្រើ Ferjani Sassi។

៤ ការលេងដោយប្រុងប្រយ័ត្ននៅវគ្គទីពីរ

ក្រោយលទ្ធផលស្មើគ្នា១ ទល់១នៅវគ្គទីមួយ ទាំងអង់គ្លេស និងទុយណេស៊ីបានលេងការពារច្រើន និងប្រុងប្រយ័ត្នបំផុតនៅវគ្គទីពីរធ្វើឲ្យក្រុមទាំងសងខាងមិនសូវមានបាល់ស៊ុតច្រើនដូចកាលពីវគ្គមុន។ យ៉ាងណារហូតដល់ចុងម៉ោងនាទី៩០ទើប Harry Kane តែតចូលគ្រាប់ទីពីរឲ្យអង់គ្លេសយកឈ្នះ និងបាន៣ពិន្ទុពីការប្រកួតនេះ៕

ប្រភព៖ FIFA អត្ថបទ៖ វីរ័ត្ន

មតិយោបល់