• 2024-08-28 03:55:00
  • បាល់ទះ

ស្វែងយល់​ពី​ SEA V.League និង SEA V.League Challenge

  • 2024-08-28 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Southeast Asian Volleyball League ជាឈ្មោះពេញនៃ SEA V.League។ វាត្រូវបានបង្កើតដំបូងក្នុងឆ្នាំ២០១៧ ដែលមានឈ្មោះដើម ASEAN Grand Prix ហើយ​ចាប់ផ្ដើមប្រកួតជាផ្លូវការក្នុងឆ្នាំ២០១៩ មានតែក្រុមបាល់ទះជម្រើសជាតិនារី៤ប្រទេសប៉ុណ្ណោះ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម។

ថៃ​ម្ចាស់មេដាយមាស SEA V.League ឆ្នាំ២០២៤ជើងទី២នៅប្រទេសថៃ

ក្នុងឆ្នាំ២០១៩ ដដែល ASEAN Grand Prix (AGP) ត្រូវបានធ្វើឡើងនៅប្រទេសថៃ និងហ្វីលីពីនដោយក្រុមបាល់ទះជម្រើសជាតិនារីថៃ ជាក្រុមគ្រងមេដាយមាស​ទាំងពីរជើងតែម្ដង។

ក្នុងឆ្នាំ២០២២ ពានរង្វាន់ AGP ត្រូវបានធ្វើឡើងក្នុងប្រទេសថៃ ដោយក្រុមបាល់ទះជម្រើសជាតិនារីថៃឈ្នះមេដាយមាស ក្រោយទម្លាក់វៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ ចំណែកឥណ្ឌូនេស៊ីឈ្នះមេដាយសំរឹទ្ធិ ក្រោយឈ្នះហ្វីលីពីន។ នៅ​ឆ្នាំដដែលនេះក្រុមបាល់ទះផ្នែកបុរសត្រូវបានគ្រោងធ្វើក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ប៉ុន្តែការប្រកួតមិនបានកើតឡើងឡើយ។

ក្នុងឆ្នាំ២០២៣ ASEAN Grand Prix ត្រូវបានប្ដូរឈ្មោះទៅជា Southeast Asian Volleyball League (SEA V.League) ហើយការប្រកួតផ្នែកបុរសក៏បានចាប់ផ្ដើមជាផ្លូវការនៅឆ្នាំនេះដែរមាន៤ប្រទេសចូលរួម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម។ ម្ចាស់មេដាយមាសទាំងពីរជើងនៅវៀតណាមនិងថៃបានលើ ក្រុមជម្រើសជាតិបាល់ទះផ្នែកនារីថៃ ខណៈមេដាយមាសក្នុងការប្រកួតទាំងពីរជើងផ្នែកបុរស បានលើប្រទេសឥណ្ឌូនេស៊ី។

ក្នុងឆ្នាំ២០២៤ ការប្រកួតទាំងពីរជើងផ្នែកនារី ធ្វើឡើងនៅវៀតណាមនិងប្រទេសថៃ ម្ចាស់មេដាយមាសបានលើប្រទេសថៃ ខណៈការប្រកួតផ្នែកបុរសទាំងពីរជើងនៅហ្វីលីពីន និងថៃ មេដាយមាសបានលើប្រទេសថៃ។

ចុះពានរង្វាន់ថ្មី SEA V.League Challenge? ពានរង្វាន់ SEA V.League Challenge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដែលមានប្រទេសចំនួន៤ចូលរួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមឈ្នះ SEA V.League Challenge នឹងមានសិទ្ធិចូលរួមប្រកួតពាន SEA V.League ដើម្បីជំនួសក្រុងចំណាត់ចុងក្រោយនៃពាន SEA V.League។

សរុបជារួម SEA V.League ជាពានរង្វាន់បាល់ទះតំបន់អាស៊ីអាគ្នេយ៍ មានក្រុមនារីនិងបុរស មាន៤ប្រទេសចូលរួម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ចំណែក SEA V.League Challenge ជាពានរង្វាន់ជម្រុះនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបានសិទ្ធិទៅចូលរួមប្រកួត និងជំនួសក្រុមចុងក្រោយនៅពានធំ SEA V.League។ ការប្រកួតទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យបាល់ទះតាមតំបន់ក្នុងប្រទេសនីមួយៗ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី