• 2019-05-16 04:14:01
  • វិភាគ

តើ​អ្នកប្រដាល់ពូកែទាត់ ភាគច្រើនខ្លាំងមែនអត់?

  • 2019-05-16 04:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទាត់​ជា​ក្បាច់​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​ក្បាច់​គុន​សេរី​ដែល​​អ្នក​ប្រដាល់​ម្នាក់​ៗ​ត្រូវ​ការ​ហ្វឹកហាត់​ឲ្យ​ដិត​ដល់​ទើប​ខ្លាំង​ឈាន​ដល់​កម្រិត។ បើ​ក្រឡេក​មើល​កីឡាករ​​​ប្រដាល់​សេរី​​ខ្លាំង​ៗ​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ដែល​ពូកែ​ទាត់។

សុខ ធី ទាត់​ខូច​ជើង​កីឡាករ​ថៃ

អ្នក​ប្រដាល់​​​គុន​ខ្មែរ​ជំនាន់​មុន​មួយ​ចំនួន​ដែល​មាន​កេរ្តិ៍​ល្បី​​ និង​​ខ្លាំង​​ៗ​ ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ប្រដាល់​ដែល​ពូកែ​ទាត់​ដូច​ជា​ អេ ភូថង, ឡឹក​ វិបុល​, ក្រាក់ សម្ផស្ស​, ផៃ​ ប៊ុនឈឿន, ឡុង វណ្ណថន​ និង​ ធុន សុភា ជា​ដើម។ ​អ្នក​​ដែល​ទើប​មើល​ប្រដាល់​សម័យ​ក្រោយ​នេះ​ ប្រហែល​ជា​មិន​សូវ​ស្គាល់​សមត្ថភាព​របស់​ពួក​គាត់​ច្បាស់​ទេ​ ប៉ុន្តែ​បើ​អ្នក​គាំទ្រ​សម័យ​មុន​ប្រហែល​ជា​ស្គាល់​សមត្ថភាព​ពួក​គាត់​ទាំង​នេះ​យ៉ាង​ច្បាស់។​

  • អេ ភូថង​ ជា​អតីត​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ទាត់​បាន​ល្អ​ និង​មាន​ទម្ងន់​ខ្លាំង​ណាស់។ ដៃ​គូ​របស់​គាត់​ភាគ​ច្រើន​ដួល​សន្លប់​ ខួច​ដៃ​ដោយ​សារ​រន្ទៈ​ជើង។ ក្រៅ​ពី​ទាត់​ លោក​ក៏​​មាន​កណ្តាប់​ដៃ​ និង​កែង​ដ៏​មាន​ប្រសិទ្ធភាព​ដែរ។ ​

  • ឡឹក​ វិបុល​ ត្រូវ​បាន​គេ​​ហៅ​ថា​ កែង​ឆេះ​ ដោយ​សារ​ប្រើ​កែង​​បាន​យ៉ាង​​ល្អ។ យ៉ាង​ណា​ អតីត​កីឡាករ​ប្រដាល់​រូប​នេះ​ពូកែ​ទាត់​ណាស់។ ជំហរ​របស់​លោក​ពេល​នៅ​លើ​សង្វៀន​ភាគ​ច្រើន​គឺ​ឈរ​ជើង​ទាំង​ពីរ​ទន្ទឹម​គ្នា​​ពោល​គឺ​មិន​ដាក់​ជើង​ទៅ​មុខ​មួយ​ ទៅ​ក្រោយ​មួយ​ទេ​ ប៉ុន្តែ​ពេល​ទាត់​ចេញ​លឿន​ និង​រហ័ស​បំផុត។

  • ក្រាក់ សម្ផស្ស​ នេះ​ហើយ​ដែល​សម័យ​មុន​​និយាយ​ត​ៗ​គ្នា​ថា​ជា ​ជើង​ទម្ងន់​យក្ស​។ អតីត​អ្នក​ប្រដាល់​រូ​នេះ​មាន​ទម្ងន់​ជើង​ខ្លាំង​​ដែល​នេះ​ហើយ​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​គាត់។

  • ផៃ​ ប៊ុនជឿ​ ជា​អតីត​កីឡាករ​ដែល​ទាត់​បាន​ល្អ​ទាំង​ជើង​ស្តាំ​ និង​ជើង​ឆ្វេង។ រាល់​ការ​ប្រកួត​​ ប៊ុនជឿ​ទាត់​ចេញ​បាន​ច្រើន​ណាស់​ទាំង​​ឆ្វេង​ និង​ស្តាំ​​ដែល​​នេះ​ហើយ​ជា​អាវុធ​ធ្វើ​ឲ្យ​ដៃ​គូ​ខ្លាច​ញញើត។ គេ​ចាំ​បាន​ថា ដៃ​គូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​លោក​គឺ​ ឡឹក វិបុល។

  • ឡុង វណ្ណថន ជា​អ្នក​ប្រដាល់​ដែល​ចេញ​​អាវុធ​ៗ​ ប៉ុន្តែ​មាន​ទម្តន់។ លោក​​មាន​អាវុធ​ពីរ​ដែល​​គ្រោះ​ថ្នាក់​បំផុត​គឺ​ទី​១​ទាត់​ និង​ទី​២​​កណ្តាប់​ដៃ។ ជា​ទូទៅ​ លោក​យោល​ជំហរ​ទើប​ទាត់​ចេញ​ដែល​ធ្វើ​ឲ្យ​មាន​ទម្ងន់​ខ្លាំង។​

  • ធុន សុភា​ ក៏​ជា​អតីត​កីឡាករ​ម្នាក់​ដែល​​ប្រើ​ជើង​ទាត់​បាន​ល្អ​ដែរ។ គោល​ជំហរ​នៃ​វ៉ៃ​របស់​លោក​មិន​សូវ​ខុស​ទៅ​នឹង​ ឡុង វណ្ណថន​ឡើយ។ ការ​ទាត់​ និង​កណ្តាប់​ដៃ​ខាវ​ជា​​ស្នៀត​ប្រយុទ្ធ​ដ៏​ល្អ​របស់​លោក។

មឿន សុខហុច ទាត់​លើ​កីឡាករ​ថៃ ឌិន ណាផូ

បើ​និយាយ​ពី​ កីឡាករ​ប្រដាល់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​នៅ​មិន​សូវ​សំបូរ​អ្នក​ពូកែ​​ទាត់​ជើង​ច្រើន​ឡើយ។ មឿន សុខហ៊ុន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​កីឡាករ​ពូកែ​ទាត់​​ជាង​គេ​ដែល​នេះ​ជា​អាវុធ​ដ៏​សំខាន់​របស់​គាត់។ ចំណែក​កីឡាករ​ផ្សេង​ៗ​ទៀត​​ភាគ​ច្រើន​ទាត់​ជើង​ក្រោម​ ប៉ុន្តែ​ទាត់​​ផ្នែក​លើ​មួយ​ៗ​ប៉ុណ្ណោះ។ ស្នៀត​ដ៏​ពិសេស​របស់​កីឡាករ​ខ្មែរ​គឺ​កណ្តាប់​ដៃ​ និង​កែង។

ផ្ទុយ​​ពី​កីឡាករ​ខ្មែរ​​ កីឡាករ​ប្រដាល់​ថៃ​ភាគ​ច្រើន​ពូកែ​ជើង​។ អ្នក​គាំទ្រ​ខ្មែរ​​​ឃើញ​ច្រើន​​ហើយ​ថា​ កីឡាករ​ប្រដាល់​ថៃ​​ភាគ​ច្រើន​ទាំង​កម្រិត​ A កម្រិត​ B ឬ​កម្រិត​ C គឺ​ផ្តោត​សំខាន់​លើ​ការ​ទាត់​តែ​ម្តង។ ​ក្រៅ​​ពី​ស្នៀត​ទាត់​ គឺ​ជង្គង់​ដែល​​ពឹង​ផ្អែក​លើ​​គោល​ជំហរ​ដ៏​រឹង​មាំ។ ដូច្នេះ​ហើយ​បាន​ជា​ កីឡាករ​ថៃ​ដែល​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ​គឺ​មាន​ប្រៀប​២​ចំណុច​គឺ​ជំហរ​កាច់​ផ្តួល​ និង​ទាត់។

ធឿន ធារ៉ា (ឆ្វេង) និង​កីឡាករ​ថៃ (ស្តាំ) (រូបថត៖ Max)

ចំណុច​សំខាន់​ខ្លះ​ៗ​ពី​ការ​ទាត់​

  • ការ​ទាត់​ផ្កាប់​ចាន​​ធ្វើ​ឲ្យ​ដៃ​គូ​​បារម្ភ​ខ្លាំង។ ទាត់​កាន់​ច្រើន​ កាន់​តែ​ធ្វើ​ឲ្យ​ឈឺ​ដៃ​ រហូត​ដល់​ខូច​ដៃ​។ បើ​ប្រហែស​ទប់​មិន​ជាប់​ អាច​សន្លប់។
  • ទាត់​ពោះ​ទឹក​​ធ្វើ​ឲ្យ​ដៃ​គូ​ឆាប់​​ថមថយ ឬ​ឈឺ​ចាប់​លឿន។ កីឡាករ​ខ្លះ​​មាន​ចំណុច​ខ្សោយ​លើ​ពោះ​​ទឹក​ដែល​ត្រូវ​តែ​១​ជើង​ ក្រោក​លែង​រួច។ អ្នក​ខ្លះ​​​ជើង​​ធាក់​ពោះ​ដែល​​ទាត់​កាន់​តែ​ច្រើន​ កាន់​តែ​ឈឺ​ឆ្អល់។
  • ទាត់​​ផ្នែក​ក្រោម​​ជា​ស្នៀត​មួយ​ដែល​​អ្នក​ពូកែ​ជើង​ទទួល​បាន​ផល។ ការ​ទាត់​ពី​ខាង​​ឆ្វេង​ ខាង​ស្តាំ​ ពី​ខាង​ក្រោម​ជា​រឿយ​ៗ​​ធ្វើ​ឲ្យ​ដៃ​គូ​ឈឺ​ចាប់​ ដេក​ដួល​ក្រោក​លែង​រួច។ ការ​ទាត់​ផ្នែក​ក្រោម​នេះ​​ដែល​កីឡាករ​ជា​ច្រើន​ប្រើ​បាន​ផល​ល្អ។
  • ធាក់​ទប់​ជា​ស្នៀត​មួយ​ដែល​​រារាំង​ដៃ​គូ​មិន​ឲ្យ​ចូល​វ៉ៃ​បាន។ កីឡាករ​ដែល​រហ័ស​​ជើង​​គឺ​ទាត់​​មិន​ឲ្យ​ដៃ​គូ​ចូល​វ៉ៃ​បាន​ឡើយ​ ដូច​ជា​ពេល​ដៃ​គូ​ចេញ​កណ្តាប់​ដៃ​ ធាក់​ចេញ​ ពេល​ដៃ​គូ​ទាត់​ជើង​ក្រោម​ ធាក់​ជើង​​ផ្តួល៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់