• 2023-03-30 04:02:05
  • ប្រវត្តិ​​

​វ៉ា មិថុនា​​​​ កីឡាករ​សាង​កំណត់ត្រា​​ប្រភេទ​កីឡា​តេក្វាន់ដូ WT នៅ​ស៊ីហ្គេម

  • 2023-03-30 04:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ា មិថុនា​​ធ្លាប់​សាង​​បាន​កំណត់ត្រា​ជា​កីឡាករ​ដំបូង​ដណ្ដើម​បាន​មេដាយ​មាស​​ក្នុង​ប្រភេទ​កីឡា តេក្វាន់ដូ WT វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​បុរស កាល​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០២២។ ​

មិថុនា​​បាន​តំណាង​ឲ្យ​កម្ពុជា​​ចូល​ប្រកួត​​ក្នុង​ប្រភេទ​ទម្ងន់ Lightweight (ស្មើ​នឹង​៧៤​គីឡូក្រាម) នៅ​ប្រទេស​វៀតណាម​ឆ្នាំ​មុន។ អំឡុង​ពេល​ប្រកួត​គិត​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ មិថុនា​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម​​ដោយ​ពិន្ទុ ៣៦​ទល់​នឹង​១៨។

តាម​រយៈ​ជ័យជម្នះ​នេះ​ គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ជាមួយ​កីឡាករ​​ហ្វីលីពីន​។ ពិត​ជា​មិន​ខកចិត្ត​ កីឡាករ​វ័យ​២៣​ឆ្នាំ​របស់​កម្ពុជា​បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ពិន្ទុ ៣៥​ទល់​នឹង​១៤ ដណ្ដើម​បាន​មេដាយ​មាស​ជូន​ជាតិ​យ៉ាង​អស្ចារ្យ។

វា​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​ដណ្ដើម​បាន​មេដាយ​មាស​​ក្នុង​ប្រភេទ​កីឡា តេក្វាន់ដូ WT វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​បុរស ខណៈ​ផ្នែក​ស្ដ្រី​ធ្លាប់​ធ្វើ​បាន​ដោយ​វីរៈនារី ស៊ន សៀវម៊ី។

រៀបរាប់​ពី​ប្រវត្តិ​ខ្លះ​ៗ​ វ៉ា មិថុនា​​​​ ជា​កីឡាករ​មាន​​ទី​កន្លែង​កំណើត​នៅ​ទីក្រុង​ភ្នំពេញ និង​​បញ្ចប់​ការ​សិក្សា​ត្រឹម​មធ្យមសិក្សា​ទុតិយភូមិ។ គេ​​បាន​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ ​តេក្វាន់ដូ WT តាំង​ពី​ឆ្នាំ​២០១៥​ រហូត​​ដល់​បច្ចុប្បន្ន។​ កីឡាករ​រូប​នេះ​ធ្លាប់​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​បាន​ច្រើន​ពិសេស​នៅ​កូរ៉េខាងត្បូង។​​​

ចំពោះ​ការ​​ប្រកួត​ក្នុង​ស្រុក មិថុនា​ធ្លាប់​ទទួល​បាន​មេដាយ​មាស​ជា​ច្រើន​គ្រឿង ​និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​នៅ​កម្មវិធី​ world police & Fire game 2022 ​ប្រទេស​ហូឡង់។ ថ្មី​ៗ​នេះ​​ វ៉ា មិថុនា​​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​អត្តពលិក​ម្នាក់​ដើម្បី​ទទួល​​ព្រះ​អគ្គីជ័យ​កីឡា​ពី​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា​៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី