/6613d2dbb8655_1712575140_medium.jpg)
- 2024-04-08 13:46:33
- ព័ត៌មាន
កន្លងមក មានតែប្រទេសអាស៊ានមួយគត់ ដែលមានឱកាសលេងនៅ FIFA World Cup
- 2024-04-08 13:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លងមក មានតែប្រទេសអាស៊ានមួយគត់ ដែលមានឱកាសលេងនៅ FIFA World Cup
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកទល់នេះ ត្រូវបានធ្វើឡើងចំនួន ២២លើកហើយ តាំងពីបង្កើតនៅឆ្នាំ១៩៣០មក។ ចាប់តាំងពីពេលនោះមក មានតែប្រទេសអាស៊ានយើងតែមួយគត់ ដែលមានឱកាសក្នុងការលេងនៅព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីបាល់ទាត់ជម្រើសជាតិពិភពលោក FIFA World Cup។
ប្រទេសនោះគឺ ប្រទេសឥណ្ឌាខាងកើតហុល្លង់ ដែលបច្ចុប្បន្នឥណ្ឌូណេស៊ី ដែលចូលលេងនៅឆ្នាំ១៩៣៨។ ពេលនោះ ប្រទេសអាស៊ីជាច្រើនបានដកខ្លួនចេញពីវគ្គជម្រុះ ដែលក្នុងនោះមាន ជប៉ុន និងចិន ដោយប្រទេសទាំងពីរនេះជាប់ធ្វើសង្គ្រាមនឹងគ្នា។
ឥណ្ឌាខាងកើតហុល្លង់ ត្រូវប៉ះជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីវគ្គជម្រុះទៅទៀត។ ហេតុនេះហើយ ប្រទេសអាស៊ីមួយនេះក៏ឡើងទៅលេង World Cup នៅប្រទេសបារាំងនៅឆ្នាំ ១៩៣៨តែម្ដង។
ក្នុងពេលនោះដែរ ក្រុមជម្រើសជាតិមួយនេះ បានធ្វើដំណើរតាមកប៉ាល់ទៅប្រទេសបារាំង ដោយចំណាយពេលជាច្រើនសប្ដាហ៍។ យ៉ាងណាក៏ដោយ ប្រទេសមួយនេះលេងប្រកួតតែមួយគត់ក្នុង World Cup ដែលប៉ះនឹងប្រទេសហុងគ្រី។ នៅពេលនោះ ហុងគ្រីបានយកឈ្នះឥណ្ឌាខាងកើតហុល្លង់ ក្នុងលទ្ធផល ៦ ទល់នឹង ០។
សូមបញ្ជាក់ផងដែរថា ចាប់ពីពាក់កណ្ដាលសតវត្សទី ១៩ រហូតពាក់កណ្ដាលសតវត្សទី ២០ ប្រទេសហុល្លង់បានដាក់ប្រជុំកោះឥណ្ឌូណេស៊ីជាតំបន់អាណានិគមខ្លួន ហើយឲ្យឈ្មោះតំបន់នេះថា ឥណ្ឌាខាងកើតហុល្លង់។
មានមតិមួយចំនួនលើកឡើង ការចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៣៨ របស់ឥណ្ឌាខាងកើតហុល្លង់នេះ ជាការបង្ហាញពិភពលោកពីការចង់បានឯករាជ្យរបស់ប្រជាជាតិឥណ្ឌូណេស៊ីពីហុល្លង់នៅជំនាន់នោះ៕