• 2024-09-16 09:21:10
  • កីឡា​ផ្សេង​ៗ

ក្លឹប​តេក្វាន់ដូ ITF កោះកុង៖​ ជា​មោទកភាព​ចំពោះ​សិស្ស​ៗ​ដែល​បាន​គ្រូ​ធំ​ ប៉ាល់ ជីវ័ន​ មក​បង្ហាត់​ពង្រឹង​សមត្ថភាព​រយៈពេល​២ថ្ងៃ​

  • 2024-09-16 09:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​តេក្វាន់ដូ ITF ខេត្ត​កោះកុង​ លោក​ កែវ​ សំណាង​ ថា​ជា​មោទកភាព​សម្រាប់​សិស្ស​ និង​កីឡាករ​ថ្នាល់​ជំនាន់​ក្រោយ​ដែល​បាន​គ្រូ​ធំ​ដែល​សំបូរ​បទ​ពិសោធន​មក​បង្ហាត់​ដោយ​ផ្ទាល់​ពង្រឹង​សមត្ថភាព​នា​រយៈពេល​ ២ថ្ងៃ​នេះ។​

លោក​ កែវ​ សំណាង​ គ្រូ​បង្វឹក​ក្លឹប​តេក្វាន់ដូ​ ITF ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​ថា​ សិស្ស​គុន​ទាំង​ធំ​ទាំង​តូច​រំភើប​ និង​ត្រេកអរ​ជា​ខ្លាំង​ដែល​បាន​ជួប​អតីត​ជើង​ខ្លាំង​សំបូរ​បទ​ពិសោធ​ និង​ជា​គ្រូ​ជម្រើស​ជាតិ​ ប៉ាល់ ជីវ័ន​ ជា​ខ្លាំង។​ ពួកគេ​សប្បាយ​រីករាយ​ និង​ពេញ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ទទួល​បទ​ពិសោធន​ថ្មី​ដេល​គ្រូ​ធំ និង​សិស្សច្បង​ជម្រើស​ជាតិ​បាន​បង្ហាត់។​

ចំណែក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ ITF​ លើក​ឡើង​ថា​ ឆ្លើយតប​និង​ការ​អញ្ជើញ​របស់​លោក​ កែវ​ សំណាង​ ឲ្យ​មក​ជួយ​ពង្រឹង​សមត្ថភាព​ដល់​សិស្ស​គុន​ពិសេស​ថ្នាល​ៗ​នៅ​កោះកុង​ទើប​រូប​លោក​ និង​កីឡាករ​ជម្រើស​ជាតិ ៣នាក់​ទៀត​ឆ្លៀត​ចុះ​មក​ផ្ទាល់​រយៈពេល​២ថ្ងៃ។​

អតីត​ម្ចាស់​មេដាយ​មាស​ពិភពលោក​រូប​នេះ​បន្ថែម​ទៀត​ថា​ រយៈពេល​២ថ្ងៃ​នេះ​លោក​បាន​បង្ហាត់​ផ្ដោត​ខ្លាំង​នៅ​លើ​មេគុន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​ក្បាច់​តេក្វាន់ដូ​ ITF​ និង​បង្ហាត់​លើ​វិញ្ញាសារ​ប្រយុទ្ធ​ថែម​ទៀត​ផង​ដែរ។​ តាម​ការ​មើលឃើញ​របស់​លោក​ សិស្សៗ​នៅ​ខេត្ត​កោះកុង​នេះ​មាន​​ឆន្ទៈ​ខ្ពស់​ និង​ទេពកោសល្យ​ច្រើន​លើ​វិញ្ញាសា​មេគុន​ពិសេស​ភាគ​ច្រើន​ជា​នារី​ទៀត​ផង។​ ក្លឹប​ខេត្ត​កោះកុង​នេះ​បើ​ទោះ​ជា​ទើប​បង្កើត​រយៈពេល​ខ្លី​ក្ដី​ ប៉ុន្តែ​មាន​ការ​រីកចម្រើន​ខ្លាំង​ដោយ​មាន​សិស្ស​មក​ហាត់​ច្រើន​ និង​មាន​ការ​ទទួល​ស្គាល់​មក​អាណាព្យាបាល​រហូត​ថ្នាក់​ដឹកនាំ​ខេត្ត​តែងតែ​លើក​សរសើរ​អំពី​ការ​ឈ្នះ​មេដាយ​លើក​មុខមាត់​ជូន​ខេត្ត​នា​ពេល​កន្លង​មក។​

បញ្ជាក់​ដែរ​ថា​ ក្លឹប​តេក្វាន់ដូ​ ITF​ ខេត្ត​កោះកុង​បាន​អញ្ចើញ​លោក​គ្រូ​ ប៉ាល់​ ជីវ័ន​ និង​កីឡាករ​ជម្រើស​ជាតិ​ ៣រូប​ទៅ​បង្ហាត់​ពង្រឹង​សមត្ថភាព​ដល់​សិស្សៗ​គុន​នៅ​ទីនោះ​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤-១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី