• 2018-06-14 08:49:39
  • ប្រវត្តិ​​

គ្រូ​ជម្រើស​ជាតិ​​ World Cup ៥​រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​ជាង​គេ

  • 2018-06-14 08:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ World Cup នឹង​ប្រកួត​បើក​ឆាក​នៅ​យប់​​នេះ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ និង​អារ៉ាប៊ីសាអូឌីត​។

ទោះ​​ថ្ងៃ​ដំបូង​​មាន​ត្រឹម​១​គូ​តែ​ក្រុម​ទាំង​អស់​ចំនួន​៣២​បាន​ធ្វើ​ដំណើរ​ទៅ​ទឹកដី​សំបូរ​ទឹកកក​រួច​អស់​ហើយ​ ខណៈ​ពួកគេ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​បន្ត​បន្ទាប់​ពី​ថ្ងៃ​ស្អែក​ទៅ។​ យ៉ាង​ណា​ក្រៅ​ពី​កីឡាករ​២៣​នាក់​ចុងក្រោយ​តាម​ក្រុម​នីមួយៗ​ប្រិយ​មិត្ត​ពិត​ជា​ចង់​ដឹង​ព័ត៌មាន​មួយ​ចំនួន​ពី​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​។​

ខាង​ក្រោម​ Sabay សូម​បង្ហាញ​ពី​គ្រូ​បង្វឹក​៥​រូប​ដែល​មាន​ថ្លៃ​ពលកម្ម​ថ្លៃ​ជាង​គេ​នៅ​ World Cup ឆ្នាំ​២០១៨​នេះ។

#៥ Stanislas Cherchesov – ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី

Cherchesov ស្ថិត​នៅ​លេខ​រៀង​ទី​៥​ជា​គ្រូ​បង្វឹក​ស៊ី​ថ្លៃ​ជាង​គេ​នៅ​ World Cup លើក​នេះ។ បុរស​វ័យ​៥៤​ឆ្នាំ​ត្រូវ​តែង​តាំង​កាល​ពី​ឆ្នាំ​២០១៦ មាន​បទពិសោធន៍​លេង​បាល់​ជាង​២០​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ ហើយ​មាន​បទពិសោធន៍​ដឹកនាំ​ប្រមាណ​១៥​ឆ្នាំ។​ លោក​ទទួល​ថ្លៃ​នឿយហត់​ ២,២១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។​

#៤ Julen Lopetegui – ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Lopetegui ដែល​ទើប​ត្រូវ​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​គឺ​ជា​គ្រូបង្វឹក​ស៊ី​ថ្លៃ​លេខ​រៀង​ទី​៤​នៅ​ World Cup។ បុរស​ដែល​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ Real Madrid ឆាប់​ៗ​រូប​នេះ​ស៊ី​ថ្លៃ​ ២,៥៨​លាន​អឺរ៉ូ​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ។​

#៣ Didier Deschamps – ក្រុម​ជម្រើស​ជាតិ​បារាំង

Deschamps ចូល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន។​ បុរស​វ័យ​៤៩​ឆ្នាំ ទទួល​ថ្លៃ​ពលកម្ម​ ៣,០២​លាន​អឺរ៉ូ​ ធ្វើ​ឲ្យ​លោក​គឺ​ជា​គ្រូ​បង្វឹក​ស៊ី​ថ្លៃ​ខ្ពស់​ជាង​គេ​ទី​៣​នៅ​ World Cup។​

#២ Tite – ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

Tite បាន​ចូល​ខ្លួន​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ពី​លោក​ Dunga។ បុរស​វ័យ​៥៧​ឆ្នាំ​បាន​កសាង​ក្រុម​ប្រេស៊ីល​ពី​ធ្លាក់​ដុនដាប​ឲ្យ​ងើប​​ឡើង​វិញ​រហូត​ក្លាយ​ជា​បេក្ខភាព​ដែល​គេ​រំពឹង​ថា​អាច​ឈ្នះ​ពាន​នៅ​ World Cup លើក​នេះ​។ លោក​ទទួល​ថ្លៃ​នឿយហត់​ខ្ពស់​បំផុត​ទី​២​គឺ​ប្រមាណ​ ៣,០២​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។

#១ Joachim Low – អាល្លឺម៉ង់

ក្នុង​នាម​ជា​អ្នក​​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន​ World Cup ក្នុង​ឆ្នាំ​២០១៤​លោក​ Joachim Low កំពុង​ឈាន​ទៅ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​ទី​មួយ​ដែល​អាច​នាំ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ World Cup បើ​សិន​ជា​លើក​ពាន​នៅ​រុស្ស៊ី​។​ Low មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ដោយ​ទទួល​បាន​ ៣,៣១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ៕

ប្រភព៖ Wikipedia | FIFA ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់