• 2018-05-03 02:43:00
  • ប្រវត្តិ​​

​​ប្រវត្តិ​​​ បែ មករា​ ​ធ្លាប់​ជា​អ្នក​ចាត់​ការ​នៅ​ថៃ​មុន​ពេល​ជោគជ័យ​នៅ​បឹងកេត​

  • 2018-05-03 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ បែ​ មករា​ ​ជា​អតីត​អ្នក​ចាត់​ការ​របស់​ក្លឹប​បាល់ទាត់​កំពូល​​ភ្នំពេញ​ក្រោន។​ លោក​បាន​ជួយ​ឲ្យ​ក្រោន​ លើក​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌាន​លីក​ឆ្នាំ​២០០៨​ និង២០១០។​ លោក​​ក៏​បាន​ជួយ​ឲ្យ​ក្រោន​ឈ្នះ​ពាន​រង្វាន់​​សម្ដេច ហ៊ន សែន ឆ្នាំ​២០០៨​ និង​២០០៩​​ផង​ដែរ។​ ​​ឆ្នាំ​២០១១​ លោក​បាន​មក​ធ្វើ​​ជា​អ្នក​ចាត់​ការ​បឹង​កេត​ដែល​ជួយ​ឲ្យ​ក្លឹប​នេះ​​​ឈ្នះ​ជើង​ឯក​​លីគ​កម្ពុជា​៣​រដូវ​កាល។

លោក បែ មករា

បន្ទាប់​ពី​ក្រោន​ទទួល​បាន​ជើង​ឯក​មិត្តហ្វូនខេមបូឌាន​លីគ​​​ឆ្នាំ​២០១០​ លោក​ ​បែ​ មករា​ ក៏​បាន​​ចាក​ចេញ​ទៅ​​​កាន់​តួ​នាទី​​ជា​​អ្នក​ចាត់​ការ​នៅ​ក្លិប​ Mukdahan FC ​​រយៈ​ពេល​​៣​ខែ រួច​ក៏​ចាក​ចេញ​ពី​ក្លិប ​​Mukdahan FC ទៀត ​ដោយ​សារ​តែ​ក្លឹប​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។​ ​ក្រោយ​មក​លោក​បាន​​​ទៅ​បំពេញ​ការ​ងារ​នៅ​​ក្លិប ​Samut Sakhon FC ​ក្នុង​នាម​ជា​ទី​ប្រឹក្សា។ ​តើ​​រឿង​រ៉ាវ​ជីវិត​បែប​ណា​ទើប​ធ្វើ​ឲ្យ​លោក​អាច​​ក្លាយ​ជា​អ្នក​ចាត់​​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​​បាល់ទាត់​ខ្មែរ និង ​ធ្លាក់​ដល់​ប្រទេស​ថៃ​បែប​នេះ? ​

ជីវិត​ផ្ទាល់​​ខ្លួន​

លោក​ បែ មករា​ ​កើត​នៅ​ថ្ងៃ​ទី​ ០៧​ ខែ​​មករា ​ឆ្នាំ​​១៩៧៩ ​នៅ​ម្ដុំ​ ​ផ្សារ​អូរឫស្សី​ រាជ​ធានី​ភ្នំពេញ។ ​​លោក​ មករា​មាន​កម្ពស់​១,៧៥​ម៉ែត្រ​។​ ​ឪ​ពុក​ឈ្មោះ​ ថោង​ មុន្នី​ ​ជា​អ្នក​បញ្ចូល​សំឡេង​​ខ្សែ​ភាព​យន្ត​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០​ នៅ​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ម្ដាយ​ឈ្មោះ​​ ជា​ ទីន​ ជា​មេផ្ទះ។ ​​​​លោក​មាន​បង​ប្អូន​បង្កើត​៥​​នាក់​ដែល​ក្នុង​នោះ​ស្រី​​​​៣​នាក់ ​និង​ប្រុស​​២​​​នាក់។ លោក​ជា​កូន​ទី២​ក្នុង​​គ្រួសារ។ ​​បង​ស្រី​​ទី​១​ ​ឈ្មោះ​ ​ជាតិ ចិន្តា,​ ​ប្អូន​ប្រុស​ទី​​៣​ឈ្មោះ​ មុនី ជេដ្ឋា,​ ​ប្អូន​ស្រី​ទី៣​ មុនី​ ពុំធារ៉ាក់​ និង ​ប្អូន​ស្រី​ពៅ​ ​មុនី ដារីយ៉ាន។

លោក បែ មករា

កម្រិត​វប្បធម៌

​គ្រួសារ​នៅ​ភ្នំពេញ​ លោក​ បែ​ មករា​ បែរ​ជា​​ទៅ​សិក្សា​ថ្នាក់​បឋម​សិក្សា​​នៅ​​ឯ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​​វិញ។ ​ការ​​រៀន​​​នៅ​ស្រុក​កៀនស្វាយ​គឺ​​​​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ជីដូន។ ​បន្ទាប់​មក​​ថ្នាក់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​​ យុវជន​​​ មករា​ បាន​ផ្លាស់​មក​សិក្សា​នៅ​​​​​សាលា​បាក់ទូក។ ​ឆ្នាំ​១៩៩៦ ​​​ជា​ឆ្នាំ​ដែល​ប្រឡង​ជាប់​​ថ្នាក់​មធ្យម​សិក្សា​​ទុតិយភូមិ​។​​ ក្រោយ​មក​ លោក​បាន​​ប្រឡង​​ជាប់​​ ហើយ​ ចូល​រៀន​នៅ​​សាលា​មធ្យម​សិក្សា​បច្ចេកទេស​ដែល​មាន​ទីតាំង​នៅ​ក្រោយ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង(ពី​មុន)។ ​នៅ​ឆ្នាំ​១៩៩៩ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង​នៅ​សាលា​នេះ។ ​ឆ្នាំ​១៩៩៩-២០០១​ ជា​ឆ្នាំ​ដែល​​លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ដោយ​ចាប់​យក​ជំនាញ​បរិញ្ញាបត្រ​​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ។ ​ទីបំផុត​ លោក​បាន​​ប្រឡង​ជាប់​ជា​ស្ថាពរ​​នៅ​ឆ្នាំ​២០០១។

ការ​ចាប់​ផ្ដើម​​លេង​បាល់​ទាត់

បែ​ មករា​ មិន​មែន​ជា​អ្នក​​ដែល​បាន​ហ្វឹកហាត់​កីឡា​បាល់ទាត់​ដូច​កីឡាករ​មួយ​ចំនួន​​ឡើយ​ ប៉ុន្តែ​ការ​ស្រឡាញ់​របស់​កុមារា​​ម្នាក់​នេះ​​បាន​ដិត​ជាប់​នឹង​អារម្មណ៍​​ជា​និច្ច។​ ថ្វី​បើ​មិន​បាន​ហ្វឹកហាត់​ត្រឹម​ត្រូវ​ ប៉ុន្តែ​ ​​បែ​ មករា​​ ​តែងតែ​​លេង​បាល់​ទាត់​ជា​ញឹកញាប់​ជា​មួយ​មិត្តភ័ក្ដិ​នៅ​សាលា​តាំង​​ពី​​តូច​មក។ ​​​លុះ​ដល់​ធំ​ពេញ​វ័យ​ក៏​​លោក​ ​មិន​បាន​ចូល​លេង​ឲ្យ​ក្លឹប​អាជីព​ណា​មួយ​ឡើយ​នៅ​ក្នុង​ស្រុក​ខ្មែរ។

លោក បែ មករា ពេល​នៅ​ក្លឹប​ថៃ

ការ​បង្កើត​ក្លឹប​ឆ្នាំ​២០០២

ដោយ​សារ​តែ​ចិត្ត​អន្ទះសា​ចង់​ឃើញ​ភាព​រីក​ចំរើន​នៃ​វិស័យ​បាល់ទាត់​នៅ​ក្នុង​ស្រុក​ លោក​ បែ​ មករា​ ​និង​បង​ថ្លៃ​ ​ឈ្មោះ​ ថាន់ លក្ខិណា ដែល​ជា​ប្រធាន​ទីផ្សារ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​បាន​បង្កើត​ក្រុម​បាល់ទាត់​មួយ​​ក្រុម​​នៅ​ឆ្នាំ​២០០២។​ ពេល​នោះ​​លោក​កំពុង​បម្រើ​ការ​នៅ​ក្រុមហ៊ុន​​ឯក​ជន​មួយ​នៅ​ម្ដុំ​​ចម្ការ​ដូង។ ក្រុម​នេះ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ និង​បង​ប្រុស។ ការ​បង្កើត​ក្រុម​នេះ​មិន​ទាន់​​មាន​គោល​ដៅ​ថា​ត្រូវ​ធ្វើ​​ទៅ​មុខ​ទៀត​​ឬ​យ៉ាង​ណា​នោះ​ទេ​ តែ​​ជា​ការ​​បង្កើត​ដើម្បី​លេង​ជា​លក្ខណៈ​មិត្ត​ភាព​ ​សាមគ្គី​ភាព​​​ និង​ ដើម្បី​សុខ​ភាព​ប្រចាំ​ថ្ងៃ​រវាង​បុគ្គលិក​ក្រុម​ហ៊ុន​​ជា​មួយ​គ្នា​និង​ក្រុម​ហ៊ុន​ផ្សេង។ ​ដល់​ឆ្នាំ​​២០០៣​ ​បង​​​ថ្លៃ​របស់​លោក​ និង​រូប​លោក​ផ្ទាល់​បាន​​ប្ដូរ​ឈ្មោះ​ក្រុម​ទៅ​ជា​ Khmer Empire។

ទោះ​បី​ជា​ប្ដូរ​ឈ្មោះ​ក៏​​ដោយ​ កីឡាករ​ទាំង​អស់​​មិន​ទទួល​ប្រាក់​បៀវត្សរ៍​​នោះ​ទេ។ ​រហូត​ដល់​ឆ្នាំ​២០០៤​ លោក​បាន​ចាប់​ផ្ដើម​ ហៅ​កីឡាករ​ល្អ​ៗ​​មួយ​ចំនួន​ឲ្យ​ចូល​រួម​ក្រុម​ ដូច​ជា​ ​គិត​ ធារិទ្ធ​ និង ហៅ​ សុជាតិ ​ចូល​រួម​។ ​ក្នុង​ឆ្នាំ​ដដែល​នោះ​ក្រុម​របស់​លោក​បាន​ចូល​រួម​លេង​​​ស្ម័គ្រចិត្ត​ក្នុង​ក្របខ័ណ្ឌ​ ​ក​២។

បន្ទាប់​មក​ទៀត​លោក​​កាន់​តែ​បែក​គំនិត​វែង​ឆ្ងាយ​ ហើយ​​ក៏​បាន​ដាក់​ពាក្យ​ទៅ​កាន់​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ដើម្បី​​ចូល​រួម​លេង​​​លីក​កម្ពុជា​​ដែល​មាន​​៦​ក្រុម។ ​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ក៏​បាន​យល់​​ព្រម​តាម​ការ​ស្នើ​សុំ​នេះ។ ​​​បន្ទាប់​​ពី​​បាន​ចូល​រួម​លេង​ក្នុង​លីគ​ ក្រុម​ Khmer Empire ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​​ក្នុង​ឆ្នាំ​២០០៤​ បន្ទាប់​ពី​ក្រុម​កីឡា​រិទ្ធ​ជាប់​លេខ១។​ ក្នុង​​អំឡុង​​ពេល​ដែល​​ក្រុម​​របស់​លោក​លេង​ ​លោក​មាន​តួនាទី​ជា​កីឡាករ​ផង ​និង​អ្នក​គ្រប់គ្រង​ផង។

លោក បែ មករា ពេល​នៅ​ក្លឹប​ភ្នំពេញ​ក្រោន

ឈ្មោះ​ Phnom Penh Empire

ក្រុម​របស់​លោក​ បែ មករា​ មាន​ឈ្មោះ​ថា​ ​Khmer Empire។ ចំណែក​ឯ​ក្រុម​​​ដែល​មាន​លោក​ លី សុភ័ក្រ​ ជា​ប្រធាន​ក្លឹប​នោះ​ឈ្មោះ​ថា​ ​​Phnom Penh ​United។ ​នៅ​ឆ្នាំ​២០០៨ ​ក្រុម​ទាំង​ពីរ​បាន​​រួម​បញ្ចូល​គ្នា​ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា​ ​Phnom Penh Empire​ ដែល​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​លោក​ ហុក សុចិត្រា​​ ជា​អ្នក​ចាត់​ការ​ ហើយ​លោក​ បែ មករា​ ជា​អ្នក​ចាត់​ការ​រង។ ​ក្រុម​ឈ្មោះ​ថ្មី​ ​Phnom Penh Empire ​​ឈ្នះ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​​​ដោយ​ផ្ដួល​ក្រុម​​ព្រះ​ខ័នរាជ​ ១-០។ ​​​គ្រាប់​ជ័យជម្នះ​​របស់​ក្រុម​​​ស៊ុត​ដោយ​កីឡាករ​ Anucha Chuaisri ។

ឈ្មោះ​ Phnom Penh Crown

ឆ្នាំ​២០០៩​ ​ពី​Phnom Penh Empire​​ ត្រូវ​បាន​ប្ដូរ​ម្ដង​ទៀត​ទៅ​ជា​ក្រុម​​​ភ្នំពេញ​ក្រោន (Phnom Penh Crown)​​ដល់​សព្វ​ថ្ងៃ​​​ដែល​​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ កាស៊ីណូ​ក្រោន​(Crown Casino)​ហើយ​​​កាល​នោះ​ក្រុម​នេះ​បាន​បញ្ចប់​ទៅ​​ក្នុង​លំដាប់​ថ្នាក់​លេខ៤​​ក្នុង​តារាង​ តែ​ក្រុម​​បាន​​​ឈ្នះ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​ជា​លើក​ទី២​​​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​​ណាហ្គាខប​១-០។ ​​គ្រាប់​ជ័យជម្នះ​របស់​ក្រោន​​រក​បាន​ដោយ​កីឡាករ​ កែវ សុខង៉ន។ ពេល​នោះ​​ជា​ពេល​ដែល​លោក​ បែ មករា​ បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​​តែ​ម្ដង​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​លោក​ ហុក សុចិត្រា។

លោក បែ មករា

​ឆ្នាំ​២០០៩​​ដដែល​​នោះ ​លោក​​ បែ មករា​ មិន​អាច​​នាំ​ឲ្យ​​ភ្នំពេញ​ក្រោន​​​ឆ្លង​ដល់​ជុំ​បន្ត​​នៃ​​ពាន​រង្វាន់​ ​AFC President’s Cupឡើយ ​បើ​ទោះ​បី​ជា​​ឈ្នះ​ក្រុម​ ​Bhutan’s Yeedzinក៏​ដោយ​ តែ​ក្រុម​នេះ​បាន​ចាញ់​ពីរ​ប្រកួត​ក្នុង​ចំណោម​បី​ប្រកួត។​ ​ឆ្នាំ​ជា​មួយ​គ្នា​នោះ​ ក្រោន​បាន​យក​ឈ្នះ​ក្រុម​ Young Lions ​​ក្នុង​​​ពាន​ Singapore Cup ​និង​​បាន​ឆ្លង​ដល់​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ​តែ​​ធ្លាក់​​ក្រោម​​ស្នាដៃ​ក្រុម​ Bangkok Glass មក​ពី​​ប្រទេស​ថៃ។

​ឆ្នាំ​២០១០​ លោក​បាន​ជួយ​ឲ្យ​ ​ភ្នំពេញ​ក្រោន​​​​ ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ពានរង្វាន់​មិត្តហ្វូន​ខេមបូឌាន​លីគ​ដោយ​បាន​យក​ឈ្នះ​ក្រុម​ ព្រះខ័នរាជ​​ ៤-៣​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​​​ឆ្នាំ​នោះ​ដែរ​​ ក្រោន ​​​គួរ​​តែ​​ទទួល​បាន​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​​​​លើក​ទី៤​ តែ​​ត្រូវ​ភ្លាត់​ស្នៀត​​​​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​ក្នុង​លទ្ធផល​ ​២-៣​​ទៅ​វិញ។

ក្រោយ​ចេញ​ពីភ្នំពេញ​ក្រោន​ឆ្នាំ​២០១០​

បន្ទាប់​ពី​​​ជួយ​ឲ្យ​ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌាន​លីគ​២០១០​ លោក​ បែ​ មករា​ បាន​​ទៅ​កាន់​តួនាទី​ជា​​អ្នក​ចាត់ការ​ ​របស់​ក្រុម​ ​Mukdahan FC ​នៃ​ប្រទេស​ថៃ​រយៈ​​ពេល​​បី​ខែ។ ​ការ​ទៅ​ដឹក​​នាំ​ក្រុម​ Mukdahan FC ដោយ​សារ​តែ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ទី​នោះ​ ​គួប​ផ្សំ​នឹង​បទ​ពិសោធ​​របស់​លោក​​​ដ៏​ជោកជាំ​នៅ​កម្ពុជា។ ​​បន្ទាប់​មក​ទៀត​ លោក​ចេញ​ទៅ​​បំពេញ​តួនាទី​ជា​ទី​ប្រឹក្សា​ក្លឹប​ Samut Sakhon FC ​រហូត​ដល់​​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១១​។

លោក បែ មករា លោកគ្រូ ហៅ សុជាតិ និង​គ្រូ​​ជំនួយ

ពាន​រង្វាន់​​កិត្តិយស

ក្នុង​នាម​ជា​អ្នក​​គ្រប់គ្រង​ក្រុម​ ភ្នំពេញ​ក្រោន​ លោក​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌាន​លីគ​​ពីរ​សម័យ​កាល​​ គឺ​ឆ្នាំ​២០០៨ និង ​២០១០។​ ​ឈ្នះ​ពាន​រង្វាន់​​សម្ដេច​ ហ៊ុន សែន​ ​មួយ​សម័យ​កាល​ឆ្នាំ​២០០៨។ ​​​លោក​បាន​នាំ​ក្រោន​ឲ្យ​ឈ្នះ​ជើង​ឯក​​ក្នុង​កម្មវិធី​ 4 Team Tournament ​នៅ​ថៃ​​ឆ្នាំ​២០០៩​ ដែល​មាន​បួន​ក្រុម​ចូល​រួម។ ​ក្រុម​ទាំង​នោះ​មាន​ Mukdahan FC, ឡាវ,​ Loeicity ​និង​ ភ្នំពេញ​ក្រោន។

​អ្នក​ចាត់​ការ​ក្លឹប​បឹងកេត​*

​​ដើម​ខែ​ធ្នូ​ ​ឆ្នាំ​២០១១​​ នេះ​ លោក​ បែ​ មករា​ ​បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​របស់​ក្លឹប​ ​បាល់ទាត់​បឹងកេត​ ​ដើម្បី​ដឹក​នាំ​ក្រុម​ក្នុង​យុទ្ធនាការ​​​​​នៃ​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន​​ ឆ្នាំ​២០១២​ និង​មិត្តហ្វូនខេមបូឌានលីគ។ ​លោក​ក៏​​ជា​បុគ្គល​សំខាន់​ម្នាក់​​ជួយ​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​បាន​៣​ដង​ហើយ​គឺ​ឆ្នាំ​២០១២​ ២០១៦​ និង​២០១៧។ ចំណែក​ឆ្នាំ​២០១៣​ និង​២០១៤​បឹងកេត​​បាន​​ជើង​ឯក​រង​ ខណៈ​ឆ្នាំ​២០១៥​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣។

បឹងកេត​ឈ្នះ​ជើងឯក​លីគ​កម្ពុជា​ឆ្នាំ​២០១៧

ដំណាក់​កាល​លំបាក​បំផុត​

បន្ទាប់​ពី​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​ឆ្នាំ​២០១៧​ ម្ចាស់​ក្លឹប​ដែល​ជា​ថៅ​កែ​ចម្ការ​កៅស៊ូ​បាន​ដក​ខ្លួន​ចេញ​ពី​ក្លឹប​ដែល​បន្ទុក​​ធ្លាក់​ទៅ​លើ​លោក​ បែ មករា​​ទទួល​រ៉ាប់​រង​ដោះ​ស្រាយ​ជា​មួយ​ក្រុម​ទាំង​មូល។ រយៈ​ពេល​ប្រហែល​ជា​៥​ខែ​ដំបូង​នៃ​រដូវ​កាល​២០១៨​ លោក​​ជួប​ការ​លំបាក​ខ្លាំង​បំផុត​ដែល​ស្ទើរ​ឈាន​ដល់​ការ​រំលាយ​ចោល​ក្លឹប​ទៅ។ សំណាង​ល្អ​ លោក​ទទួល​បាន​ម្ចាស់​ឧបត្ថម្ភ​ពី Cambodia Beer សម្រាប់​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​ប្រាក់​ខែ​ដល់​បុគ្គល និង​កីឡាករ​ទាំង​អស់។ សម្រាប់​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​ធ្វើ​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​ក្លឹប​រហូត​ចប់​រដូវ​កាល​ឡើយ។

លោក បែ មករា ដេក​គិត​ ដើរ​គិត​​​គ្រប់​ពេល​វេលា​​ដើម្បី​រក​មធ្យោបាយ​ជួយ​ក្លឹប។ លោក​បាន​ប្រាប់​ថា ការ​គិត​របស់​លោក​ដើម្បី​ជួយ​ក្លឹប​គឺ​​ច្រើន​ជាង​អ្វី​ដែល​លោក​បាន​គិត​ដល់​គ្រួសារ​ប្រពន្ធ​កូន​។ ពេល​ខ្លះ​មាន​បញ្ហា​​ជា​មួយ​ប្រពន្ធ​កូន​ និង​កន្លែង​ធ្វើ​ការ​​ផ្សេង​ទៀត​ ព្រោះ​តែ​លោក​​ខំ​ប្រឹង​​ចំណាយ​ពេល​វេលា​ច្រើន​លើស​លប់​​ដើម្បី​​ជួយ​សង្គ្រោះ​បឹងកេត។ ​ទី​បំផុត​លោក​បាន​ធូរ​ទ្រូង​ដោយ​លោក​បាន​ជួប​ លោក​ស្រី ពុទ្ធ ធីតា​ដែល​ចូល​ខ្លួន​មក​អភិវឌ្ឍ​ក្លឹប​បឹងកេត​បន្ត​ចាប់​ពី​ឧសភា ឆ្នាំ​២០១៨​ទៅ។

អ្នក​ចាំ​ទី​បឹងកេត ស៊ូ យ៉ាទី លើក​ពាន​លីគ​កម្ពុជា​ឆ្នាំ​២០១៧

បទ​ពិសោធ​កន្លង​មក

លោក ​បែ​ មករា​ ​ពិត​ជា​មាន​បទពិសោធ​ជោកជាំ​នៅ​ក្នុង​វិស័យ​បាល់ទាត់​ទាំង​​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ប្រទេស​ថៃ។ ​លោក​បាន​​ចែក​រំលែក​ បទ​ពិសោធ​តាម ​Sabay ​ថា​ ​​​ក្លិប​បាល់ទាត់​មួយ​អាច​ដំណើរការណ៍​ទៅ​យ៉ាង​រលូន​​គឺ​​ពឹង​ផ្អែក​នៅ​លើ​ចំណុច​​៣​សំខាន់​ៗ។ ចំណុច​ទី១​​ មាន​គ្រឹះ​ហិរញ្ញវត្ថុ​រឹង​មាំ​ ទី២ ត្រូវ​មាន​រចនា​​សម្ព័ន្ធ​ច្បាស់លាស់​ និង​ទី៣​ គ្រូ​បង្វឹក​និង​កីឡាករ​ត្រូវ​​​មាន​ទិសដៅ​តែ​មួយ។ ​

ចំណុច​ទី​១​ មាន​ន័យ​ថា​ ​ហិរញ្ញវត្ថុ​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​ជួយ​គាំទ្រ​ដល់​ក្លឹប​​ដើម្បី​អភិវឌ្ឍ​ធនធាន​ដូច​ជា​កីឡាករ​ ​និង​​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​នា​នា​ជា​ច្រើន​ទៀត។ ​ចំណុច​ទី​២​ ​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​​គឺ​សំដៅ​ទៅ​លើ​ការ​​គ្រប់គ្រង​បែប​រដ្ឋបាល​ និង​ មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​​របស់​ក្លឹប​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​ក្លឹប។ ​ចំណុច​ទី៣​ ​គ្រូ​និង​សិស្ស​ត្រូវ​តែ​ដើរ​ផ្លូវ​រួម​គ្នា​ មាន​ន័យ​ថា​ ​ត្រូវ​តែ​មាន​គោល​ដៅ​រួម​គ្នា​ និង​សាមគ្គី​​ភាព​ក្នុង​ក្រុម​ទើប​ទទួល​បាន​ជោគជ័យ។ ​ប្រសិន​បើ​សិស្ស​មិន​ស្ដាប់​គ្រូ ឬ​ប្រកាន់​និន្នាការ​ស្អប់​​គ្នា​នៅ​ក្នុង​ក្លឹប​ នោះ​ក្លឹប​ពិត​ជា​មិន​អាច​ដើរ​ទៅ​មុខ​បាន​ឡើយ។

ការងារ​​បាល់ទាត់​​​ លោក​ បែ​ មករា​ ក៏​មាន​ការងារ​​ជា​ជំនួយ​ការ​អគ្គនាយក​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​លោក​ទទួល​បាន​ប្រាក់​ខែ​សម​រម្យ។ ក្រៅ​ពី​នោះ​លោក​ធ្លាប់​ជា​ជា​​ភ្នាក់​ងារ​(Sport Agent)​​​នាំចេញ​នាំ​ចូល​កីឡាករ​​កម្ពុជា-​ថៃ។ ​ការ​ងារ​នេះ​ លោក​អាច​រក​កម្រៃ​បាន​ខ្លះ​ពី​ការ​​នាំ​ចេញ​កីឡាករ​​​ពី​ស្រុក​ខ្មែរ​ទៅ​លេង​នៅ​ប្រទេស​ថៃ។ ​លោក​ បាន​បញ្ជាក់​ថា​ ​កីឡាករ​​​ដែល​លោក​បាន​នាំ​ទៅ​លេង​នៅ​ប្រទេស​ថៃ​មាន​ ស៊ិន ដាលីន, ​កែវ សុខង៉ន, និង Julious ​ជា​ដើម។​​ ចំណែក​ឯ​​ការងារ​មួយ​ទៀត​ ​គឺ​លោក​​ជា​អ្នក​នាំ​ចូល​​អីវ៉ាន់​ផ្សេងៗ​​ពី​ប្រទេស​ថៃ​​មក​លក់​នៅ​ស្រុក​ខ្មែរ​​នៅ​ហាង​មួយ​ចំនួន​ផង​ដែរ។

បច្ចុប្បន្ន​លោក បែ មករា កំពុង​យក​ចិត្ត​ទុក​​ដាក់​ពង្រឹង​ក្លឹប​បឹងកេត​ឲ្យ​ក្លាយ​ជា​ក្លឹប​អាជីព​ពិត​ប្រាកដ​ និង​លេច​ធ្លោ​មួយ​នៅ​តំបន់។ ជា​ពិសេស​លោក​នឹង​រៀប​ចំ​ក្លឹប​ឲ្យ​​ពេញ​លក្ខណៈ​ស្រប​តាម​គោលការណ៍​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ បន្ទាប់​ពី​ទទួល​បាន​គ្រួសារ​លោក​ស្រី ពុទ្ធ ធីតា​ចូល​រួម​អភិវឌ្ឍ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី