- 2018-08-22 07:48:48
- ប្រវត្តិ
អ្នកចាត់ការ៥រូបស៊ីថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្ន
- 2018-08-22 07:48:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការ៥រូបស៊ីថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្ន
ចន្លោះមិនឃើញ
នៅពីក្រោយជោគជ័យរបស់ក្រុមបាល់ទាត់មួយក្រៅពីកីឡាករខ្លាំង ក្នុងនោះគ្រូបង្វឹកឬអ្នកចាត់ការទូទៅគឺជាកត្តាសំខាន់មួយ ហាក់ដូចជាក្បាលម៉ាស៊ីនបញ្ជាដល់ក្រុមទាំងមូលដូច្នោះដែរ។ នៅពេលក្រុមធ្លាក់ទម្រង់លេង អ្នកចាត់ការទូទៅនេះហើយគឺជាតួអង្គដែលគេត្រូវបន្ទោស និងរុះរើចេញ។
ក្នុងពិភពបាល់ទាត់សព្វថ្ងៃកីឡាករបាល់ទាត់ដូចជា Ronaldo, Messi, Neymar ទទួលប្រាក់ចំណូលកប់ពពកលើកម្លាំងពលកម្មរបស់ពួកគេ តែក៏មានដែរអ្នកចាត់ការដែលស៊ីថ្លៃមិនខុសពីប៉ុន្មានពីកីឡាករល្បីៗខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ។ ខាងក្រោមគឺជាអ្នកចាត់ការ៥រូបដែលមានប្រាក់ពលកម្មខ្ពស់នាពេលបច្ចុប្បន្ន។
#៥ Jürgen Klopp
Jurgen Kloppត្រូវតែងតាំងជាអ្នកចាត់ការ Liverpool ក្នុងឆ្នាំ២០១៥ជំនួសលោក Brendan Rodgers ដែលត្រូវក្លឹបបណ្ដេញចេញ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ដឹកនាំ៣ឆ្នាំជួយក្រុមមានកៅអី Champions League ថែមទាំងឡើងវគ្គផ្ដាច់ព្រ័ត្រកាលពីរដូវកាលមុន។ Klopp នាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League និង League Cup នៅរដូវកាលដំបូងរបស់ខ្លួនប៉ុន្តែត្រូវបរាជ័យគួរឲ្យសោកស្ដាយ។ អតីតអ្នកចាត់ការ Dortmund រូបនេះទទួលថ្លៃនឿយហត់ ៧លានផោនក្នុង១ឆ្នាំធ្វើឲ្យលោកក្លាយជាអ្នកចាត់ការទទួលប្រាក់ចំណូលខ្ពស់បំផុតទី៥លើពិភពលោក។
#៤ Mauricio Pochettino
Mauricio Pochettino គឺជាអ្នកចាត់ការមានឥទ្ធិពលមួយរូបនាពេលបច្ចុប្បន្ន។ ទោះមិនទាន់នាំ Tottenham Hotspur លើកពានតែលោកបានជួយក្រុមបានកៅអី Champions League ឥតដាច់នៅប៉ុន្មានរដូវកាលចុងក្រោយជាមួយនឹងការប្រើប្រាស់កីឡាករក្មេងៗមានទេពកោសល្យ។ គុណភាពការងារនេះធ្វើឲ្យបុរសសញ្ជាតិអាហ្សង់ទីនទទួលប្រាក់ឈ្នួល៨,៥លានផោនក្នុងមួយឆ្នាំនៅក្រុមរហស្សនាមថាមាន់ខ្នាយមាស។
#៣ Jose Mourinho
Jose Mourinho គឺជាអ្នកចាត់ការ Manchester United ដ៏ជោគជ័យមួយរូបចាប់តាំងពីការចាកចេញរបស់ Alex Fergurson។ ក្រោមការដឹកនាំរបស់លោក បិសាចក្រហមបានឈ្នះពានធំៗ៣ហើយ។ ក្នុងចំណោម១២២ប្រកួតនៅ United លោកជួយក្រុមឈ្នះ៧៥, ស្មើ២៥ និងចាញ់២២ប្រកួត។ Mourinho ទទួលថ្លៃនឿយហត់ ១៥លានផោនក្នុង១ឆ្នាំ។
#២ Marcello Lippi
Marcello Lippi គឺជាអ្នកចាត់ការទទួលប្រាក់ចំណូលខ្ពស់បំផុតទីពីរនៅលើពិភពលោក។ ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិចិនបុរសសញ្ជាតិអ៊ីតាលីបានថ្លៃនឿយហត់១៨លានផោនក្នុង១ឆ្នាំ។ ចិនខកខានឱកាសទៅ World Cup នៅរុស្ស៊ីប៉ុន្តែសហព័ន្ធប្រទេសអាស៊ីមួយនេះនៅតែផ្ដល់សេចក្ដីទុកចិត្តឲ្យ Lippi បន្តដឹកនាំដល់ចប់កុងត្រា។
#១ Pep Guardiola
Pep Guardiola បានឈប់ពី Bayern ទៅ Manchester City ហើយជួយក្រុមឈ្នះ Premier League នៅរដូវកាល ២០១៧/១៨។ ក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃបានផ្ដល់ថ្លៃឈ្នួល២០លានផោនក្នុង១ឆ្នាំដល់ Pep ធ្វើឲ្យរូបលោកក្លាយជាអ្នកចាត់ការស៊ីថ្លៃជាងគេលើពិភពលោក។ ១១៨ប្រកួត នៅ City បុរសសញ្ជាតិអេស្ប៉ាញដឹកនាំក្រុមឈ្នះ៨២, ចាញ់១៧ និងស្មើ១៧៕