• 2024-12-26 17:14:30
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ៖​ យើង​ពិត​ជា​លំបាក​ក្នុង​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ ប៉ុន្តែ​ការ​ខំប្រឹង​របស់​យើង​ថ្ងៃ​ណា​មួយ​គេ​នឹង​មើល​ឃើញ​

  • 2024-12-26 17:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ថា​ទម្រាំ​អាច​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​បាន​គឺ​ពិត​ជា​លំបាក​សម្រាប់​ម្នាក់ៗ​ និង​ត្រូវ​ជួប​​ប្រជុំ​បន្តបន្ទាប់​ពិសេស​ការ​ប្រមូល​ថវិកា​​ទ្រទ្រង់​តែ​ម្ដង​ យ៉ាងណា​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ប្រារឰ​រួចរាល់​ប្រកប​ដោយ​ជោគជ័យ​ផង​ដែរ។​

ទិដ្ឋភាពបិទការប្រកួត

លោក​ គួច​ ហុកជៀក​ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ទស្សនា​ផ្ទាល់​មើល​ឃើញ​ថា​ កីឡាករ​ កីឡា​ការិនី​ មាន​សមត្ថភាព​រីកចម្រើន​ជាង​មុន​​ និង​បាន​បង្ហាញ​ពី​បច្ចេកទេស​ ភាព​រហ័សរហួន​ដែល​បញ្ជាក់​ពី​ការ​ខំប្រឹង​ហ្វឹកហាត់​បាន​​ល្អ​ត្រឹមត្រូវ។​

ទិដ្ឋភាពបិទការប្រកួត

ឆ្លើយ​តប​ជា​មួយ​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា​ មុន​ឈាន​ដល់​ការ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ នេះ​សហព័ន្ធ​មាន​ផល​លំបាក​អ្វី​ខ្លះ? លោក​អនុប្រធាន​ខាង​លើ​បាន​និយាយ​ដោយ​មិន​លាក់លៀម​នោះ​ឡើយ​ ពោល​ពិត​ជា​លំបាក​មែន។​ ការ​លំបាក​ធំ​ជាង​គេ​នោះ​​គឺ​ការ​រក​ថវិកា​សម្រាប់​ទ្រទ្រង់​ការ​ប្រកួត​នេះ។​​

ទិដ្ឋភាពបិទការប្រកួត

គណៈកម្មាធិការ​ប្រតិបត្តិ​រួម​ទាំង​ថ្នាក់​ដឹកនាំ​ត្រូវ​ប្រជុំ​ជា​ច្រើន​លើក​ ខណៈ​ថវិកា​ដែល​ទទួល​បាន​នេះ​មួយ​ភាគ​បាន​មក​ពី​ការ​ប្រមូល​គ្នា​ក្នុង​សហព័ន្ធ​ហើយ​ក្រៅពី​នោះ​គឺ​លើ​ប្រធាន​ និង​អនុប្រធាន​តែ​ម្ដង។​ លោក​ គួច​ ហុកជៀក​ បន្ថែម​ទៀត​ថា​ ការ​ខំប្រឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​កើក​ឡើង​ទាំង​លំបាក​នេះ​ជឿជាក់​ថា​ថ្ងៃ​ណា​មួយ​នឹង​មាន​បណ្ដា​ក្រុមហ៊ុន​ឯកជន​តូច​-ធំ ពិសេស​អាច​ឈាន​ទទួល​ជា​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ រៀបចំ​ជើងឯក​ វគ្គ​បណ្ដុះបណ្ដាល​ ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដូច​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ដទៃ​ទៀត​ជា​មិន​ខាន។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរកីឡា​ហាប់គីដូ​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ជា​​លើក​ទី២​ កាល​ពី​ថ្ងៃ​ទី២១​ ដល់ ២២​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​ពិធី​បិទ​កា​រ​ប្រកួត​នោះ​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ គួច​ ហុកជៀក​ អនុប្រធាន​ និង​តំណាង​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​ដៃគូ​សហការ​ឧបត្ថម្ភ​ ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ឡារីតា​ ក្រុមហ៊ុន​ ISI។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្លឹប​ហាប់គីដូ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​សរុប​ ២៦​ មាស១២ ប្រាក់៧​ សំរឹទ្ធ៧។​ លេខ២​ ក្លឹប​ហាប់គីដូ​ធីណា​ ឈ្នះ​មេដាយ​សរុប​ ២២​ មាស៥​ ប្រាក់៩​ សំរឹទ្ធ៨។​ លេខ៣​ ក្លឹប​អូឡាំពិក​ ឈ្នះ​មេដាយ​សរុប​ ១៨​ មាស៤ ប្រាក់៣​ សំរឹទ្ធ១១៕​

ទិដ្ឋភាពបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី