- 2024-03-27 13:31:22
- ព័ត៌មាន
អតីតប្រធានសមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១ជីវិត
- 2024-03-27 13:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានសមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១ជីវិត
ចន្លោះមិនឃើញ
អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ត្រូវបានសាលាដំបូងប្រជាជនក្រុងវ័ងស៊ី (Huangshi) នៃខេត្តហឺប៉ី (Hebei) កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ទាក់ទិននឹងករណីស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយ កាលពីថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
បើតាមប្រភពខាងលើ លោក Chen នឹងបាត់បង់សិទ្ធិនានាដូចជា សិទ្ធិនយោបាយ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកត្រូវបានរឹបអូសដោយតុលាការ។ បន្ថែមពីនេះ ភោគលាភ ដែលលោកទទួលបាននៅពេលប្រព្រឹត្តិអំពើពុករលួយនឹងត្រូវដាក់ចូលជាសម្បត្តិរដ្ឋ។
លោកបានពាក់ព័ន្ធនឹងរឿងពុករលួយកិបកេងលុយប្រមាណ ១១លានដុល្លារអាមេរិក។ អយ្យការអមសាលាដំបូងក្រុងវ័ងស៊ីបានដាក់ការចោទប្រកាន់លោក Chen ពាក់ព័ន្ធនឹងការរំលោភអំណាច ដោយផ្ដល់កុងត្រានានាដល់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យបាល់ទាត់នៅស្រុកចិន។
កាលពីខែកុម្ភៈ លោក Chen នៅក្នុងសវនាការបានធ្វើការទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ព្រមទាំងសុំទោសប្រជាជនចិនទាក់ទិននឹងការបំពេញការងារមិនបានល្អ ដែលធ្វើឱ្យបាល់ទាត់ចិនដើរថយក្រោយ។
លោក Chen ឡើងកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិនពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ មុននឹងឡើងកាន់ជាប្រធានស្ថាប័នបាល់ទាត់ចិន លោកជាប្រធានក្រុមហ៊ុនកំពង់ផែអន្តរជាតិសៀងហៃ (Shanghai International Port Group)។
បាល់ទាត់នៅស្រុកចិនមានរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលបណ្ដាលឱ្យបុគ្គលបាល់ទាត់ជាច្រើនរួមមាន គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ និងមន្ត្រីនានាជាប់ការស៊ើបអង្កេត៕