• 2020-07-30 02:54:29
  • ប្រដាល់

Superbon៖ ជីវិតខ្ញុំ​ចាប់ផ្ដើមមានពន្លឺ ដោយសារប៊ូខាវ

  • 2020-07-30 02:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Superbon នឹងប៉ះ​កីឡាកររួមជាតិ Sitthichai Sitsongpeenong នៅក្នុងកម្មវិធី ONE: NO SURRENDER នៅទីក្រុង​បាងកក ប្រទេសថៃ ថ្ងៃទី៣១ ខែកក្កដា​។ នេះ​ជា​លើកទី៣ ហើយ ដែលជើងខ្លាំង Kickboxing លំដាប់​ពិភពលោក​ទាំង២ ត្រូវប៉ះគ្នា ដោយ​២លើក​ដំបូង ឈ្នះចាញ់គ្នាម្ដងម្នាក់ ក្នុង​សង្វៀន Kunlun។

Superbon កើត​នៅខេត្តផាថាលុង ភាគខាងត្បូង​ប្រទេស​ថៃ ជាទីដែលរូបគេ​ចាប់ផ្ដើមហាត់ប្រដាល់ថៃ នៅអាយុ ៥ឆ្នាំ និង​ចូលប្រកួត​លើកដំបូង​នៅអាយុ ៦ឆ្នាំ។

នៅអាយុ ១៨ឆ្នាំ Superbon បាន​ផ្លាស់ទៅរាជធានី​បាងកក ដើម្បី​ស្វែងរក​ឱកាស​ប្រកួត​ក្នុង​សង្វៀន​ធំៗ។ "ខ្ញុំហត់ណាស់ពេលនោះ ព្រោះត្រូវហាត់ពីព្រលឹម មុនពេលទៅរៀន និងហាត់ទៀតពេលចេញពីរៀន"។ ប៉ុន្តែ​នៅទីបំផុត ជីវិត​របស់ Superbon បានប្រសើរឡើង ក្រោយពេលបានជួប​វីរបុរស​ប្រដាល់ Buakaw Banchamek ក្នុងឆ្នាំ២០១៣ នៅ​អូស្រ្ដាលី។

"ខ្ញុំមានឱកាស​បានហាត់ជាមួយគាត់ពេលនោះ។ ហើយនៅពេលយើងត្រឡប់មកថៃវិញ គាត់បានស្នើ​ឲ្យខ្ញុំទៅហ្វឹកហាត់ជាមួយគាត់។ គាត់ថាបើខ្ញុំចូលក្លឹបរបស់គាត់ ហើយបន្ថែមឈ្មោះ Banchamek គាត់នឹង​យកខ្ញុំទៅប្រកួត​អន្តរជាតិ​ច្រើន"។

ដោយសារតែពេលនោះ Superbon មិនទាន់ចុះកុងត្រានៅក្លឹបណានៅឡើយ ដូច្នេះ​វា​ជា​ពេលល្អបំផុត ដែល Superbon សម្រេចចិត្ត​ចូល​ក្លឹប Banchamek។

"វាជាចំណុចផ្លាស់ប្ដូរដ៏ធំក្នុងជីវិតខ្ញុំ។ ខ្ញុំរកឃើញពន្លឺ ដែលនាំ​ខ្ញុំទៅកាន់​ដំណើរជីវិតថ្មី។ ខ្ញុំបានចាប់ផ្ដើមហាត់ Kickboxing ដោយសារ Buakaw។ ខ្ញុំបានបញ្ឈប់ការហ្វឹកហាត់ Muay Thai ទាំងស្រុងតែម្ដង..."។

"Buakaw បានហាត់​ Kickboxing រាប់ឆ្នាំមកហើយ។ គាត់គឺដូចជាគ្រូតា​ Kickboxing ម្នាក់។ ខ្ញុំបានផ្លាស់ទៅកាន់ Kickboxing បាន​យ៉ាង​ល្អ ក៏ព្រោះ​តែ​បានហាត់ជាមួយ Buakaw។ ខ្ញុំហាត់ដូចអ្វីដែលគាត់បានហាត់ដែរ ទាំងបច្ចេកទេស និងរបៀបបញ្ចេញអាវុធ។ ខ្ញុំរៀនគ្រប់ក្បាច់ទាំងអស់ពីគាត់"។

នៅឆ្នាំ ២០១៥ Superbon ត្រូវបានគេទទួលស្គាល់ថាជា​អ្នកប្រដាល់ Kickboxing លំដាប់អន្តរជាតិ​១រូប។ នៅឆ្នាំ ២០១៦ Superbon អុកឡុក​សង្វៀន Kickboxing កាន់តែខ្លាំង ដោយក្លាយជាជើងឯក​ Kunlun Fight World MAX ដែលរួមទាំងការ​សងសឹកបានសម្រេច​លើ Sitthichai ផងដែរ (លើកទី១ ចាញ់ Sittichai)។

"ខ្ញុំ​មានអារម្មណ៍ថាសំណាងណាស់ ដែលបាននៅជិត Buakaw ហើយហាត់​ក្បាច់ Kickboxing ពីគាត់។

Superbon បានឈ្នះ​ជើងឯក Kickboxing ជាច្រើនទៀត រួមទាំង​ឈ្នះ IPCC Kickboxing World Title នាឆ្នាំ២០១៩ ក្រោយឈ្នះជើងខ្លាំង Singdam Kiatmoo9 និង Davit Kiria ។

ជោគជ័យទាំងអស់នោះហើយ ដែលត្រួសត្រាយផ្លូវ ឲ្យអ្នកប្រដាល់វ័យ ២៩ឆ្នាំ បាន​ចូលសង្វៀន​ ONE Championship ដោយត្រូវប៉ះសត្រូវចាស់ Sittichai ថ្ងៃទី៣១ ខែកក្កដានេះ។ បើឈ្នះ នោះ Superbon នឹងកាន់តែល្បី លើវិថី Kickboxing។

ជាចុងក្រោយ Superbon បាន​និយាយថា៖

"និយាយតាមត្រង់ ខ្ញុំពិតជាសរសើរ Buakaw ណាស់។ ខ្ញុំគោរពគាត់ និងចាត់ទុកគាត់ថាជា​ idol របស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចងចាំខ្ញុំ ដូចចងចាំ​Buakaw ដែរ"៕

មតិយោបល់