• 2019-09-26 02:54:29
  • ព័ត៌មាន

ប្រធាន​សហព័ន្ធ​ល្បុក្កតោ​ ធ្វើ​ពិធី​សំណេះសំណាល​ និង​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ឈ្នះ​មេដាយ​

  • 2019-09-26 02:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ល្បុក្កតោ​ ឯកឧត្ដម​ ចាន់​ សារុន​ បាន​ធ្វើ​ពិធី​ជួបជុំ​ និង​សំណេះសំណាល​ក៏​ដូច​ជា​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​កីឡាករ​ កីឡា​ការិនី​ដែល​ទើប​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​ថ្មីៗ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​កាល​ពី​ម្សិលមិញ​នេះ។​

ពិធីជួបជុំម្សិលមិញ

ប្រធាន​សហព័ន្ធ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​ធ្វើ​រួច​ម្ដង​ហើយ​ ប៉ុន្តែ​មិន​បាន​ជុំ​គ្នា​ល្អ​នោះ​ទេ​ ដូច្នេះ​សម្រេច​ធ្វើ​ជា​ថ្មី​ម្ដង​ទៀត​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។​ ការ​រៀបចំ​លើក​នេះ​គឺ​បាន​ជួបជុំ​គ្នា​ល្អ​តែ​ម្ដង​ ហើយ​ពិធី​នេះ​គឺ​ជា​ការ​អបអរសាទរ​ឲ្យ​សម​ទៅ​ និង​ជ័យជម្នះ​របស់​ក្រុម​ល្បុក្កតោ​ដែល​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​នៅឯប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ។​

ពិធីជួបជុំម្សិលមិញ

ឯកឧត្ដម​ ចាន់​ សារុន​ បាន​បន្ថែម​ទៀត​ថា​ កាល​ពី​ឆ្នាំ​២០១៨​ ក្រុម​ល្បុក្កតោ​កម្ពុជា​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ម្ដង​ដែរ​ ប៉ុន្តែ​មិន​ទទួល​បាន​មេដាយ​សូម្បី​មួយ​គ្រឿង។​ បើ​ទោះ​ជា​មិន​ទទួល​បាន​មេដាយ​ក្ដី​ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ ចាត់​ទុក​ជា​ការ​ដក​បទ​ពិសោធ​ ទៅ​មើល​ពី​របៀបរបប​ បច្ចេកទេស​របស់​គេ​ ជា​ចុង​ក្រោយ​ឆ្នាំ​២០១៩​នេះ​ ទទួល​បាន​លទ្ធផល​មេដាយ​មាស​ រហូត​ដល់​ទៅ​៦គ្រឿង។​

ប្រធាន​សហព័ន្ធ​ បាន​ផ្ដែផ្ដាំ​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ មិន​ត្រូវ​ប្រហែស​ ដោយ​គិត​ថា​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយ​មាស​រួច​ហើយ​នោះ​ទេ​ ព្រោះ​ប្រទេស​ផ្សេងៗ​គេ​មិន​នៅ​ស្ងៀម​ទេ​គឺ​តែងតែ​ពង្រឹង​សមត្ថភាព​ដូច​គ្នា​នេះ​ដែរ។​

ពិធីជួបជុំម្សិលមិញ

ពិធី​ជួបជុំ​សំណេះសំណាល​ និង​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​របស់​ប្រធាន​សហព័ន្ធ​ល្បុក្កតោ ​នេះ​ធ្វើ​ឡើង​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ។​ គណៈធិបតី​ចូលរួម​មាន​ ឯកឧត្ដម​ ចាន់​ សារុន​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អនុប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ កែវ​ រ៉េមី​ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​សហព័ន្ធ​ផង​ដែរ​ រួម​ទាំង​សិស្ស​គុន​ល្បុក្កតោ​ជា​ច្រើន​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម