• 2020-03-12 12:31:51
  • បាល់ទាត់

មូលហេតុ​អី​ បាន​សុខៗ​កីឡាករ PSG នាំ​គ្នា​ឌឺ Haaland?

  • 2020-03-12 12:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​ក្លឹប Borussia Dortmund និង​ក្លឹប PSG នៅ​ទីក្រុង​ប៉ារីស គេ​ស្រាប់​តែ​ឃើញ​កីឡាករ PSG នាំ​គ្នា​អបអរ​ជ័យជម្នះ​ឡើង​ទៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League ដោយ​ប្រើ​ក្បាច់​តាំង​សមាធិ ដែល​គេ​ស្គាល់​ថា​ជា​ ក្បាច់​អបអរ​ពិសេស​របស់​ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland តាំង​ពី​ក្នុង​ទីលាន​ រហូត​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

ចំណែក​ឯ​មូលហេតុ​វិញ នៅ​តែ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ឡើយ​ពី​សំណាក់​កីឡាករ​បាល់ទាត់​នៃ​ក្លឹប​យក្ស​បារាំង​នេះ។ យ៉ាងណាមិញ បើ​តាម​ការ​ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹង​ថា កីឡាករ PSG គ្រប់​រូប​ធ្វើ​កាយវិការ​បែប​ឌឺដង​នេះ ដោយសារ​តែ Haaland បង្ហោះ​រូប​មួយ​ទៅ​មុន។

នៅ​លើ​បណ្ដាញ​សង្គម​ដដែល​ មាន​គេ​ចែកចាយ​រូប​របស់ Haaland អម​ជាមួយ​នឹង​ពាក្យ​មួយ​ឃ្លា​ថា៖ " ទីក្រុង​ប៉ារីស​ជា​របស់​ខ្ញុំ មិនមែន​ជា​របស់​អ្នក​ទេ " ក្រោយ​ពេល​ Dortmund ឈ្នះ​ PSG កាល​ពី​ជើង​ទី ១ នៅ​ទឹកដី​អាល្លឺម៉ង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា រូប​នេះ​ពិត​ ឬ មិន​ពិត​ឡើយ។

ចំណុច​ដែល​បញ្ជាក់​ថា​កីឡាករ PSG ប្រតិកម្ម​ឌឺ​តប​ទៅ​វិញ ដោយសារ​តែ​រូបភាព​នេះ​អាច​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​បង្ហោះ​រូប​របស់​ Neymar នៅ​បណ្ដាញ​សង្គម ដោយ​អម​នឹង​ខ្លឹមសារ​ថា៖ " ប៉ារីស​ជា​ទីក្រុង​របស់​ខ្ញុំ មិនមែន​របស់​អ្នក​ទេ "។

អត្ថបទ៖ ហ៊ីម រស្មី