• 2024-08-18 03:25:00
  • បាល់ទះ

វឿន វាសនា សូម​ឲ្យក្រុម​បាល់ទះយុវជនកម្ពុជាពង្រឹងការសហការជាក្រុមនិងវាយសេវា

  • 2024-08-18 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមបាល់ទះយុវជនកម្ពុជា បានទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់ប៉ូលិស HCMC POLICE REPORT CUP 2024 នៅស្រុក Tan Binh ទីក្រុងហូជីមិញដោយឡើងទៅដល់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កីឡាករ វឿន វាសនា

ការប្រកួតពានរង្វាន់ប៉ូលិសវៀតណាមនេះមាន៨ក្រុមចូលរួមចែកជា២ពូល A និង B។ ក្រុមយុវជនកម្ពុជានៅពូល B ជាមួយក្រុម Lavie Long An, TP Ho Chi Minh និង Binh Duong។ កម្ពុជាធ្វើបានល្អ ចាញ់១ ឈ្នះ ២ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជា ជួបជាមួយក្រុមខ្លាំង Cong An ដែលមានកីឡាករបរទេសលេខ១៥ សញ្ជាតិគុយបា Hiroshi ចូលរួមដែរ។ ក្រុមទាំងពីរប្រកួតគ្នាយ៉ាងស្វិតស្វាញ និងជក់ចិត្តបំផុតរហូតដល់ទៅ៥សិត។ ជាលទ្ធផលកម្ពុជាចាញ់ Cong An វៀតណាម ២ ទល់ ៣ សិត។

ក្រុម Cambodia Volleyball Academy

ក្រោយចាញ់ Cong An ហើយនោះកម្ពុជាមិនមានការប្រកួតបន្តទៀតទេពោលគឺបានចំណាត់ថ្នាក់លេខ៣ស្ទួនតែម្ដង។ តើគុណផលរបស់ក្រុមជម្រើសជាតិយុវជនកម្ពុជាបានកម្រិតណាដែរ?

វឿន វាសនា កីឡាករជម្រើសជាតិបាល់ទះកម្ពុជា ដែល​បាន​ទស្សនា​ការប្រកួត​បានលើកឡើងថា រូបគេពេញចិត្តនឹងការលេងរបស់យុវជនកម្ពុជាគឺដូចអ្វីដែលរូបគេបានរំពឹងទុក ប៉ុន្តែអ្វីដែលប្អូនៗជំនាន់ក្រោយត្រូវពង្រឹងឲ្យខ្លាំងនោះគឺការសហការស្មារតីជាក្រុម និងការ​ពង្រឹងលើការវាយសេវា។

កីឡាករដែលទទួលបានថ្លៃពលកម្មជាង១០ម៉ឺនដុល្លាររយៈពេល២ឆ្នាំនៅក្លឹប Vin Streak រូបនេះបានពន្យល់ថា៖"តាមការរំពឹងទុករបស់ខ្ញុំគឺពួកគាត់លេងបានល្អហើយក្នុងពានរង្វាន់មួយហ្នឹង ប៉ុន្តែគាត់ខ្វះការសាមម្គីជាក្រុម ពេលខ្លះគាត់ធ្វើអ្វីមួយអត់ដឹងខ្លួន មានន័យថាគាត់អត់ដឹងថាគាត់ធ្វើអាហ្នឹងទេ ប៉ុន្តែគាត់ធ្វើ អ៊ីចឹងគាត់អាចបង្ករកំហុសក្នុងចំណុចហ្នឹងបាន ដូច្នះខ្ញុំសង្ឃឹមថាពួកគាត់ត្រឡប់មកកម្ពុជាវិញមើលវីដេអូវិញច្រំដែលទៅ ដើម្បីមើលកំហុសខ្លួនគាត់ ឲ្យគាត់ផុតពីកំហុសមួយហ្នឹង...ចំពោះសឺវីសខ្ញុំសង្កេតមើលដែរគឺខូចច្រើន អាចមកពីអារម្មណ៍របស់គាត់...ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញពួកគាត់ត្រូវពង្រឹងលើសឺវីស ព្រោះក្នុងវិស័យបាល់ទះ សឺវីសមានសារៈសំខាន់ខ្លាំងណាស់ បើសឺវីសយើងរឹង ធ្វើឲ្យក្រុមយើងទាំងមូលឈ្នះធូរ"៕

អត្ថបទ៖ Um Sopheak

មតិយោបល់