• 2024-09-16 14:24:50
  • បាល់ទាត់

ថ្នាក់​ដឹកនាំ Bayern ពន្យល់​មូលហេតុ​ក្លឹប​លក់ De Ligt

  • 2024-09-16 14:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maximilian Michael Eberl នាយក​ចាត់​ការ​ទទួល​កិច្ចការ​កីឡា​នៃ​ក្លឹប Bayern Munich បាន​បក​ស្រាយ​អំពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​ក្នុង​ការ​ផ្ទេរ​ចេញ​កីឡាករ​ការពារ​វ័យ ២៥ ឆ្នាំ​ Matthijs de Ligt កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កន្លង​ទៅ។ នេះ​បើ​ទោះ​ជា​មាន​ញត្តិ​មួយ​ចំនួន​ពី​អ្នក​គាំទ្រ​ក្លឹប​ទាមទារ​ឲ្យ​ក្លឹប​កុំ​ឲ្យ​លក់​កីឡាករ​រូប​នេះ។

លោក Eberl បាន​បកស្រាយ​ថា​ នា​អំឡុង​ពេល​ដោះ​ដូរ​កន្លង​ទៅ ក្លឹប Bayern មាន​ការ​ចាំបាច់​ក្នុង​ការ​ផ្ទេរ​ចេញ​កីឡាករ ដោយ​មូលហេតុ​ហិរញ្ញវត្ថុ។ ដូច្នេះ ក្លឹប​ត្រូវ​ការ​សម្រេច​ចិត្ត​មួយ​រឿង​ថា​ត្រូវ​ទុក​កីឡាករ​ណា ហើយ​ផ្ទេរ​ចេញ​កីឡាករ​រូប​ណា។ ក្រោយ​គិត​គូរ​រួច​មក ក្នុង​តំបន់​ការពារ ក្លឹប​ក៏​បាន​សម្រេច​ចិត្ត​ថា ត្រូវ​ទុក​កីឡាករ​ Dayot Upamecano និង​កីឡាករ Kim Min-jae ព្រោះ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ការ​លេង​ការពារ​ជា​ពិសេស​នៅ​តំបន់​ភាគី​គូ​ប្រកួត។ ក្លឹប​ក៏​សម្រេច​ថា ត្រូវ​ផ្ទេរ De Ligt ចេញ។ នៅ​ពេល​នោះ ក្លឹប Manchester United ក៏​បាន​ដាក់​សំណើ​ផ្ទេរ​មក រួច​ក៏​ចរចា​គ្នា រួច​ក៏​ត្រូវ​គ្នា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ។ លោក Eberl បន្ថែម។

De Ligt បាន​មក​ចូល​រួម​ជាមួយ Manchester United កាល​ពី​ខែ​សីហា​កន្លង​ទៅ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៥៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

De Ligt ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​វាយ​តម្លៃ​ថា​គឺ​ជា​កីឡាករ​ការពារ​វ័យ​ក្មេង​ដ៏​ឆ្នើម​មួយ​រូប។ មុន​មក​លេង​ឲ្យ​បិសាច​ក្រហម De Ligt បាន​លេង​នៅ​ Bayern ចំនួន ២ រដូវ​កាល ពី​ឆ្នាំ ២០២២ ដល់ ២០២៤។ កីឡាករ​លេង​សរុប ៧៣ ប្រកួត និង​ស៊ុត​ចូល ៥ គ្រាប់។ ពី ២០១៩ ដល់ ២០២២ កីឡាករ​ហុល្លង់​លេង​ឲ្យ Juventus បន្ទាប់​ពី​លេង​បាន​បី​រដូវ​កាល​ឲ្យ​ឈុត​ធំ Ajax៕

ប្រភព៖ Yahoo អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី