• 2024-09-13 12:06:49
  • បាល់ទាត់

គ្រូ​ Liverpool ឆ្លើយ​អំពី​រឿងកុងត្រា​កីឡាករ​សំខាន់ៗ​របស់​ហង្សក្រហម

  • 2024-09-13 12:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Arne Slot ឆ្លើយ​រឿង​កុងត្រា​របស់​កីឡាករ​សំខាន់ៗ​របស់​ហង្ស​ក្រហម​ដូច​ជា​ ខ្សែ​ប្រយុទ្ធ Mohammad Salah ខ្សែ​ការពារ Virgil Van Dijk និង​កីឡាករ Trent Alexander Arnold។ ទោះ​ជា​យ៉ាង​ណា លោក​ហាក់​មិន​ទាន់​មាន​ចម្លើយ​ជាក់លាក់​អំពី​ករណី​ទាំង​នេះ។

កុងត្រា​របស់​កីឡាករ​អេហ្ស៊ីប​វ័យ ៣២ ឆ្នាំ Salah ខ្សែ​ការពារ​ហុល្លង់​វ័យ ៣៣ ឆ្នាំ Van Dijk និង​កីឡាករ​អង់គ្លេស​វ័យ ២៥ ឆ្នាំ Arnold សុទ្ធ​តែ​ផុត​សុពលភាព​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ប្រភព​ច្បាស់​លាស់​ណា​មួយ​អាច​អះអាង​ថា ក្លឹប​បាន​បើក​ការ​ចរចា​ជាមួយ​កីឡាករ​ទាំង​បី​នៅ​ឡើយ​ទេ រឿង​ចរចា​កុងត្រា​ថ្មី។ ប្រភព​ខ្លះ​ថា ក្លឹប​កំពុង​ចរចា​ហើយ​ជាមួយ​ភាគី​កីឡាករ តែ​មិន​ទាន់​ត្រូវ​គ្នា។ ឯ​ប្រភព​ខ្លះ​ទៀត​លើក​ឡើង​ថា មិន​មាន​ការ​ចរចា​ណា​មួយ​កំពុង​កើត​ឡើង​រវាង​ភាគី​កីឡាករ និង​ភាគី​ក្លឹប។ បើ​នៅ​តែ​ដូច្នេះ នៅ​ទីផ្សារ​ដោះ​ដូរ​ខែ​មករា​ខាង​មុខ កីឡាករ​សំខាន់​ទាំង​បី​មាន​សិទ្ធិ​ចរចា និង​ចុះ​កុងត្រា​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ដទៃ នៅ​ពេល​កុងត្រា​នៅ​ Liverpool បាន​បញ្ចប់។

ពេល​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា​រឿង​ត​កុងត្រា​របស់​កីឡាករ​ទាំង​បី​ខាង​លើ​ដល់​ណា​ហើយ លោក Slot បាន​លើក​ឡើង​ថា លោក​មិន​មាន​ចម្លើយ​នឹង​សំណួរ​នេះ​ទេ។ អាទិភាព​របស់​លោក​នា​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​របស់​លោក​លេង​បាន​ដ៏​ល្អ​បំផុត។

ទាំង Salah ទាំង Van Dijk ទាំង Arnold សុទ្ធ​តែ​ជា​កីឡាករ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ទម្រង់​លេង​របស់​ក្លឹប Liverpool ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន នា​មួយ​រយៈ​ពេល​ចុង​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អ្នក​ចាត់​ការ​លោក Jurgen Klopp ពី​ឆ្នាំ ២០១៥ ដល់​ពាក់​កណ្ដាល ២០២៤។ តាំង​ពី​មក​ចូល​រួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ ២០១៧ មក Salah លេង​សរុប ៣៥២ ប្រកួត និង​ស៊ុត​ចូល ២១៤ គ្រាប់។ ឯ Van Dijk បាន​បំពេញ​តួនាទី​ក្នុង​ទម្រង់​លេង​ការពារ​ល្អ តាំង​ពី​មក​បម្រើ​ការ​ឲ្យ​ក្លឹប​ពី​ឆ្នាំ ២០១៧។ ដោយ​ឡែក ខ្សែ​ការពារ​ស្លាប Arnold បាន​លេង​ឈុត​ធំ​ឲ្យ​ក្លឹប​តាំង​ពី ២០១៦ មក ហើយ​គិត​មក​ទល់​ពេល​នេះ កីឡាករ​អង់គ្លេស​លេង​សរុប ៣១៣ ប្រកួត និង​ស៊ុត​ចូល ១៩ គ្រាប់។

កង្វះ​ព័ត៌មាន​ពី​ក្លឹប​ហង្ស​ក្រហម​រឿង​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​ទាំង​បី​ខាង​លើ បង្ក​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​ខ្លះ​របស់ Liverpool រួម​ទាំង​សាម៉ី​ខ្លួន​កីឡាករ​ផ្ទាល់​ ជា​ពិសេស Salah និង Van Dijk។ ពួក​គេ​ចង់​ឲ្យ​ក្លឹប​បង្ហាញ​ភាព​ច្បាស់​លាស់​ទៅ​លើ​ជំហរ​របស់​ខ្លួន ថា​ត្រូវ​ទុក ឬ​មិន​ត្រូវ​ទុក​កីឡាករ​ ដើម្បី​ធានា​ដល់​ការ​គិតគូរ​យូរ​អង្វែង​អំពី​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ក្លឹប ក៏​ដូច​ជា​ផ្ដល់​ការ​គោរព​ដល់​កីឡាករ​ទាំង​បី​ដែល​សុទ្ធ​សឹង​រួម​ចំណែក​ដល់​ភាព​ជោគជ័យ​របស់​ក្លឹប​នា​ពេល​កន្លង​មក។

ទោះ​មាន​បញ្ហានេះ​ក្ដី ក្លឹប Liverpool កំពុង​បង្ហាញទម្រង់​លេង​ល្អនាដើមរដូវ​កាល Premier League នេះ។ ក្លឹប​លេង ៣ ប្រកួត ហើយ​ឈ្នះ​ទាំង ៣ ប្រកួតគិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី