• 2020-03-26 02:54:17
  • វិភាគ

កីឡាករ​កំពូល​៤​រូប​បដិសេធ​ក្លឹប​ធំ​ ព្រោះ​ស្មោះត្រង់​នឹង​ក្លឹប​ចាស់​

  • 2020-03-26 02:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បាន​ទៅ​លេង​ឲ្យ​ក្លឹប​ធំ​ដែល​មាន​ឱកាស​ឈ្នះ​ពាន​ច្រើន​ និង​ទទួល​ថ្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក​គឺ​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​ជា​ទូទៅ​ក្នុង​ពិភព​បាល់ទាត់។

យ៉ាង​ណា​ក៏​មាន​ដែរ​ កីឡាករ​មួយ​ចំនួន​ដែល​មាន​ភក្ដី​ភាព​ខ្ពស់​ជាមួយ​ក្លឹប​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ រហូត​ហ៊ាន​បដិសេធ​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ធំៗ ដូចជា​ Real Madrid, Barcelona, Bayern Munich មិន​ថា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ​ សុខ​ចិត្ត​នៅ​ជួយ​ក្លឹប​របស់​ពួកគេ​ក្នុង​គ្រា​ធ្លាក់​​យ៉ាប់យ៉ឺន។

ខាង​ក្រោម​គឺ​ជា​កីឡាករ​កំពូល​៤​រូប​ដែល​ Sabay សូម​លើក​យក​មក​បង្ហាញ៖​​

#១ Steven Gerrard

Gerrard ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​មួយ​រូប​របស់​ Liverpool ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ Europa League, League Cup, FA Cup និង​ UEFA Champions League។​ ប្រធាន​ក្រុម​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ធ្លាប់​បាន​បដិសេធ​ក្លឹប​ធំ​ជា​ច្រើន​ពិសេស​គឺ Chelsea និង​ Real Madrid ដើម្បី​បន្ត​រួម​រស់​ជាមួយ​ Liverpool​។​

#២ Francesco Totti

Totti មិន​ខុស​ពី Gerrard​ នោះ​ទេ​គឺ​រូប​លោក​លេង​ឲ្យ​ Roma តាំង​ពី​វ័យ​១៣​ឆ្នាំ​ រហូត​ដល់​ពេល​ចូល​និវត្តន៍​នៅ​អាយុ​៤០​ឆ្នាំ​កាល​ពី​២០១៧។​ ក្នុង​អាជីព​បាល់ទាត់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ឈ្នះ​ពាន Scudetto និង Coppa Italia ២ដង​ប៉ុណ្ណោះ​ជាមួយ​ Roma ហើយ​ធ្លាប់​បដិសេធ​ទៅ​​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ដូចជា​ Real Madrid ជា​ដើម។​​

#៣ Alan Shearer

Alan Shearer ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​នៅ​ Premier League ធ្លាប់​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ចំនួន​២៦០ មិន​ទាន់​មាន​នរណា​បំបែក​បាន​នៅ​ឡើយ។​ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​មាន​ឱកាស​ផ្ទេរ​ទៅ​ Barcelona និង​ Manchester United ប៉ុន្តែ​សុខ​ចិត្ត​ទៅ​លេង​នៅ​ Newcastle ដែល​ជា​ក្លឹប​ខ្លួន​គាំទ្រ​តាំង​ពី​កុមារភាព។​

#៤ Jamie Vardy

Vardy គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​របស់​ Leicester ធ្លាប់​នាំ​ក្លឹប​ឈ្នះ​ពាន​ Premier League ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ឆ្នាំ​២០១៦​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់។ ក្រោយ​លើក​ពាន​ហើយ​ក្ដៅ​ៗ​កីឡាករ​មួយ​ចំនួន​បាន​ចែក​ផ្លូវ​ជាមួយ​កញ្ជ្រោង​ដូចជា​ N’Golo Kante ផ្ទេរ​ទៅ​ Chelsea ហើយ​ Vardy ខ្លួន​ឯង​មាន​ឱកាស​ទៅ​ Arsenal ប៉ុន្តែ​រូប​គេ​បដិសេធ​ដើម្បី​នៅ​ជាមួយ​ Leicester៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី