• 2019-06-12 23:11:00
  • ប្រវត្តិ​​

កំណត់​ត្រា​សំខាន់​ៗរបស់​ជម្រើស​ជាតិកម្ពុជាត្រឹមតែ៥ឆ្នាំចុងក្រោយនេះ

  • 2019-06-12 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ដឹង​​ហើយ​ថា បាល់ទាត់​កម្ពុជា​រីក​ចម្រើន​ខ្លាំង​មុន​សម័យ​សង្គ្រាម​ដែល​​មាន​គុណភាព​​ប្រកួត​ប្រជែង​នឹង​ក្រុម​ខ្លាំង​នៅ​អាស៊ី​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ជើង​ឯក​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​ ១៩៧២។ យ៉ាង​ណា​ បាល់ទាត់​ខ្មែរ​ស្ទើរ​បាត់​សូន្យ​​ដោយ​សារ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។ បន្ទាប់​ពី​នោះ​មក​ បាល់ទាត់​កម្ពុជា​​​ខំ​ប្រឹង​រស់​ឡើង​វិញ​ជា​បណ្តើរ​ៗ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​លើ​ទី​លាន

ប្រហែល​ជា​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ បាល់ទាត់​កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់ និង​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​សំខាន់​ៗ​របស់​ខ្លួន។

  • ១. ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​បាល់​​ពិភព​លោក​ឆ្នាំ​២០១៨ ( 2018 FIFA World Cup Qualification) កាល​ពី​ឆ្នាំ​២០១៥ ។ កម្ពុជា​ ៣-០​ ម៉ាកាវ​ (ចាន់ វឌ្ឍនាកា ស៊ុត​ចូល ២ គ្រាប់ និង ឃួន ឡាប៊ូរ៉ាវី ១ គ្រាប់)ជើង​ទី១ និង​ជើង​ទី​២​នៅ​ទឹក​ដី​ម៉ាកាវ ស្មើ​ ១-១ (ធារី ចន្ថាប៊ីន ស៊ុត​ចូល​១​គ្រាប់)។​
ក្រុម​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥
  • ២. ឆ្លង​ផុត​វគ្គ​ជម្រុះ AFC Asian Cup 2019 ។ ពាន​រង្វាន់​លំដាប់​អាស៊ី​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​ឆ្លង​ផុត​ដោយ​យក​ឈ្នះ​ ក្រុម​កោះ​ឆាយ​នីស​តៃ​ប៉ិ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល​ ២-០ និង​ស្មើ​គ្នា ២-២ នៅ​ទឹក​ដី​​ឆាយ​នីស​តៃប៉ិ។

  • ៣. ឆ្លង​ផុត​វគ្គ​ជម្រុះ​ AFF Suzuki Cup 2016 ។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ ក្នុង​វគ្គ​ជម្រុះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ គឺ​បង្កើត​កំណត់​ត្រា​ឈ្នះ​ទាំង​៣​ប្រកួត គឺ​ប្រកួត​ទី​១ ឈ្នះ​ឡាវ ២-១ ប្រកួត​ទី​២ ឈ្នះ​ប្រ៊ុយណេ ៣-០​ និង​ប្រកួត​ទី​៣ យក​​ឈ្នះ​ទីម័រខាងកើត ៣-២។

ក្រុម​កម្ពុជា​ពេល​ជម្រុះ AFF Championship
  • ៤. យុវជន​កម្ពុជា​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ AFF U15 Championship 2016 ។ ក្រុម​យុវជន​​១៥​ឆ្នាំ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ជើង​ឯក​អាស៊ាន​ AFF U15 Championship​​ 2016 បន្ទាប់​ពី​៥​ប្រកួត​​ឈ្នះ​ឡាវ​៣-១, ឈ្នះ​ ប៊្រុយណេ​ ២-០, ឈ្នះ​ទីម័រ​ ៣-០ និង​ចាញ់​ថៃ ៦-០។ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ កម្ពុជា​ ចាញ់​ វៀតណាម ១-០ ហើយ​ប្រកតួត​ចុង​ក្រោយ​ចាញ់​ថៃ​ ៣-០ ដោយ​បាន​ចំណាត់​ថ្នាក់​លេខ​៤។
ក្រុម​យុវជន​កម្ពុជា​អាយុ១៥ឆ្នាំ
  • ៥. ក្រុម​ U21 កម្ពុជា​ ទទួល​បាន​ចំណាត់​ថ្នាក់​ជើង​ឯក​រង​​ពាន​រង្វាន់​ស្តេច​ប៊្រុយណេ​ ឆ្នាំ​២០១៨​ បន្ទាប់​​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ឈ្នះ​ ​ឡាវ​ ២-១ និង​ចាញ់​ឥណ្ឌូណេស៊ី​ ១-០ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​៤​ក្រុម​​នេះ​ កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ២-១ ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ យ៉ាង​ណា​ សំណាង​មិន​​ល្អ​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ កីឡាករ ឆេង ម៉េង ទទួល​បាន​កាត​ក្រហម​​ចេញ​ពី​ទី​លាន ហើយ​ជា​លទ្ធផល​ចាញ់​​ទីម័រ​ខាង​កើត​ ១-០ ទទួល​បាន​ត្រឹម​ជើង​ឯក​រង។
អបអរ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា
  • ៦. ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​បាល់​​ពិភព​លោក​ឆ្នាំ​២០២២ ( 2022 FIFA World Cup និង​ Asian Cup 2023 Qualification) ឆ្នាំ​២០១៩​នេះ ។ កម្ពុជា​ឈ្នះ​ប៉ាគីស្ថាន​ ២-១ ជើង​ទី​១​ (សៀង ចន្ធា​ ស៊ុត​បាន​១​គ្រាប់​ និង គួច សុកុម្ភៈ​ រក​បាន​១​គ្រាប់) និង​ជើង​ទី​២​នៅ​​កាតារ​ កម្ពុជា​ឈ្នះ​ប៉ាគីស្ថាន​​ ២-១ (សេត រ៉ូហ្សេត​រក​បាន​១​គ្រាប់​ និង​ រ៉ឹង ប៊ុនហៀង​រក​បាន​១​គ្រាប់់។ កម្ពុជា​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​នៅ​តំបន់​អាស៊ី៕
ក្រុម​កម្ពុជា​អរគុណ​អ្នក​គាំទ្រ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់