• 2016-04-26 13:10:15
  • ព័ត៌មាន

មិត្តភាព​ស៊ុត​បាន​៣​គ្រាប់​ កែវ​ សុខផេង​ ​ប្រាប់​ដំណើរ​ជួយ​​ភ្នំពេញ​ក្រោន​

  • 2016-04-26 13:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​បម្រើ​ប្រយុទ្ធ​​ កែវ​ ​សុខផេង ដែល​ខក​ខាន​​នៅ​លើ​ទី​លាន​ជា​ច្រើន​ខែ​​តាំង​ពី​មាន​របួស​ពេល​​ជម្រើស​ជាតិ​​ប្រកួត​នឹង​ជប៉ុន​ កាល​ពី​ខែ វិច្ឆិកា​ ឆ្នាំ​​២០១៥​​ ​នឹង​វិល​​​ចូល​ទី​លាន​ដើម្បី​ជួយ​ក្រុម​ភ្នំពេញ​ក្រោន​បាន​​ពេញ​លេញ​​វិញ​ហើយ។

 

កែវ សុខផេង ​ដែល​ស៊ុត​បញ្ចូល​ទី​​បាន​២​គ្រាប់​​ក្នុង​ជំនួប​មិត្តភាព​​ដែល​ភ្នំពេញ​ក្រោន​ឈ្នះ​អាស៊ី​អឺរ៉ុប​៤-១ កាល​ពី​ថ្ងៃ​សៅរ៍​​​​កន្លង​ទៅ​​ប្រាប់​ Sabay ​ថា​ ​របួស​របស់​គេ​នៅ​ពេល​នេះ​ គឺ​ជា​សឹង​តែ​១០០​% ​ហើយ​ ប៉ុន្តែ​​រូប​គេ​នៅ​ខ្សោយ​កម្លាំង​​តិចតួច​​​ ដែល​ជា​មូល​ហេតុ​ ​មិន​អាច​ចូល​រួម​ជា​មួយ​ក្រុម​បាន​​ពេញ​លេញ។

 

 

កីឡាករ​វ័យ​ក្មេង​លេច​ធ្លោ​នៅ​​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៥​បន្ត​​ថា សព្វ​ថ្ងៃ​នេះ​ រូប​គេ​កំពុង​​ខំ​ប្រឹង​ហ្វឹក​ហាត់​ជា​ប្រចាំ​ និង​លេង​បាន​​​ចូល​លេង​ក្នុង​ជំនួប​មិត្ដភាព​ជារឿយៗ​ដើម្បី​​ឲ្យ​​ប្រាកដ​ថា​ ​ទាំង​កម្លាំង​​ និង​បច្ចេកទេស​​ឡើង​ដូច​​ដូច​ដើម​​ដែល​អាច​ជួយ​​ក្រុម​របស់​ខ្លួន​ក្នុង​លីគ​តែ​ម្តង។

 

កាល​ពី​​ប៉ុន្មាន​សប្តាហ៍​មុន​ កែវ សុខផេង​ ក៏​បាន​បង្ហាញ​ខ្លួន​​នៅ​​តង់​ទី​ពីរ​នៅ​ពេល​ក្លឹប​ភ្នំពេញ​ក្រោន​​ប្រកួត​នឹង​ក្រុម​វេស្ទើន​ភ្នំពេញ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ រូប​គេ​ស៊ុត​បាន​មួយ​គ្រាប់​នៅ​ពេល​ភ្នំពេញ​ក្រោន​ប្រកួត​ស្មើ​នឹង​ក្រុម​ប៉ូលិស​សម្រាប់​ការ​ប្រកួត​មិត្តភាព។ រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​ រូប​គេ​​ស៊ុត​បាន​២​គ្រាប់​ពេល​ភ្នំពេញ​ក្រោន​ឈ្នះ​អាស៊ី​អឺរ៉ុប​ ៤-១ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ក្នុង​ជំនួប​មិត្តភាព។

 

កីឡាករ​ កែវ សុខផេង​ បាន​រង​របួស​ប្រេះ​កែង​ជើង​ ក្នុង​ជំនូប​រវាង​​ កម្ពុជា ទល់​នឹង​ ជប៉ុន​ កាល​ពី​ថៃ្ង​​ទី​ ១៧ ​ខែ​វិចិ្ឆកា​ឆ្នាំ​២០១៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ពាន​រង្វាន់​ World Cup ឆ្នាំ២០១៨ ដែល​នៅ​ពេល​នោះ​ម្ចាស់​ផ្ទះ​ កម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​ ជប៉ុន​ ដោយ​លទ្ធផល​ ២-០៕

 

អត្ថបទ៖ មួន សុគន្ធតារា​​

មតិយោបល់